ភ្នំពេញ ៖ តារាចម្រៀង ឈិន ស្រីពេជ្រ ហៅឈិន ម៉ានិច្ច ធ្លាប់ត្រូវបានអ្នករួមអាជីពខ្សឹបខ្សៀវគ្នាថា នាងនិងអ្នកមេម៉ាយ ពេជ្រ សូលីកា អត់សូវត្រូវគ្នា ហើយមិនដែលនិយាយរកគ្នាទេ បើទោះជាធ្លាប់ច្រៀងនៅហង្សមាស ជាមួយគ្នាក្ដី គឺជួបមុខគ្នា ដើរគេចរៀងៗខ្លួន… ។


យ៉ាងណាអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ស្រាប់តែក្នុងពិធីមង្គលការទេព បូព្រឹក្ស-ងួន ចាន់ដេវីត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ឈិន ម៉ានិច្ច និងពេជ្រ សូលីកា បានឱបរឹតគ្នាថតរូប ប្រៀបដូចអ្នកដែលស្រលាញ់និងជិតដិតគ្នាបំផុត ។ មិនត្រឹមតែអ្នករួមអាជីពទេដែលភ្ញាក់ផ្អើល តែរូបភាពនោះក៏ត្រូវបាន Fan ទាំងសងខាង របស់តារាទាំងពីរ តាមដានខ្លាំងដែរ ហើយច្បាស់ណាស់ថា ពាក្យចចាមអារ៉ាមទាំងឡាយ ដែលថាពួកគេអត់ត្រូវគ្នានោះ អាចបន្សាបបានខ្លះជាមិនខាន ។ ប៉ុន្ដែមហាជនរង់ចាំមើលថា ម៉ានិច្ច និងសូលីកា ឱបគ្នាតែពេលជួបគ្នាកម្មវិធីខាងលើ ឬមួយពេលតារាទាំងពីរជួបគ្នានៅតាមកម្មវិធីផ្សេងៗទៀត នៅតែល្អូកល្អិនគ្នាបែបនេះទៀត?


ឈិន ម៉ានិច្ច ទើបវិលមកដល់ស្រុកកំណើតវិញ បានជាងមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយពីហោះទៅច្រៀងសម្ដែងនៅអាមេរិក ដល់ទៅ១ខែកន្លះ ខណៈដែលប្រុសៗនៅទីនោះ ចង់ឃាត់ដំណើរឲ្យនាង ពន្យារពេលមកវិញយ៉ាងណា ក៏នាងមិនព្រមជាដាច់ខាត។ តារាវ័យ៣១ឆ្នាំ រូបនេះមិនដែលបណ្ដើរសង្សារចាស់ដែលធ្លាប់តែជូននាងទៅប្រលងចម្រៀង និងច្រៀងតាមឆាកតន្រ្ដី តាមស្ថានីយទូរទស្សន៍ មុនពេលនាងល្បីនោះទេ ប៉ុន្ដែនៅថ្ងៃមង្គលការសុភ័ក្រ្ដ កុសុម៉ា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ នាងបែជាបណ្ដើរសង្សារថ្មី ដោយបើកចំហទៅវិញ ។ ប្រភពខ្លះថា ម៉ានិច្ច មានជម្រើសស្នេហាច្រើនហើយ ក្នុងចំណោមនោះ មានតែប្រុសម្នាក់ មានទាំងអំណាច ទាំងទ្រព្យស្ដុក វ័យក្បែ៦០ឆ្នាំទេ ដែលតាមស្នេហានាងស្អិតជាងគេ …។


សូមបញ្ជាក់ថា ឈិន ម៉ានិច្ច ម្ចាស់ពាន Cambodian Idol រដូវកាលទី២ ជ្រកនៅហង្សមាស ៩ឆ្នាំហើយ និងពេលនេះ គ្មានដំណឹងនាងដើរចេញពីផលិតកម្មធំនេះទេ ទោះជាតារាល្បីៗរបស់ផលិតកម្មនេះ សម្រុកចេញសឹងអស់ទៅហើយក្ដី ។ ប្រភពខ្លះថា ម៉ានិច្ច នៅតែស្ថិតក្នុងគម្រោងរបស់ថៅកែផលិតកម្ម ដែលចង់ឲ្យនាងបន្ដចាប់ដៃជាមួយលោកនី រតនា ព្រោះនាងក៏មិនធ្លាប់ប្រតិកម្មរឿងគ្មានបទច្រៀង ឬចង់រត់ចោលផលិតកម្មនេះឡើយ ។ ប៉ុន្ដែការច្រៀងតែបទស្លូវ ស្ទើតែទាំងស្រុង មិនព្រមហាត់ក្បាច់រាំ និងវិវឌ្ឍខ្លួនមកបង្កើតក្រុមរាំ ដូចតារាល្បីៗផ្សេងៗទៀតនោះ ធ្វើឲ្យម៉ានិច្ច ពិបាកប្រជែងជាមួយតារាខ្លាំងៗដទៃទៀត ។ ប៉ុន្តែអ្វីដែលគេកត់សម្គាល់ នាងជាតារាម្នាក់ដែលអាចច្រៀងបទមរតកដើម បានយ៉ាងពីរោះ ហេតុនេះទោះ ជាគ្មានបទថ្មីៗចេញគ្រប់គ្រាន់លើទីផ្សារ ក៏ស្រីស្រអែមស្រស់រូបនេះ នៅតែមានទីផ្សារសិល្បៈ យូរអង្វែងដែរ តាមរយៈការច្រៀងតាមបណ្ដាកម្មវិធីនានា របស់ក្រុមហ៊ុន Agency ទាំងឡាយ រួមទាំងការទៅរកលុយនៅក្រៅប្រទេស ជាដើម ។


មហាជនកត់សម្គាល់ថា ឈិន ម៉ានិច្ច ក្រោយលើពាន រយៈពេលជិត ១០ឆ្នាំ ពេលនេះនាងសន្សំលុយបានច្រើន ពីអាជីពសិល្បៈ ហើយក៏សម្រេចក្ដីសុបិនធំៗដែរ ដូចជាទិញបានផ្ទះ១ល្វែង, ទិញរថយន្ដទំនើប Jeep Rubicon និង Lexus LX 570 រួមទាំងបើកហាង Manich Beauty Spa នៅក្បែរផ្សារចាស់ ជាដើម ។ ទស្សនិកជនរង់ចាំមើលថា ម៉ានិច្ច និងសូលីកា ក្រោយឱបគ្នាជាចំហ ធ្វើឲ្យពាក្យចចាមអារ៉ាមទាំងឡាយ ត្រូវបានបន្សាបមកនេះ តើម្នាក់ណារៀបការប្ដីមុន?…៕
