ខេត្តព្រះសីហនុ ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់បស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជ អាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ចំនួន៤នាក់ រួមនិងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះ សីហនុ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ហិង្សាដោយចេតនា និងប្រើប្រាស់ស្លាកលេខក្លែងក្លាយ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីចាប់ជនជាតិចិនចូលក្នុងរថយន្ត នៅចំណុចភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់។ ក្រោមការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់បទបញ្ជាដល់កម្លាំងមន្ទីរជំនាញ ដឹកនាំដោយលោកវរសេនីយ៍ត្រី ហ៊ាង ដារ៉ា ប្រធានមន្ទីរស្តីទី សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ និងស្រុកកំពង់ សីលា ដោយ មានសម្របសម្រួលនិតីវិធីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះធ្វើការស្រាស្រាវជ្រាវ កំណត់មុខសញ្ញា រហូតឈានដល់រំដោះបានជនរងគ្រោះ ចំនួន១នាក់ឈ្មោះ Ye Honjun ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ (ទើបតែមកពីខេត្តគ័ងចូវ ប្រ ទេសចិន) និងឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ ចំនួន៤នាក់ នៅចំណុចគីឡូម៉ែត្រលេខ១៥៩-១៦០ ស្ថិតក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ និងចំណុចច្រកចេញចូលផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់ សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឡាយ ធី ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២- ឈ្មោះ ម៉ុត វិន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកសារព័ត៌មានគំនិតខ្មែរ មានលំនៅ ភូមិដំរីឆ្លង ឃុំល្អាងភ្នំ ស្រុកស្អាងព្រែកតូច ខេត្តកណ្តាល។ ទី៣-ឈ្មោះម៉ុត រ៉ាវី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នកសារព័ត៌មានគេហទំព័រ ទូរទស្សន៍ អំណាចទាំង៤ មានលំនៅ ភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាងព្រែកតូច ខេត្តកណ្តាល និងទី៤-ឈ្មោះនូ ចាន់រ័ត្ន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរអ្នក សារព័ត៌មានសម្លេងមាស មានលំនៅ ភូមិបឹងកាឆាង ឃុំបឹងកាឆាង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជនរងគ្រោះជាជនជាតិចិន ខាងលើ ត្រូវបានក្រុមគ្រួសារទិញសំបុត្រយន្តហោះ ឱ្យវិលត្រឡប់ទៅស្រុកកំណើតវិញ។ ដោយឡែកក្រុមជនសង្ស័យ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ កសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមច្បាប់៕