Friday, June 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងអត់បាយស៊ី ដុ.../តផ្ទះចោល

ខឹងអត់បាយស៊ី ដុ…/តផ្ទះចោល

ខេត្តកំពង់ស្ពឺ ៖ កូនប្រុសកំណាចម្នាក់ ត្រឡប់មកពីដើរលេងវិញ ឃ្លានបាយ ក៏ដើរទៅរកបាយស៊ី លុះបើកឆ្នាំងបាយ តែមិនឃើញមានបាយ ព្រោះឪពុកម្តាយរវល់ចេញទៅធ្វើការ មិនទាន់ត្រឡប់មកផ្ទះវិញ ស្រាប់តែមួម៉ៅក្តៅចិត្ត បោកកម្ទេចចានឆ្នាំងចោលអស់ រួចធ្វើសកម្មភាពដុតផ្ទះចោល បង្កឱ្យផ្អើលដល់អ្នកជិតខាង រាយ ការណ៍ប្រាប់សមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេល រួចក៏ចាប់វាយខ្នោះជនបង្កហេតុ យកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសដុតផ្ទះម្តាយចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិត្រពាំងត្រយឹង ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ។

ជនដៃដល់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសាំង តុលា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំត្រយឹង ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ។ ចំណែកផ្ទះដែលរងការឆាបឆេះ មានទំហំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ សង់អំពីឈើ ប្រក់ដំបូលក្បឿង ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ កប បាន់ ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកម្មករចិញ្ចឹមជ្រូក (ត្រូវជា ម្តាយបង្កើតរបស់ជនដៃដល់) មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជនដៃដល់ ឈ្មោះសាំង តុលា គឺជាមុខសញ្ញាប្រើប្រាស់នូវសារធាតុញៀន និងមិនមានការងារអ្វីធ្វើនោះទេ នៅតែផ្ទះ និងដើរលេងស៊ីផឹក ជក់ថ្នាំញៀនជាប្រចាំ។ មុនពេលកើតហេតុ ជនរងគ្រោះជាឪពុកម្តាយ បានចាកចេញទៅធ្វើការនៅរោងចិញ្ចឹមជ្រូក ដូចសព្វដង ចំណែកជនដៃដល់ជាកូនប្រុស ឈ្មោះសាំង តុលា នៅផ្ទះ តែម្នាក់ឯង លុះមកដល់វេលាម៉ោងកើតហេតុ ខណៈដែលជនដៃដល់ ត្រឡប់មកពីដើរលេង ឃ្លានបាយ ក៏ដើរទៅបើកឆ្នាំង រកបាយស៊ី តែមិនឃើញមានបាយ ព្រោះឪពុកម្តាយ មិនទាន់ត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែកូនប្រុសកំណាចនេះ ខឹងសម្បា ក៏ធ្វើសកម្មភាពបោកកម្ទេចចានឆ្នាំង រួចដុតផ្ទះចោលតែម្តង។

ប្រភពដដែល បន្តថា បន្ទាប់ពីកើតហេតុភ្លាមៗ អ្នកជិតខាង បានប្រទះឃើញមានផ្សែងខ្មួលខ្មាញ់ហុយចេញពីផ្ទះខាងលើ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ ហើយបន្ទាប់ពីទទួលបានសេចក្តីរាយ ការណ៍ភ្លាម សមត្ថកិច្ចមូលដ្ឋាន និងជំនាញពន្លត់អគ្គិភ័យ សហការជាមួយប៉ុស្តិ៍ពោធិ៍ចំរើន បានចុះដល់កន្លែងកើតហេតុ និងធ្វើអន្តរាគមន៍ជួយពន្លត់ទាន់ពេលវេលា ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ ១រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយផ្ទះខាងលើ រងការខូចខាតប្រមាណ២៥ភាគរយ និងឆេះសម្ភារៈប្រើប្រាស់ ក្នុងផ្ទះ មួយចំនួនប៉ុណ្ណោះ។

សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពដុតផ្ទះម្តាយខ្លួនឯងរួចហើយ ជនដៃដល់ជាកូនប្រុស បានរត់គេចខ្លួនបាត់។  រហូតដល់វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃដដែល ទើបកម្លាំងជំនាញព្រហ្មទណ្ឌ ឃាត់ខ្លួនជនដៃដល់ជាកូនប្រុសបាន និងដកហូតវត្ថុតាង ដែកកេះ ពណ៌ក្រហម ចំនួន១ រួចយកមកសាកសួរនៅអធិការ ដ្ឋានស្រុកបសេដ្ឋ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាកូនប្រុស ឈ្មោះសាំង តុលា បានព្យាយាមឆ្លើយបដិសេធថា ខ្លួនមិនបានដុតផ្ទះនោះទេ តែបានសារភាពថា ខ្លួនបានបំផ្លាញបំផ្លិចបំផ្លាញបោកចាន ឆ្នាំង ប្រាកដមែន។ មូលហេតុដោយ សារតែខឹងឪពុកម្តាយនិងបងប្អូន មិននៅផ្ទះ មិនដាំបាយស៊ី ។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES