ខេត្តព្រះវិហារ ៖ ទាហានកម្ពុជា មួយរូប ខណៈកំពុងឈរជើងការពារទឹកដីនៅតំបន់មុំបី ខេត្តព្រះវិហារ បានធ្លាក់ខ្លួនឈឺតែមួយយប់ លុះបញ្ជូនទៅដល់ដល់មន្ទីរពេទ្យ បាន៣ថ្ងៃ បានស្លាប់នៅមន្ទីរពេទ្យ ចោលប្រពន្ធកូន បន្សល់ទុកនូវការស្ដាយស្រណោះអាឡោះអាល័យពីក្រុមគ្រួសារ និងយុទ្ធមិត្តរួមអាវុធ ។

យោធិនដែលបាត់បង់ជីវិត មានឈ្មោះសោ វុទ្ធី អាយុ៤៨ឆ្នាំ មានតួនាទីជាមេបញ្ជការកងអនុសេនាតូចបស៊ើប ការណ៍ វរសេនាតូចអន្តរាគមន៍លេខ៣៩២ កងពលតូចអន្តរាគមន៍លេខ៩ បានទទួលមរណភាព នៅវេលាម៉ោង ៦:៣០នាព្រឹក នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ។ មានប្រពន្ធឈ្មោះយ៉ែម ចន្នី អាយុ៤១ឆ្នាំ និងមានកូនចំនួន២ នាក់ កូនស្រីច្បង អាយុ១៣ឆ្នាំ កូនទី២ អាយុ៩ឆ្នាំ នៅរៀនទាំងពីរនាក់ ។ បច្ចុប្បន្នសពបានតម្កល់ធ្វើបុណ្យនៅបញ្ជាការដ្ឋានវរសេនាតូចអន្តរាគមន៍លេខ៣៩២ ។

បើតាមស្រ្តីជាប្រពន្ធយោធិនខាងលើ បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ថា ការស្លាប់របស់ស្វាមីអ្នកស្រី បានធ្វើឲ្យអ្នកស្រី និងកូន មានការរន្ធត់តក់ស្លុត និងស្ដាយស្រណោះខ្លាំងណាស់ រកអ្វីមកប្រៀបផ្ទឹមពុំបានទេ ហើយក៏នៅនឹកមិនអស់ចិត្តដែរ ដែលការស្លាប់របស់ប្ដីនេះ លឿនសពេក គឺឈឺតែមួយយប់ និងយកទៅសង្រ្គោះនៅមន្ទីរពេទ្យ បាន៣យប់ ក៏ស្លាប់តែម្ដង ហើយក្រោយបាត់បង់ស្វាមី ជាទីស្រលាញ់នេះទៅ អ្នកស្រីនិងកូនមិនដឹងថាត្រូវរស់នៅទីពឹងអ្វីទេ ព្រោះរាល់ថ្ងៃសូម្បីតែផ្ទះ ក៏គ្មាននៅ គឺរស់នៅក្នុងបន្ទាយ ជាមួយប្ដី តែពេលអត់ពីប្ដីទៅ មិនអាចរស់នៅបន្ទាយបានទៀតទេ ត្រូវតែទៅរស់នៅកន្លែងផ្សេង ។

ជាមួយនឹងអារម្មណ៍សោកសៅ ស្ដាយស្រណោះប្ដី អ្នកស្រីយ៉ែម ចន្នី ជាប្រពន្ធ បានរំលឹកប្រវត្តិស្នេហា និងរឿងរ៉ាវជីវិតរបស់ក្រុមគ្រួសារអ្នកស្រីថា ប្ដីអ្នកស្រីមានស្រុកកំណើតនៅភូមិអូរស្ងើន ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកអ្នកស្រី មានស្រុកកំណើតនៅភូមិស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម ។ អ្នកស្រីនិងប្ដី បានរៀបការជាមួយគ្នា តាមប្រពៃណីខ្មែរ នៅក្នុងឆ្នាំ២០០៦ ។ ក្រោយរៀបការរៀបបាន ៣ឆ្នាំ នៅឆ្នាំ២០០៩ ប្ដីបានចូលបម្រើកងទ័ព នៅខេត្តព្រះវិហារ ហើយអ្នកស្រីតាមប្ដី មករស់នៅជាមួយលើទឹកដីថ្មីនេះដែរ ។ មកនៅបានជាច្រើនឆ្នាំ គ្រួសារអ្នកស្រី ទទួលបានផ្ទះដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៅភូមិទឹកក្រហម ឃុំរុងរឿង៥ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ មកដល់ឆ្នាំ២០១៦ ប្ដីរបស់អ្នកស្រីបានធ្លាក់ខ្លួនឈឺខ្លាំង ដោយពីដំបូងដួលក្អួតធ្លាក់ឈាម ហើយពេលពិនិត្យទៅ ពេទ្យប្រាប់ថា គាត់ដាច់ សរសៃឈាមក្នុងក្រពះ ។ ពេលនោះ ដោយជួបប្រទះការខ្វះខាតក្នុងជីវភាពខ្លាំង អ្នកស្រីក៏ដាច់ចិត្តលក់ផ្ទះដែលជាអំណោយរបស់សម្ដេចនោះ យកប្រាក់មកព្យាបាលប្ដី ប៉ុន្តែដោយផ្ទះលក់បានតែ ៤ពាន់ដុល្លារ តម្រូវឲ្យអ្នកស្រី លក់ប្រាក់ខែប្ដី ៣ឆ្នាំ ដើម្បីយកប្រាក់មកបង្រ្គប់ក្នុងការព្យាបាល ព្រោះអ្នកស្រីត្រូវប្រើលុយទិញឈាម យកមកបញ្ចូលឲ្យប្ដី អស់ជាច្រើនប្លោក និងប្រើថ្នាំចាក់ ថ្នាំលេបផង សរុបជាទឹកប្រាក់ទៅអស់ជាង ២ម៉ឺនដុល្លារ ប្ដីរបស់អ្នកស្រី ក៏បានជាសះស្បើយដូចដើមវិញ ក្រោយប្រើរយៈព្យាបាលអស់ ៦ខែ ។ បន្ទាប់មក អ្នកស្រីនៅតែបន្តយកប្ដីទៅតាមដានសុខភាព រៀងរាល់ ៣ខែម្ដង នៅមន្ទីរពេទ្យឯកជន ហើយក៏ឃើញថា ជំងឺរបស់គាត់មិនរើឡើងទេ គឺគាត់អាចធ្វើការជាធម្មតាបាន ។ នៅពេលប្ដីបានជាសះស្បើយហើយ ដោយអស់ផ្ទះនៅ ប្ដីអ្នកស្រីក៏នាំប្រពន្ធកូនមកជ្រកនៅក្នុងបន្ទាយ នៅក្នុងឆ្នាំ២០២៣ ហើយក៏បន្តបំពេញការងារជាទាហានដូចធម្មតា ។

អ្នកស្រីយ៉ែម ចន្នី បានរៀបរាប់បន្តថា មកដល់ខែឧសភា ឆ្នាំ២០២៥ ក្រោយពេលមានការប៉ះទង្គិចដោយអាវុធជាមួយទាហានថៃ ប្ដីរបស់អ្នកស្រី បានប្រចាំការនៅសមរភូមិជួរមុខ តំបន់មុំបី ដោយមិនឃើញថា មានជំងឺធ្វើទុក្ខអ្វីទេ គឺសុខភាពនៅល្អដូចដើម ។ ប៉ុន្តែនៅវេលាម៉ោង១២រំលងអធ្រាត ឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ខាងទាហានដូចគ្នា បានទូរស័ព្ទមកប្រាប់អ្នកស្រីថា ប្ដីរបស់អ្នកស្រី កើតអាការក្អួតឈាម ត្រូវការបញ្ចូលឈាមជាបន្ទាន់ ។ ដូច្នេះនៅព្រឹក ថ្ងៃដដែលនោះ គេក៏បញ្ជូនគាត់មន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប ដើម្បីសង្រ្គោះជីវិត ដោយការបញ្ចូលឈាម តែដោយនៅមន្ទីរពេទ្យនេះ អត់មានឈាមបញ្ចូល គេក៏បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយអ្នកស្រីក៏បានតាមទៅមើលប្ដី ដោយក្ដីបារម្ភបំផុត ។ ពេលនោះគ្រូពេទ្យប្រាប់ថា អាការក្អួតឈាមរបស់គាត់បណ្ដាលឲ្យឈាមច្រាលចូលក្នុងក្រពះ និងសួត មិនអាចសង្រ្គោះបាន គឺពេលបញ្ចូលឈាមហើយ នៅទីថ្ងៃទី៩ខែមិថុនា គាត់ធ្វើទុក្ខខ្លាំង ស្ទះសរសៃឈាម គាំងបេះដូង ទោះគ្រូពេទ្យខំធ្វើចលនាឈាមបេះដូង ឲ្យយ៉ាងណា ក៏ឈាមច្រាលចូលសួត និងក្រពះ បណ្ដាលឲ្យបាត់ជីវិតនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៦ ។ ចំពោះការព្យាបាលអត់អស់លុយទេ ព្រោះគាត់ជាកងទ័ពជួរមុខ តែនៅតែមិនអាចជួយឲ្យប្ដីរស់បាន ផ្ទុយកាលពីឆ្នាំ២០១៦ អ្នកស្រីព្យាបាលប្ដី អស់ជាង២ម៉ឺនដុល្លារ តែបានជួយឲ្យប្ដីរបស់អ្នកស្រីបានជាសះស្បើយ ។
ភ្ជាប់ជាមួយការរៀបរាប់ខាងលើ ស្រ្តីជាប្រពន្ធនាយទាហានពលី បានអំពាវនាវសប្បុរសជន មេត្តាជួយឧបត្ថម្ភដល់គ្រួសាររបស់អ្នកស្រីផង ព្រោះអត់ពីប្ដីទៅ គាត់មិនដឹងទៅពឹងអ្នកណាទេ ជាពិសេសប្រឈមនឹងការអត់ផ្ទះនៅ ។

អ្នកស្រីយ៉ែម ចន្នី ថ្លែងថា “ខ្ញុំស្ដាយត្រង់ថា ពីមុន ខ្ញុំមើលគាត់អស់រាប់ម៉ឺនដុល្លារ ហេតុអីគាត់មិនទៅចោលខ្ញុំ? តែពេលនេះគាត់ត្រូវបានទទួលការព្យាបាលដោយមិនអស់លុយ និងមានឈាមបញ្ចូលគ្រប់គ្រាន់ ព្រមទាំងមានយកចិត្តទុកដាក់ពីគ្រូពេទ្យ យ៉ាងពេញលេញទៀត ហេតុអីគាត់ស្លាប់? ធ្វើឲ្យខ្ញុំទប់អារម្មណ៍មិនបានទេ ខ្ញុំសោកស្ដាយខ្លាំងណាស់ គាត់ទៅលឿនពេក ។ អ្វីដែលតប់ប្រមល់នោះ ខ្ញុំនិងកូន មិនដឹងថាត្រូវទៅរស់នៅឯណាទេ គឺទាល់តែបុណ្យ៧ថ្ងៃគាត់ហើយ បានខ្ញុំគិតចេញ តែឥឡូវនេះ ខ្ញុំគិតមិនចេញទេ មិនដឹងថាទៅនៅឯណាទេ ព្រោះមិនអាចនៅបន្ទាយនេះបានទៀតទេ ព្រោះយើងអស់ជាកងទ័ពហើយ ។ ម្យ៉ាងទៀត ក្រោយគាត់ស្លាប់ទៅ ខ្ញុំគ្មានសល់ទ្រព្យសម្បត្តិអ្វីទេ គឺមានតែប្រាក់ខែគាត់ (១៦០ម៉ឺនរៀល ក្នុង១ខែ) តែប្រាក់ខែ មិនទាន់ដាច់ក្នុងការលក់ឲ្យគេទេ ព្រោះពេលគាត់នៅរស់ គាត់បានលក់ប្រាក់ខែនេះ យកលុយមកមើលខ្ញុំវិញដែរ ហើយពេលដែលកូនឈឺ ក៏គាត់ត្រូវលក់ប្រាក់ខែបន្តទៀតដែរ គឺប្រាក់ខែគាត់ ត្រូវលក់មើលប្រពន្ធ មើលកូន ។ ខ្ញុំសូមអំពាវនាវឲ្យសប្បុរសជន ជួយខ្ញុំផង ខ្ញុំគ្មានអីទេ ខ្ញុំមានតែខ្លួនទេ ឥឡូវអត់ពីប្ដីទៀត ខ្ញុំមិនដឹងថាទៅនៅឯណាទេ ព្រោះកាលប្ដីនៅទៅ យើងបានទីជម្រកនៅបន្ទាយ ឥឡូវប្ដីខ្ញុំទៅចោលខ្ញុំហើយ“ ។
ការស្លាប់របស់លោកសោ វុទ្ធី មិនត្រឹមតែធ្វើក្រុមគ្រួសាររបស់លោកត្រូវបាត់ស្វាមីម្នាក់ និងឪពុកដ៏ល្អម្នាក់ទេ ប៉ុន្តែពលទាហានដែលនៅក្រោមឱវាទរបស់លោកក៏ត្រូវបាត់បង់មេបញ្ជាការដ៏ល្អម្នាក់ផងដែរ ។

លោកស៊ុន ឈឿត បានចូលរួមរំលែកទុក្ខក្រៀមក្រំ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ថា “ប្អូនសូមចូលរួមសោកស្តាយចំពោះបងអនុសេនីយ៍ត្រី សោ វុទ្ធី មេបញ្ជាការកងអនុសេនាតូចស៊ើបការណ៍ វរៈសេនាតូចអន្តរាគមន៍លេខ៣៩២ កងពលតូចអន្តរាគមន៍លេខ៩ បងប្រុសឈឺតែមួយយប់សោះ បញ្ជូនដល់មន្ទីរពេទ្យបែរជាទៅចោលប្អូនគ្មានលាប្អូន និងមិត្តរួមអាវុធមួយម៉ាត់សោះ។ បងជានាយទាហានម្នាក់ក្លាហាន ឈរជើងនៅខ្សែរត្រៀមជួរមុខ តំបន់មុំបី…។ ខ្ញុំអាណិតគាត់ខ្លាំងណាស់ គាត់ជាមនុស្សល្អ មិនគួរជួបរឿងបែបនហ្នឹងទេ…” ។

ជាមួយនេះដែរ លោកព្រំ វុទ្ធី យុទ្ធមិត្តម្នាក់ទៀត បានបង្ហាញអារម្មណ៍សោកស្ដាយ នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃដដែលនោះថា “ក្នុងនាមជាមិត្តរួមអាវុធ ពិតជាសោកស្តាយខ្លាំងណាស់ ដោយបេសកកម្ម (សមរភូមិមុខមុំបី កម្ពុជា-ថៃ) យើងមិនទាន់បានបញ្ចប់ផង ទៅដោយមិនបានលាមួយមាត់សោះ សូមវិញ្ញាណក្ខន្ធមិត្ត ទៅកាន់សុគតិផងចុះ!“ ៕ កុលបុត្រ