Thursday, June 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានបុ.../កគ្នា ប៉ូលិសចរាចរណ៍ ឈ្លោះជាមួយប៉ូលិសព្រហ្មទណ្ឌ

ឡានបុ…/កគ្នា ប៉ូលិសចរាចរណ៍ ឈ្លោះជាមួយប៉ូលិសព្រហ្មទណ្ឌ

ភ្នំពេញ ៖ រថយន្តទំនើប ២គ្រឿង បានបើកបុកគ្នាពេញទំហឹង ត្រង់ផ្លូវបំបែកជាបួន បណ្តាលឱ្យខូចខាតរៀងខ្លួន លុះដោះស្រាយ ២ម៉ោង នៅតែមិនត្រូវគ្នា ក៏មានតំណាងភាគីម្ខាងបានចូលមកជួយដោះស្រាយ ដោយសំអាងថា ខ្លួនជាប៉ូលិសព្រហ្មទណ្ឌ និងទាមទារឱ្យប៉ូលិស ចរាចរណ៍ វាស់ជាតិអាល់កុល លើអ្នកបើកបរថយន្តម្ខាង ទៀត នៅនឹងកន្លែង តែប៉ូលិសចរាចរណ៍ មិនព្រមធ្វើតាម បង្កជាជម្លោះពាក្យសម្តី រវាងប៉ូលិសចរាចរណ៍ និងប៉ូលិសព្រហ្មទណ្ឌ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១និង៥០នាទី យប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងផ្លូវឧកញ៉ាម៉ុងឫទ្ធី ចំណុចស្តុប២៤ម៉ោង ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តទំនើប ១គ្រឿង ម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខ 2BJ-7253 បើកបរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ជាចំណុចស្តុបបំបែកជាបួន (ហៅស្តុប២៤ម៉ោង) ភ្លាមនោះ មានរថយន្តទំនើប ១គ្រឿងទៀត ម៉ាក Nissan NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា IM-KETYA បើកក្នុងល្បឿន យ៉ាងលឿនដូចគ្នា តាមបណ្តោយផ្លូវសម្តេចជាស៊ីម ក្នុងទិសដៅពីលិច ទៅកើត បានជ្រុលទៅបុករថយន្តម៉ាក Land Cruiser ពេញទំហឹង បណ្តាលឱ្យរថយន្តទាំងសងខាង ខូចខាតរៀងខ្លួនដោយរថយន្ត ម៉ាក Nissan NAVARA រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកភាគីរថយន្ត Land Cruiser រងការខូចខាតផ្នែកខាងក្រោយ។

ប្រភពដដែល បន្តថា បន្ទាប់ពីគ្រោះថ្នាក់ភ្លាមៗ អ្នកបើកបររថយន្តម៉ាក Nissan NAVARA មិនព្រមចុះពីរថយន្តទេ តែបានទាក់ទងទៅតំណាងឱ្យមកជួយដោះស្រាយ។ បន្ទាប់មក ភាគីខាងតំណាងរថយន្ត NAVARA បានសម្របសម្រួលជាមួយរថយន្តម៉ាក Land Cruiser តែការខូចខាតធ្ងន់ធ្ងរពេក ទើបភាគីទាំងសងខាង ចរចាមិនត្រូវគ្នា។

ចំណែកភាគីរថយន្ត Land Cruiser មានបុរសម្នាក់ ពាក់កាតនគរបាល និងអះអាងថាជាប៉ូលិសព្រហ្មទណ្ឌ បានទាមទារឱ្យសមត្ថកិច្ចវាស់ជាតិអាល់កុល លើអ្នកបើកបរ Nissan NAVARA នៅកន្លែងកើតហេតុ តែសមត្ថកិច្ចចរាចរណ៍ មិនធ្វើតាម ដោយប្រាប់ថា ចាំនាំទៅវាស់ជាតិអាល់កុល នៅអធិការដ្ឋាននគរបាលខណ្ឌ សែនសុខ ជាហេតុធ្វើឱ្យបុរសដែលអះអាងថា ជាប៉ូលិសព្រហ្មទណ្ឌ បានឈ្លោះប្រកែកពាក្យសម្តីគ្នាជាមួយប៉ូលិសចរាចរណ៍ ដោយភាគីប៉ូលិសព្រហ្មទណ្ឌ អះអាងថា កើតហេតុជាង ២ម៉ោង មិនព្រមវាស់ជាតិអាល់កុល អាចនាំឱ្យបាត់ភ័ស្តុតាង (លែងអាចវាស់ដឹងពីជាតិអាល់កុល) ណាមួយភាគីអ្នកបើកបររថយន្ត NAVARA បានឱ្យស្ត្រីម្នាក់ ឡើងមកអង្គុយកាន់ដៃចង្កូត ចង់ប្តូរក្រឡាស់ថា ខ្លួនមិនមែនជាអ្នកបើកបរ។ ប៉ុន្តែភាគីប៉ូលិសចរាចរណ៍ បានអះអាងថា សមត្ថកិច្ចបានមកកាន់កាប់និងគ្រប់គ្រងទីតាំងកើតហេតុតាំងពីដំបូង ព្រមទាំងមានកំណត់ហេតុរួចរាល់អស់ហើយ ហើយប៉ូលិសព្រហ្មទណ្ឌនោះ ក៏គ្មានសិទ្ធិអីមកបញ្ជាការងាររបស់គាត់ដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខ បានសម្រេចធ្វើការវាស់វែង និងអូសយករថយន្តទាំង២គ្រឿង ទៅរក្សាទុក រង់ចាំការដោះស្រាយតាមនីតិវិធី។ ចំណែកអ្នកបើកបររថយន្តទាំងសងខាង ក៏ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរផងដែរ៕

RELATED ARTICLES