ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋភិបាលកម្ពុជា បានលើកឡើងថា កម្ពុជា ប្រទេសតូច ប្រជាជនតិច តែមានកម្លាំងចិត្តធំ នៅពីក្រោយមេដឹកនាំខ្លាំង។

លោកប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យកម្ពុជា បានលើកឡើងតាមគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «កម្ពុជា ប្រទេសតូច ប្រជាជនតិច តែកម្លាំងចិត្តធំ នៅពីក្រោយមេដឹកនាំខ្លាំង! ដែលមានខ្លឹមសារទាំងស្រុងថា «ភាពតានតឹងជុំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃ ពេលនេះ បានស្តែងឱ្យឃើញពីចំណុចខ្លាំងរបស់កម្ពុជា ដ៏គួរឱ្យចាប់អារម្មណ៍បំផុត ៖
ទី១- ប្រជាពលរដ្ឋខ្មែរ គ្រប់រូប មិនថារស់នៅក្នុងឬក្រៅប្រទេស សុទ្ធតែមានទឹកចិត្តស្រឡាញ់ជាតិនិងទឹកដី ហើយប្តូរផ្តាច់ការពារមិនឱ្យបាត់បង់ ទោះជាត្រូវលះបង់អ្វីក៏ដោយ ហើយខ្មែរចេះរួមសាមគ្គីគ្នា នៅពេលប្រទេសជាតិប្រឈមនឹងគ្រោះថ្នាក់ ដោយការរំលោភបំពានណាមួយ ក្រោមស្មារតី «សាមគ្គីជាកម្លាំង» ឬ «ចង្កឹះមួយបាច់ កាច់មិនបាក់»។ ដំណើរថ្មើរជើងសាមគ្គីភាពដើម្បីគាំទ្ររាជរដ្ឋាភិបាលនិងកងទ័ពសមរភូមិមុខ ដែលបានប្រារព្ធធ្វើក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៥ គឺជាឧទាហរណ៍មួយដែលស្តែងឱ្យឃើញពីកម្លាំងមហាសាមគ្គីជាតិខ្មែរ ដ៏រឹងមាំបំផុត។
ទី២- រាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបជាមួយថៃ តាមគ្រប់រូបភាព មិនថាផ្នែកយោធា សេដ្ឋកិច្ច នយោបាយ និងការទូត។ នៅលើវិស័យយោធា កងទ័ពកម្ពុជា បានឈរការពារអធិបតេយ្យជាតិ យ៉ាងរឹងមាំ ជាមួយនឹងសព្វាវុធគ្រប់គ្រាន់ និងទឹកចិត្តដ៏អង់អាចក្លាហាន។ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រាជរដ្ឋាភិបាល បានចាត់វិធានការឆ្លើយតបយ៉ាងស័ក្តិសមបំផុត ទាំងការផ្គត់ផ្គង់អគ្គិសនី អ៊ីនធឺរណិត និងការផ្តោះប្តូរទំនិញតាមព្រំដែន ដោយមិនអនុញ្ញាតឱ្យថៃ គំរាមបានឡើយ។ នៅលើនយោបាយការទូតវិញ កម្ពុជា បានជ្រើសរើសយកច្បាប់អន្តរជាតិ ដើម្បីដោះស្រាយវិវាទដោយសន្តិវិធី ដែលជាជម្រើសដ៏មានប្រៀប។
ទី៣- រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមជាស្រេច ក្នុងការទទួលយកពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ឱ្យត្រឡប់មកប្រទេសវិញ ដោយត្រៀមជួយសម្រួលពួកគេគ្រប់បែបយ៉ាង រាប់ចាប់តាំងពីឯកសារ មធ្យោបាយធ្វើដំណើរ មជ្ឈមណ្ឌលសំចតបណ្តោះអាសន្ន ម្ហូបអាហារ ការងារ និងរហូតដល់ការជួយសម្រួលជាមួយធនាគារ និងមីក្រូហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងកម្ចីផ្សេងៗទៀតផង។ ចំណែកនិស្សិតដែលកំពុងសិក្សាក្នុងប្រទេសថៃ ក៏រាជរដ្ឋាភិបាល ត្រៀមទទួលនិងផ្តល់អាហារូបករណ៍សម្រាប់ការសិក្សានៅក្នុងប្រទេសវិញដែរ។
ទី៤- ភាពឯករាជ្យម្ចាស់ការនិងគ្រប់ជ្រុងជ្រោយ ក្នុងការចាត់ចែងលើជោគវាសនារបស់ខ្លួនដែលកម្ពុជា អាចធ្វើបាននាពេលនេះ មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែវាគឺជាលទ្ធផលនៃការដឹកនាំប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ របស់មេដឹកនាំដ៏ខ្លាំងពូកែ គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ ប្រមុខដឹកនាំកម្ពុជា បានប្រែក្លាយប្រទេសដ៏តូចនិងធ្លាប់តែកម្សត់មួយនេះ ឱ្យទៅជាប្រទេសដែលអាចឈរបានដោយកម្លាំងខ្លួនឯង កាន់តែរឹងមាំលើគ្រប់វិស័យ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

សរុបមកវិញ កម្ពុជា ជាប្រទេសតូច មានប្រជាជនតិច តែមានកម្លាំងចិត្តធំ គឺកម្លាំងមហាសាមគ្គី ចេញពីប្រជា ពលរដ្ឋ នៅពីក្រោយមេដឹកនាំខ្លាំង ប្រកបដោយបទពិសោធន៍និងយុទ្ធសាស្ត្រ។ នេះគឺជាចំណុចខ្លាំងរបស់កម្ពុជា ដែលបញ្ញវន្តថៃ ជាច្រើន ទទួលស្គាល់ តែអ្នកនយោបាយនិងមេទ័ពថៃ មួយចំនួន បានមើលរំលង»៕ ខៀវទុំ