ភ្នំពេញ ៖ ស្រីស្រស់គុណ កន្និកា បានចាត់ទុកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ជាថ្ងៃដែលនាងរំភើបបំផុត ព្រោះ តែនាងទិញបានរថយន្ដក្នុងក្ដីស្រមៃ គឺឡាន Ford Equator Sport 2025 ដឹកមកដល់ផ្ទះនាង តាមគម្រោង ។ ប្រភពបានឲ្យដឹងថា រថយន្ដថ្មីរបស់កន្និកា តម្លៃជិត៥ម៉ឺនដុល្លារ ។ មុនអុជធូបសុំពរជ័យឡានថ្មី គេឃើញនាងកន្និកា អរពេក លោតចង់ហោះ នៅមុខផ្ទះ នៅពេលដែលឃើញក្រុមការងារ Ford ដឹករថយន្ដនោះមកដល់កាំជណ្ដើផ្ទះនាងតែម្ដង។


គុណ កន្និកា វាចាថា អ្វីដែលនាងរង់ចាំ ទីបំផុតគឺបានមកដល់ផ្ទះនាងហើយ។ នាងថាសប្បាយចិត្តខ្លាំងណាស់ និងថានាងរង់ចាំជាយូដេកអត់លក់ បក់អត់ល្ហើយទេ ដោយសាតែ ចង់ឃើញផ្ទាល់ ហើយពេលបានឃើញហើយគឺសម្រស់ឡានស្អាតខ្លាំងជាងក្នុងរូបទៅទៀត ។ នាងថា អ្នកណាមិនរំភើប មិនសប្បាយចិត្ត បើឡើងខ្ញង់បែបនេះ។ នាងបន្ថែមថា ឡាននេះហើយ ជាកាដូរបស់នាងដ៏ធំបំផុត ប្រចាំឆ្នាំ២០២៥ ។


តារារួមអាជីព បានសម្ដែងការសាទរចំពោះគុណ កន្និកា និងសរសើរថា នាងពិតជាពូកែសន្សំលុយមែន ព្រោះអំឡុងពេលដែលតារាភាគច្រើនចង់ដាច់បាយ ដោយសាអត់ការងារសិល្បៈធ្វើ រកលុយមិនបាននោះ នាងបែជាមានលទ្ធភាពទិញឡានថ្មី អំឡុងពេលវិបត្តិសេដ្ឋកិច្ចនេះទៅវិញ ។ ប៉ុន្ដែយ៉ាងណា អ្នកខ្លះថា សម្រស់ស្អាតដូចកន្និកា ទោះជាចង់ជិះរថយន្ដតម្លៃលើសនេះ ១០ដង ក៏មិនពិបាកឡើយ បើសិនជាស្រីស្អាតហ៊ានទទួលជំនួយ ។ ប៉ុន្តែតារាដែលមានម្ដាយតាមជាប់ស្អិតជានិច្ចរូបនេះ ជ្រើសផ្លូវទិញរថយន្ដដោយកម្លាំងញើសឈាមទើបគ្រាន់តែឡាននោះបានមកដល់មុខផ្ទះ នាងសប្បាយអរ លោតផ្អើលអស់អ្នកជិតខាងបែបនេះ ។

សូមបញ្ជាក់ថា គុណ កន្និកា ជាម្ចាស់មកុដ Miss Teen Icon Cambodia 2024 ហើយនាងក៏ជាបវរកញ្ញា Miss Teen Icon Cambodia 2025 តំណាងឲ្យកម្ពុជា ដើម្បីប្រកួត Miss Teen Icon International 2025 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរ ។ អតីតជ័យលាភី Freshie ជំនាន់ទី២១ អាយុ១៩ឆ្នាំ មកពីពីខេត្តកំពង់ធំ គុណ កន្និកា លេចធ្លោខ្លាំង រឿង «លង់ស្នេហ៍ពូក្មេង» បញ្ចាំងនៅបាយ័ន និងរឿង «ភ្លើងឆេះក្លឹបក្រោមដី» របស់ LD ហើយត្រូវបានគេសរសើរទេពកោសល្យសិល្បៈរបស់នាងថា ខ្លាំង ព្រោះលេងបានល្អ ទោះជាតួស្លូតក៏បាន តួកាចក៏បានដែរ ពោលគឺអាចធ្វើបានទៅតាមអ្នកដឹកនាំរឿងចង់បានជានិច្ច ។ អ្វីដែលគួរឲ្យចាប់ អារម្មណ៍នោះ កន្និកា ក៏ហ៊ានលេងឈុតស្នេហាស្រើបស្រាបផងដែរ បើទោះជាមិនធ្ងន់ដៃដូចហ្វា ហ្វា ក្ដី។

គួរបញ្ជាក់ថាក្រៅពីគុណ កន្និកា តារាដែលមានម្ដាយតាមការពារជានិច្ចនោះ មានដូចជា រ៉េត ស៊ូហ្សាណា, នី មុនីនាថ, ជូលី និងឈូឈូ ជាដើម ។ សម្រាប់តារាជិះ Ford នៅឆ្នាំ២០២៥ មានដូចជា លោកព្រាប សុវត្ថិ, ឆាយ វីរៈយុទ្ធ, ឌួង ហ្សូរីដា និងឌុច លីដា ជាដើម ។

ទស្សនិកជនរង់ចាំមើលថា នៅឆ្នាំ២០២៦ គុណ កន្និកា នឹងទិញរថយន្ដម៉ាកអីថែមទៀត? ហើយបុរសដែលចង់បានបេះដូងនាង ហ៊ានជះលុយទិញកាដូជាឡានទំនើប ឲ្យនាងជិះកម្សាន្ដដែរឬទេ?…៕

