Sunday, June 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងដុ.../តសំរាមលេង រាលឆេះអស់៦ពាន់ដុល្លារ

ក្មេងដុ…/តសំរាមលេង រាលឆេះអស់៦ពាន់ដុល្លារ

ខេត្តកណ្តាល ៖ ក្មេង១ក្រុម បានប្រមូលសំរាមដុតលេង បណ្តាលឱ្យឆេះរាលដាលដល់បារ៉ែតធ្វើពីឈើ និងជ័រ សម្រាប់កល់ទំនិញ និងបានរាលឆេះទំនិញមុខផ្ទះប្រជាពលរដ្ឋថែមទៀត បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ទៅបាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចដីឡូត៍ ភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ករណីអគ្គិភ័យនេះ មុនពេលកើតហេតុ មានក្មេងប្រុសស្រី ចំនួន២នាក់ ទី១-ឈ្មោះហ៊ន រស្មី ភេទប្រុស អាយុ៩ឆ្នាំ និងទី២-ឈ្មោះមុត ស្រីនិច ភេទស្រី អាយុ៧ឆ្នាំ បាននាំគ្នាយកសំរាមមកដុតលេង ស្របពេលនោះ មានខ្យល់បក់បោកអណ្តាតភ្លើង ឆេះរាលដាលដល់បារ៉ែត ធ្វើពីឈើ និងជ័រ សម្រាប់កល់ទំនិញ យ៉ាងសន្ធោសន្ធៅ ដែលមានម្ចាស់ឈ្មោះហ៊ាង ម៉េងហួរ ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅ ភូមិត្រពាំងភូមិ ឃុំពលក ស្រុកអង្គស្នួល ខេត្តកណ្តាល បណ្តាលឱ្យខូចខាតសម្ភារៈ រួមមាន បារ៉ែតឈើ ចំនួន៦០០បារ៉ែត បារ៉ែតជ័រ ចំនួន៥០០បារ៉ែត និងកងឈើចំនួន ១០០០កង សរុបជាទឹកប្រាក់ ចំនួន ៦០០០ដុល្លារ។

លោកអធិការ បន្តថា បន្ទាប់មក ភ្លើងបានរាលដាលដល់សម្ភារៈដែលមាននៅមុខផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យមានការខូតខាតសម្ភារៈមួយចំនួន រួមមាន ម៉ាស៊ីនបោកខោអាវ ចំនួន១គ្រឿង កញ្ចក់បង្អួច ចំនួន២ តង់ជ័រ ចំនួន៣តង់ ធុងទឹកកក ចំនួន១ រោងមាន់ ទំហំ ២ម៉ែត្រ គុណនឹង ៣ម៉ែត្រ (ឆេះខូតខាតទាំងស្រុង)។

លោកអធិការ បានបញ្ជាក់ថា សំណាងល្អ នៅក្នុងហេតុការណ៍នេះ មិនបណ្តាលឱ្យអ្នកម្នាក់របួសនោះទេ និងបានរលត់ទាំងស្រុង នៅវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន និងប្រើប្រាស់កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពើក កម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល ប្រជាកាពារ និងប្រជាពលរដ្ឋ ចំនួន៥៧នាក់៕

RELATED ARTICLES