ខេត្តកំពង់ស្ពឺ ៖ គូស្នេហ៍វ័យក្មេង ១គូ បានជិះម៉ូតូដឹកគ្នាតាមដងផ្លូវ ធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ លុះក្រោយមកត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនខាងប្រុសយកមកធ្វើការអប់រំ កោរសក់ លុតជង្គង់សំពះសុំទោសម៉ូតូ និងសន្យាឈប់បង្ហោះម៉ូតូទៀត ហើយ។

ករណីក្មេងទំនើងបង្ហោះម៉ូតូនេះ បានកើតឡើង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវលេខ១២៧ ស្ថិតក្នុងមូលដ្ឋាន ស្រុកសំរោងទង។ រហូតមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនយុវជនជាអ្នកបង្ហោះម៉ូតូ យកមកធ្វើការសាកសួរ និងអប់រំ។
យុវជនដែលដឹកស្រីស្នេហ៍បង្ហោះម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ភន វីសាល ហៅម៉ាប់ ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ចំណែកយុវតីជាគូស្នេហ៍ មានឈ្មោះលី ហាន ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិត្រពាំរកា ឃុំពេជ្រមុន្នី ស្រុកគងពិសី (កំពុងគេចខ្លួន)។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងប្រសាសន៍ណែនាំរបស់លោកអភិបាលខេត្តកំពង់ស្ពឺ លើករណីក្មេងទំនើង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ពាក់ព័ន្ធសកម្មភាពបង្ហោះម៉ូតូនៅតាមផ្លូវសាធារណៈ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅផ្លូវលេខ១២៧ ស្រុកសំរោងទង។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបញ្ជាក់ថា ក្រោយកើតមានករណីក្មេងទំនើងបង្ហោះម៉ូតូ ខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌ ស្រុកបានធ្វើការស្រាវជ្រាវរហូតកំណត់អត្តសញ្ញាណបាន និងឈានដល់ការកោះហៅឈ្មោះ ភន វីសាល ហៅម៉ាប់ យកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច យុវជនឈ្មោះ ភន វីសាល ហៅម៉ាប់ បានឆ្លើយទទួលស្គាល់ថា ខ្លួនពិតជាបានបើកម៉ូតូដឹកនារីម្នាក់ ជាសង្សារ ធ្វើសកម្មភាពបង្ហោះម៉ូតូ ប្រាកដមែន ដោយសារតែចង់បង្ហាញសង្សារថា ខ្លួនឡូយ អាចដឹកអូនហោះបាន។
ដោយសារតែខ្លួនដឹងខុស យុវជនរូបនោះ បានលុតជង្គង់សំពះសុំទោសម៉ូតូ ដោយសន្យាថា ឈប់បង្ហោះម៉ូតូទៀតហើយ នៅចំពោះមុខសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកសំរោងទង ព្រមទាំងមានអ្នកម្តាយ ជាសាក្សីផងដែរ។

ជុំវិញករណីនេះ សមត្ថកិច្ចបានអនុវត្តកោរសក់ និងធ្វើកិច្ចសន្យា អប់រំ មុននឹងប្រគល់ជូនអាណាព្យាបាល យកទៅធ្វើការទូន្មានបន្ត កុំឱ្យបន្តប្រព្រឹត្តទង្វើបែបនេះជាលើកទី២។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចដកហូតជាបណ្តោះអាសន្ន រយៈពេល៣ខែ៕