Tuesday, July 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះកង់បី ដើរលួច ជាប់ខ្នោះ២នាក់ប្តីប្រពន្ធ

ជិះកង់បី ដើរលួច ជាប់ខ្នោះ២នាក់ប្តីប្រពន្ធ

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ប្តីប្រពន្ធ បានជិះម៉ូតូកង់បី ១គ្រឿង ដឹកគ្នាចេញដើរលួចទ្រព្យសម្បត្តិអ្នកដទៃ  លុះទៅដល់កន្លែងលក់មួកសុវត្ថិភាព នៅតាមចិញ្ចើមផ្លូវមួយកន្លែង ឆ្លៀតពេលម្ចាស់មិននៅជិត ធ្វើសកម្មភាពលួច យកមួកសុវត្ថិភាព ជាង១០មួក ដាក់លើម៉ូតូកង់បី រួចបម្រុងជិះគេចខ្លួន ត្រូវម្ចាស់ឃើញទាន់ បានរត់ទៅស្ទាក់ចាប់ក្របួចជាប់ទាំង២នាក់ ប្រគល់ឱ្យសមត្ថកិច្ច។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្បែរស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ បុរសជាប្តីមានឈ្មោះវ៉ិត ពៅ អាយុ៣៦ឆ្នាំ មុខរបរជាងប៉ះកង់ ចំណែកប្រពន្ធ ឈ្មោះមាស កន្និកា អាយុ៤០ឆ្នាំ មុខរបររើសអេតចាយ។ ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ចំណែក ជនរងគ្រោះឈ្មោះកឹម រតនា ភេទប្រុស អាយុជាង៤០ឆ្នាំ ស្នាក់នៅម្តុំវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ។ រីឯមួកសុវត្ថិភាពដែលត្រូវជនសង្ស័យលួច ហើយដកហូតបានមកវិញនោះ មានចំនួន១៤មួក។

តាមប្រភពជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានបើកម៉ូតូ ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ត្រួយចេក សណ្តោងកន្ទុយរ៉ឺម៉កពណ៌ក្រហម ពាក់ស្លាលេខ ភ្នំពេញ 1FO-2410 ដឹកមួកសុវត្ថិភាពធ្វើដំណើរចេញពីផ្ទះនៅម្តុំវត្តស្លែង ទៅដាក់លក់នៅលើចិញ្ចើមផ្លូវជាតិលេខ៤ ត្រង់ចំណុចកើតហេតុខាងលើ។ លុះពេលទៅដល់ គាត់បានលើកមួកសុវត្ថិភាពចេញពីរ៉ឺម៉ក រៀបចំដាក់លក់ ចៃដន្យពេលនោះរ៉ឺម៉កគាត់បែកកង់ ទើបគាត់រៀបចំដាក់មួកសុវត្ថិភាពដាក់កន្លែងលក់រួចរាល់ គាត់ក៏បានយករ៉ឺម៉កទៅប៉ះនៅចិញ្ចើមផ្លូវម្ខាងទៀត ដែលស្ថិតនៅឆ្ងាយបន្តិចទល់មុខកន្លែងលក់នោះដែរ។

ជនរងគ្រោះ បានបន្តថា ដោយសារតែគាត់ម្នាក់ឯង ទើបគ្មានអ្នកនៅចាំកន្លែងលក់នោះទេ ប៉ុន្តែគាត់មើលជាងប៉ះកង់រ៉ឺម៉កបណ្តើរនិងក្រឡេកមើលកន្លែងលក់បណ្តើរ ហើយបន្តិចក្រោយមក ឃើញជនសង្ស័យ២នាក់ប្តីប្រពន្ធនោះ ជិះម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1II-4621 ទៅឈប់ជិតកន្លែងលក់របស់គាត់។ ពេលឃើញមុនដំបូង គាត់មិនដឹងថាជាចោរនោះទេ គឺនឹកស្មានថាជាអ្នកដែលទៅរកទិញមួកហើយគាត់ក៏បានដើរឆ្លងផ្លូវទៅដើម្បីសួរនាំនិងលក់ឱ្យ។ ប៉ុន្តែខណៈដើរបានបន្តិច ស្រាប់តែឃើញជនសង្ស័យនាំគ្នាលួចយកមួកសុវត្ថិភាពរបស់គាត់ ១ថង់ធំ ហើយយកខាងក្រៅ ២ថែមទៀត ដាក់ចូលក្នុងម៉ូតូកង់បី រួចព្យាយាមជិះគេចខ្លួន។ ពេលឃើញបែបនេះគាត់ បានស្ទុះរត់ឆ្លងផ្លូវទៅស្ទាក់មុខម៉ូតូកង់បី និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធនេះបានភ្លាមៗតែម្តង រួចក៏បានរាយការណ៍ទៅនគរបាល ឱ្យចុះមកជួយ អន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ នាំទាំងជនសង្ស័យ២នាក់ប្តីប្រពន្ធ និងវត្ថុតាង យកទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់៕

RELATED ARTICLES