ខេត្តសៀមរាប ៖ បុរសម្នាក់ ជាថៅកែគ្រឿងសំណង់ ផឹកស្រាស្រវឹង រអិលជើងធ្លាក់ពីលើផ្ទះវីឡារបស់ខ្លួន ដែលមានកម្ពស់ជាង៧ម៉ែត្រ បណ្តាលឱ្យបោកក្បាលស្លាប់ រហូតដល់ព្រឹកឡើង ទើបក្រុមគ្រួសារបានដឹង និងប្រទះ ឃើញ ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្នុងបរិវេណផ្ទះវីឡា ១កន្លែង ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។
ជនរងគ្រោះ មានឈ្មោះឡៅ ឡឹង ភេទប្រុស អាយុ៤៨ឆ្នាំ (ឆ្នាំកំណើតថ្ងៃទី៣ មិថុនា ឆ្នាំ១៩៧៧) មុខរបរថៅកែលក់គ្រឿងសំណង់ ទីកន្លែងកំណើត នៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកចក បានទទួលសេចក្តីរាយការណ៍ពីក្រុមគ្រួសារលោកឡៅ ឡឹង ថាបានប្រទះឃើញលោកឡៅ ឡឹង ដេកស្លាប់ផ្កាប់មុខ នៅក្នុងបរិវេណផ្ទះវីឡារបស់ខ្លួន សង្ស័យថាធ្លាក់ពីលើផ្ទះ។
ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានករណីនេះភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅខាងជំនាញចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យទីតាំងកើតហេតុ ឱ្យបានច្បាស់លាស់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា តាមការស្រាវជ្រាវរបស់សមត្ថកច្ចិជំនាញ និងយោងតាមវីដេអូកាមេរ៉ាសុវត្ថិភាព នៅផ្ទះរបស់ជនរងគ្រោះ បានបង្ហាញថា ជនរងគ្រោះ បានធ្លាក់ចុះពីលើផ្ទះ នៅវេលាម៉ោង ១០និង៥៧នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ តាមការសន្និដ្ឋានបឋម ជនរងគ្រោះអាចផឹកស្រាស្រវឹង រួចរអិលជើងធ្លាក់ពីលើផ្ទះកម្ពស់៧,២ម៉ែត្រ ចុះមកក្រោម ដោយខ្លួនឯង បណ្តាលឱ្យបោកក្បាលផ្កាប់មុខលើកការ៉ូឡា ទីធ្លាក្នុងបរិវេណផ្ទះវីឡារបស់ខ្លួន ស្លាប់នៅនឹងកន្លែងតែម្តង។

សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕