ភ្នំពេញ ៖ ទីតាំងហាងម៉ាស្សាមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញឆ្មក់ចុះបង្ក្រាប បន្ទាប់ពីទទួលបានព័ត៌មានថា ហាងម៉ាស្សាមួយនេះ មានលួចលាក់បង្កប់សេវាបម្រើផ្លូវភេទ ដោយក្នុងនោះសមត្ថកិច្ចបានសង្គ្រោះជនរងគ្រោះ ចំនួន៥នាក់ (ក្មេងស្រីមិនទាន់គ្រប់អាយុ ៤នាក់ និងភេទទីបី ម្នាក់) ព្រមទាំងឃាត់ខ្លួនស្ត្រីជាថៅកែហាង ម្នាក់ បន្ទាប់ពីបានឆែកឆេរក្នុងបន្ទប់នៃហាងម៉ាស្សា រកឃើញស្រោមអនាម័យមួយចំនួនដែលបានប្រើរួចថ្មីៗ ដោយមានជាប់ទឹកកាមផង។

ប្រតិបត្តិការបង្ក្រាបទីតាំងហាងម៉ាស្សាបង្កប់សេវាផ្លូវភេទនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចហាងម៉ាស្សា យីហោ «ម៉ាស្សាសុខភាព» មានទីតាំងស្ថិតនៅផ្ទះពីរល្វែងជាប់គ្នា (ផ្ទះលេខ 139&141) ផ្លូវ 8m ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។

ជនសង្ស័យម្នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះថាន់ សុខហេង ភេទស្រី មុខរបរថៅកែហាង ម៉ាស្សា «ម៉ាស្សាសុខភាព» ស្នាក់នៅទីតាំងហាងម៉ាស្សាខាងលើ។ ចំណែកជនរងគ្រោះដែលសមត្ថកិច្ចរំដោះបាន មានចំនួន៥នាក់ ក្នុងនោះ ៤នាក់ ជាក្មេងស្រី មិនទាន់គ្រប់អាយុ (អនីតិជន) និងម្នាក់ទៀត ជាភេទទី៣។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងការងារយេនឌ័រ និងលោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នង ការរង ទទួលដឹកនាំការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានចុះបង្ក្រាបហាងម៉ាស្សា យីហោ «ម៉ាស្សាសុខភាព» ដែលមានទីតាំងស្ថិតនៅផ្ទះ២ល្វែង លេខ 139&141 ផ្លូវ 8m ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ថាន់ សុខហេង ភេទស្រី ជនជាតិខ្មែរ (ថៅកែហាង ម៉ាស្សា)។

ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញ បានសង្គ្រោះជនរងគ្រោះ ចំនួន៥នាក់ ជាអនីតិជន (ស្រី៤នាក់ ភេទទី៣ម្នាក់) រួមនិងដកហូតវត្ថុតាងមួយចំនួន ក្នុងនោះមានទាំងស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើ យកមកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធី៕


