ភ្នំពេញ ៖ ផ្ទះជួសជុលម៉ាស៊ីនត្រជាក់ និងលក់កាហ្វេ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាទៀបភ្លឺ ខណៈដែលម្ចាស់ផ្ទះកំពុងដេកលង់លក់ លុះទម្រាំភ្ញាក់ដឹងខ្លួន ភ្លើងបានឆាបឆេះពេញបន្ទុកទៅហើយ រកច្រកចេញមិនឃើញ ទីបំផុតក៏ត្រូវភ្លើងឆេះស្លាប់ទាំងអស់ ១គ្រួសារ ៤នាក់ (ឪពុកម្តាយនិងកូនស្រីតូច២នាក់)។

ហេតុការណ៍គ្រោះអគ្គិភ័យដែលបានផ្តាច់ជីវិតជនរងគ្រោះ១គ្រួសារនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង ៥និង០៥នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះជួលជុលម៉ាស៊ីនត្រជាក់ និងលក់កាហ្វេ ១កន្លែង ស្ថិតនៅតាមផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ផ្ទះដែលរងការឆាបឆេះនេះ ជាប្រភេទផ្ទះថ្មក្រោម លើស័ង្កសី មានទំហំ ៥ម៉ែត្រ គុណនឹង ២០ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ ហេង សុវណ្ណខយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ មានសមាជិកស្នាក់នៅសរុបចំនួន៤នាក់ (ប្តីប្រពន្ធ និងកូនស្រី២នាក់ ក្នុងនោះកូនស្រីពៅ ទើបនឹងមានអាយុ៩ខែប៉ុណ្ណោះ)។

ក្រុមគ្រួសារជនរងគ្រោះ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះអគ្គិភ័យដ៏កំណាចនេះ រួមមាន ៖ ទី១-ឈ្មោះហេង សុវណ្ណខយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ (ត្រូវជាឪពុក)។ ទី២-ឈ្មោះប៊ុត ពុធ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់កាហ្វេ (ត្រូវជាម្តាយ)។ ទី៣-ឈ្មោះឃឿង ខយបុត្រី ភេទស្រី អាយុ១០ឆ្នាំ (ត្រូវជាកូន) និងទី៤-ឈ្មោះឃឿងខយ សុវណ្ណម៉ី ភេទស្រី អាយុ៩ខែ (ត្រូវជាកូន)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៥និង០៥នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ គេឃើញមានអណ្តាតភ្លើងបានឆាបឆេះចេញពីផ្ទះជួសជុលម៉ាស៊ីនត្រជាក់ខាងលើ ដែលម្ចាស់ផ្ទះ មិនទាន់ក្រោកពីដេក និងបើកទ្វាររកស៊ីនៅឡើយ។ ភ្លាមនោះ ប្រជាពលរដ្ឋក្បែរខាង ប្រញាប់រាយ ការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងទាក់ទងទៅសមត្ថកិច្ចជំនាញអគ្គិភ័យ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍ភ្លាមៗ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ នគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នង ការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១១គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើនឹង ២២ម៉ែត្រគូប និងរថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៨ម៉ែត្រគូប។ ចំពោះសំណង់រងគ្រោះខាងលើនេះ គឺជាប្រភេទថ្មក្រោម លើស័ង្កសី ទំហំ ៥ម៉ែត្រ គុណនឹង ២០ម៉ែត្រ ឆេះខូចខាតអស់ទាំងស្រុង និងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ករណីអគ្គិភ័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅម៉ោង ៦និង០៥នាទីព្រឹក ថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលឱ្យមនុស្ស ចំនួន៤នាក់ បានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងភ្នក់ភ្លើង ដោយសារតែទីតាំងកើតហេតុខាងលើ ជាទីតាំងជួសជុលម៉ាស៊ីនត្រជាក់ និងបានដាក់សម្ភារៈពេញច្រកមុខផ្ទះ ដែលជាហេតុធ្វើឱ្យម្ចាស់ផ្ទះ ពិបាករត់ចេញមកក្រៅបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបរបររកស៊ីទាំងអស់ ត្រូវតែធ្វើយ៉ាងណា កុំដាក់សម្ភារៈពេញច្រកមុខផ្ទះ និងត្រូវមានទ្វារក្រោយ សម្រាប់ការរត់គេចចេញ នៅពេលមានហេតុការណ៍ចាំបាច់ណាមួយកើតឡើង។

សាកសពជនរងគ្រោះទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕