ខេត្តកំពង់ចាម ៖ ឃ្លាំងស្តុកស្រាបៀរ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងយប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍សុំអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ទឹកពន្លត់ភ្លាមៗ ដោយប្រើប្រាស់ ទឹកអស់ចំនួន៧ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង២៥នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងស្តុកស្រាបៀររបស់លោក ញ៉ វេង ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម។

តាមប្រភពសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មានករណីអគ្គិភ័យឆេះឃ្លាំងស្រាបៀរ ស្ថិតនៅចំណុចភូមិជ្រោយថ្ម មកកាន់លោកវរសេនីយ៍ឯក អ៊ឹង ប៊ុន អធិការនគរ បាលក្រុងកំពង់ចាម ភ្លាមៗនោះក៏បានដឹកនាំកម្លាំងរបស់ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម សហការជាមួយកម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះខេត្តដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការរងនគរបាលខេត្តលោកលី សុវណ្ណ អភិបាលក្រុងកំពង់ចាម បញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យនៃអធិការ ដ្ឋាននគរបាលក្រុង ដែលប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង រួមទាំងរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿង ចេញទៅបាញ់ទឹកពន្លត់ជាបន្ទាន់។

ប្រភពដដែល បន្តថា នៅក្នុងប្រតិបត្តិការនេះ ដោយទទួលបញ្ជាពីឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរ បាលខេត្ត បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ១គ្រឿងទៀត ចេញមកជួយបាញ់ទឹកពន្លត់ផងដែរ។

ក្រោមការយកចិត្តទុកដាក់ពីសំណាក់កម្លាំងចម្រុះ ក្នុងស្មារតីសាមគ្គីភាព ដោយបានបាញ់ទឹកពន្លត់លើភ្លើងដែលកំពុងឆាបឆេះនោះ រហូតរលត់ទាំងស្រុង នៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃដដែល។ ប្រតិបត្តិការនេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ៤គ្រឿង រួមមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ចំនួន ១គ្រឿង ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន៧រថយន្ត។ ចំពោះមូលហេតុ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីអំពូលអគ្គិសនី។

សមត្ថកិច្ច បានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបណ្តាលឱ្យភ្លើងឆេះរាលដាលទៅផ្ទះប្រជាពលរដ្ឋ ឬបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ៕