
ភ្នំពេញ ៖ ប្រធានគណបក្សខ្មែរតែមួយ លោកបណ្ឌិត គុជ លី បានលើកឡើងថា ការដែលភាគីថៃ ជាពិសេសខាងទាហានថៃ បង្កបញ្ហាព្រំដែន រួមទាំងការបិទច្រកព្រំដែន ជាឯកតោភាគីនោះ គឺចង់សាកចិត្តនិងសមត្ថភាពរបស់មេដឹកនាំកម្ពុជា (សម្តេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច ប្រធានព្រឹទ្ធសភា និងសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី) ហើយជាយុទ្ធសាស្រ្តថ្មី របស់ថៃ ដែលពួកយោធាធ្វើផ្គរ ធ្វើភ្លៀងមកលើប្រទេសកម្ពុជា ក្នុងគោលបំណងចង់ទម្លាក់នាយករដ្ឋមន្ត្រី ចេញពីអំណាច តែគេលែងចង់ប្រើរូបមន្តធ្វើរដ្ឋប្រហារទៀតហើយ ។
លោកកបណ្ឌិត គុជ លី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ថា តាមពិតលោកមើលឃើញថា ថៃ កំពុងតែធ្វើនយោបាយទាល់ច្រក ដោយសារបញ្ហាផ្ទៃក្នុងរបស់ខ្លួន ជាពិសេសនាយករដ្ឋមន្រ្តី កូនស្រីលោកថាក់ស៊ីន មានបញ្ហាជាមួយពួកយោធា ដែលអាចធ្វើរដ្ឋប្រហារ ។ ដូច្នេះទិដ្ឋភាពនេះ គេយកប្រទេសកម្ពុជា ធ្វើជាឈ្នាន់នយោបាយ ឬឧបករណ៍នយោបាយ ដើម្បីដោះស្រាយបញ្ហាប្រទេសគេ ហើយក៏គំនិតជាតិនិយមរបស់គេ គឺផ្សារភ្ជាប់ជាមួយទិដ្ឋភាពជាក់ស្ដែង ដូចរឿងបញ្ហាព្រំដែនតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ពោលគឺតាមបណ្ដោយព្រំដែនខ្មែរ-ថៃ ហ្នឹង គេយកមកធ្វើជាបញ្ហាធំតែម្ដង ។
លោកបណ្ឌិត គុជ លី បានមានប្រសាសន៍ថា “បាទ! ទី១ ពាក់ព័ន្ធទៅនឹងថៃ ប្រើយុទ្ធសាស្រ្តមួយ គឺជាយុទ្ធសាស្រ្តខ្ទប់ស្កាត់ មានន័យថា បិទច្រកព្រំដែនជាមួយប្រទេសកម្ពុជាយើងទាំងអស់ហ្នឹង គឺបង្ហាញអំពីយុទ្ធសាស្រ្តមួយ គឺយកប្រជាពលរដ្ឋខ្មែរ ដែលទៅធ្វើកម្មករ ពលករ នៅប្រទេសថៃ រាប់លាននាក់ហ្នឹង គឺចង់សាកមើលជាចិត្តសាស្រ្ត ថាតើកម្ពុជា ហ៊ានវ៉ៃបក ទាំងការទូត ទាំងទាហាន និងនយោបាយ ជាមួយនឹងថៃ ដែរឬទេ? តាមពិតទៅ ខ្ញុំគិតថា មកដល់ពេលនេះ សម្ដេចតេជោ មានយុទ្ធសាស្រ្តខាងផ្នែកសឹក ខាងផ្នែកចិត្តសាស្រ្ត យុទ្ធសាស្រ្តខាងការទូត គឺសម្ដេច មានទាំងអស់ រួមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានការអត់ធ្មត់ខ្លាំង ដើម្បីធ្វើជាចិត្តសាស្រ្តជាមួយនឹងថៃ ទៅវិញ ។ តាមពិត រឿងយកពលករខ្មែរ ដែលធ្វើចំណាប់ខ្មាំង នៅច្រកប៉ោយប៉ែត នេះទិដ្ឋភាពយើងមើលឃើញថា ទី១ សម្រាប់ខ្ញុំៗយល់ឃើញថា ថៃ កំពុងតែធ្វើនយោបាយទាល់ច្រក ដោយសារបញ្ហាផ្ទៃក្នុងផ្ទាល់ខ្លួន របស់ខ្លួន ។ យើងមើលឃើញក្នុងប្រវត្តិត្រកូលថាក់ស៊ីន នៅពេលដែលលោកថាក់ស៊ីន ឡើងធ្វើនាយករដ្ឋមន្រ្តី ឆ្នាំ២០០១ មក២០០៦ យើងឃើញថា ២០០៣ ចាប់ផ្ដើមមានធ្វើអនុស្សរណៈមួយ គឺយោគយល់ជាមួយនឹងប្រទេសកម្ពុជា ដើម្បីរកដំណោះស្រាយបញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ។ អ៊ីចឹងយើងឃើញថា ត្រកូលថាក់ស៊ីន បក្សថាក់ស៊ីន ជាមួយនឹងក្រុមអាវលឿង គឺបក្សដែលគាំទ្រជាមួយនឹងបរមរាជវាំង ជាមួយនឹងយោធា ដែលមានការគាំទ្រ ។ អ៊ីចឹងហើយបានយើងឃើញថា ចាប់ពីទសវត្សរ៍ឆ្នាំ២០០១ រហូតមកដល់បច្ចុប្បន្ន យើងឃើញថា ប្រជាពលរដ្ឋក្រីក្រនៅក្នុងប្រទេសថៃ គឺបានទទួលគោលនយោបាយ “Pro-poor policy” របស់ថាក់ស៊ីន នេះ គឺជាគោលនយោបាយមួយ ដែលធ្វើឲ្យលោកថាក់ស៊ីន បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់ប្រជាពលរដ្ឋមានការគោរពស្រលាញ់ខ្លាំងជាងស្ដេច ទៅទៀត“ ។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្តថា “អ៊ីចឹងហេតុផលហ្នឹងហើយ ដែលធ្វើឲ្យកូនស្រីលោកថាក់ស៊ីន ដឹកនាំប្រទេសថៃ សព្វថ្ងៃហ្នឹង មានបញ្ហាផ្ទៃក្នុងរបស់គាត់ ។ អ៊ីចឹងហើយ នាយករដ្ឋមន្រ្តីសព្វថ្ងៃនេះ កូនស្រីថាក់ស៊ីន ហ្នឹង គឺពាក់ព័ន្ធទៅនឹងយោធា ប្រុងធ្វើរដ្ឋប្រហារ គឺយើងមើលឃើញថា អំណាចយោធា ជាអ្នកបង្កបញ្ហាជាមួយនឹងបណ្ដាព្រំដែនរបស់យើង ឃើញថា មេភូមិភាគ២ ប៊ុនស៊ីន ហ្នឹង គឺជាអ្នកដែលមានឥទ្ធិពលនៅភូមិភាគម្នាក់ ដែលធ្វើផ្គរធ្វើភ្លៀងមកលើប្រទេសកម្ពុជា ក្នុងគោលបំណងចង់ទម្លាក់កូនស្រីលោកថាក់ស៊ីន ចេញពីអំណាច ។ អ៊ីចឹងយុទ្ធសាស្រ្តថ្មី របស់ថៃ ហ្នឹងយើងមើលឃើញថា ថៃ គេលែងចង់ប្រើរូបមន្តធ្វើរដ្ឋប្រហារទៀតហើយ ពីព្រោះប្រើរូបមន្តធ្វើរដ្ឋប្រហារនេះ វាធ្វើឲ្យប៉ះពាល់ក្នុងប្រទេសថៃ តែម្ដង ។ អ៊ីចឹងកាលណាធ្វើរូបមន្តធ្វើរដ្ឋប្រហារ វាគាប់ជួនជាមួយនឹងឪពុករបស់គាត់ លោកថាក់ស៊ីន តែម្ដង ឆ្នាំ២០០៦ គេធ្វើរដ្ឋប្រហារ ។ អ៊ីចឹងបើសិនកូនស្រីរបស់គាត់ ត្រូវគេធ្វើរដ្ឋប្រហារទៀត គឺរបបយោធាហ្នឹង ដែលមានអំណាចជាមួយបរមរាជវាំង ធ្វើបន្ថែមទៀត ហើយប្រជាពលរដ្ឋថៃ នឹងមានការគាំទ្រត្រកូលថាក់ស៊ីន យ៉ាងខ្លាំង ។ អ៊ីចឹងហើយ បាននយោបាយចិត្តសាស្រ្តគេ គឺគេធ្វើយ៉ាងណាដើម្បីបង្កបញ្ហានៅក្នុងប្រទេសកម្ពុជា ។ អ៊ីចឹងនិយាយរួមឲ្យខ្លីមក ទិដ្ឋភាពនេះ គឺគេយកប្រទេសកម្ពុជា ធ្វើជាឈ្នាន់នយោបាយ យកប្រទេសកម្ពុជា ធ្វើជាឧបករណ៍ ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ឃើញថាគេឆ្លៀតឱកាសយកកម្ពុជា ធ្វើជាឧបករណ៍នយោបាយ ដើម្បីដោះស្រាយបញ្ហាប្រទេសគេក៏ដោយ ក៏ប៉ុន្តែគំនិតជាតិនិយមរបស់គេ គេផ្សារភ្ជាប់ជាមួយទិដ្ឋភាពជាក់ស្ដែង ដូចរឿងបញ្ហាព្រំដែនរបស់យើង គឺតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី ។ និយាយរួមឲ្យអស់ទៅ គឺតាមបណ្ដោយព្រំដែនខ្មែរ-ថៃ ហ្នឹង គេយកធ្វើជាបញ្ហាធំតែម្ដង ។ អ៊ីចឹងព្រឹត្តិការណ៍មួយដែលយើងចងចាំជានិច្ចសម្រាប់កូនខ្មែររបស់យើង គឺព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃ បានបាញ់ទាហានរបស់យើងម្នាក់ គឺសួន រ៉ោន បានស្លាប់នៅតំបន់មុំបី នៅក្នុងខេត្តព្រះវិហារ ។ អ៊ីចឹងចំណុចចាប់ផ្ដើមក្ដៅ គឺចេញពីហ្នឹងតែម្ដង ។ អ៊ីចឹងហើយ នេះគឺជាយុទ្ធសាស្រ្តរបស់ថៃ ដែលបានយកពលករខ្មែរ ឬក៏យកខ្មែរ យកទាហានខ្មែរ ធ្វើជាចំណាប់ខ្មាំង ដើម្បីតតាំងជាមួយប្រទេសកម្ពុជា ។ អ៊ីចឹងហើយ រឿងរបស់គេ បញ្ហាដែលធំទី១ នៅក្នុងប្រទេសថៃ គឺជម្លោះផ្ទៃក្នុងរបស់ខ្លួន កាន់តែខ្លាំង ។ រឿងទី២ គឺជម្លោះបញ្ហានៅតាមបណ្ដោយព្រំដែន មិនមែនតែកម្ពុជា ជាមួយឡាវ ជាម៉ាឡេ យើងឃើញថា ថ្មីៗហ្នឹង ភូមា ក៏មានបញ្ហាជាមួយដែរ គឺបានបាញ់គ្នាមួយសន្ទុះដែរ“ ។

លោកប្រធានគណបក្សខ្មែរតែមួយ បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងយើងត្រលប់មកវិញ ទិដ្ឋភាពទូទៅនៅតាមបណ្ដោយព្រំដែន ដែលយកកម្មករ យកពលករ ធ្វើជាចំណាប់ខ្មាំងនៅកម្ពុជា នេះ វាជានយោបាយមួយ គឺទម្លាក់កំហុសមកលើខ្មែរ ដើម្បីបង្វែរព្រឹត្តិការណ៍របស់ថៃ មានន័យថា កម្តៅជាមួយនឹងព្រំដែនសម្រាប់កម្ពុជា ។ អ៊ីចឹងលើឆាកអន្តរជាតិ កំពុងតែផ្ដោតមើលថា តើប្រទេសកម្ពុជា ពិតជាបានរំលោភបំពានទឹកដី ដូចថៃ ចោទដែរឬទេ? អ៊ីចឹងអ្វីដែលវាអាក្រក់មើលសម្រាប់ប្រទេសកម្ពុជា នោះគឺត្រង់ថា ថៃ ធ្វើអ្វីៗគ្រប់បែបយ៉ាង ខ្លួនគេជាអ្នកប្រព្រឹត្ត ។ យើងឧទាហរណ៍ថា ថៃ បានបាញ់ទាហានយើងស្លាប់មុន ថៃ បានឈ្លានពានប្រាសាទតាមាន់តូច តាមាន់ធំ ហើយនិងតាក្របី របស់យើងមុន ថៃ បានបិទច្រកព្រំដែនឯកតោភាគី ថៃ មិនគោរពនូវអនុស្សរណៈយោគយល់គ្នាតាំងពីឆ្នាំ២០០៣ ជាមួយថាក់ស៊ីន ដូចខ្ញុំនិយាយ ហើយដល់អ៊ីចឹងហើយ បានយើងមើលឃើញថា នៅពេលថៃ អត់គោរពកម្ពុជា ម្ដងណាទេ។ ក៏ប៉ុន្តែសម្រាប់ខ្ញុំៗមើលឃើញមួយជ្រុងទៅវិញថា ថៃ ចង់សាកល្បងនៅក្នុងប្រទេសកម្ពុជា ថាទី១ តើតេជោ មានបញ្ញាដល់កម្រិតណា ក្នុងការតតាំងផ្លូវច្បាប់ ផ្លូវបញ្ញា ផ្លូវការទូត ទាំងចិត្តសាស្រ្តអីផ្សេងៗ ។ យើងមើលឃើញថា មកដល់កម្រិតនេះ កម្ពុជា សម្ដេចតេជោ ទាំងសម្ដេចធិបតី គឺជាមនុស្សមួយដែលមានចិត្តសាស្រ្តខ្ពស់បំផុត ក្នុងការវាយបកសត្រូវ ដោយត្រជាក់ ទី១ គឺតបតដោយផ្លូវច្បាប់ គឺយកសំណុំរឿងទាំងឡាយណា ទៅតុលាការ ICJ ហើយទី២ គឺបណ្ដុះគំនិតជាតិនិយម គឺប្រជាពលរដ្ឋខ្មែរ របស់យើង មើលឃើញថា កំពុងតែមានគំនិតជាតិនិយម កាន់តែខ្លាំងឡើង បណ្ដុះស្មារតីជាតិហ្នឹង ធ្វើឲ្យប្រទេសជាតិរបស់យើងហ្នឹង គឺកាន់តែផុសផុលឡើង ។ អ៊ីចឹងចលនាជាតិនិយមនេះ គឺកើតឡើង ទី១ ដោយសារតែប្រទេសថៃ ហ្នឹង គឺធ្វើអំពើគឃ្លើនមកលើប្រទេសកម្ពុជា ហើយធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ងើបជាតិនិយមហ្នឹងផង ហើយគួបផ្សំនឹងសម្ដេចតេជោ ដែលហ៊ាននិយាយភាសាសៀម ភាសាថៃ មានន័យថា ថៃ និងសៀម ជាចោរដូចគ្នា នេះជាភាសាមួយដែលលើកដំបូងសម្រាប់ប្រទេសកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងភ្ញាក់រលឹកក្នុងការតស៊ូជាមួយនឹងប្រទេសជិតខាង ។ យើងចាប់ផ្ដើមពីថៃ អាចថ្ងៃក្រោយ ចាប់ផ្ដើមជាមួយនឹងឡាវ ឬជាមួយវៀតណាម នៅពេលដែលយើងមានបញ្ហាព្រំដែនដូចគ្នា យើងអាចយកគំរូប្រទេសថៃ ធ្វើជាប្រធានបទសម្រាប់ប្រទេសកម្ពុជា ក្នុងការតស៊ូមតិ ។ ពាក់ព័ន្ធមួយទៀត យើងគិតថា ប្រទេសថៃ គឺជាប្រទេសដែលស៊ីវិល័យ ប្រទេសដែលមានវប្បធម៌ល្អ យើងគិតថាជាគំរូមួយ ប្រទេសរីកចម្រើន ក៏ប៉ុន្តែហេតុអីមកដល់កម្រិតនេះ គឺប្រទេសថៃ បែរជាទង្វើអសីលធម៌ ទង្វើថោកទាប យកប្រជាពលរដ្ឋ ធ្វើជាចំណាប់ខ្មាំង សម្រាប់ប្រទេសកម្ពុជា គឺយើងមិនស័ក្ដិសមជាប្រទេសស៊ីវិល័យទេ ក៏ប៉ុន្តែនៅក្នុងដំណាក់កាលមួយ ដែលចង់និយាយថា នៅពេលដែលយើងគិតសង្រ្គាម គឺមិនគិតអ្វីទាំងអស់ គិតតែពីចង់ចាញ់ ចង់ឈ្នះ ។ អ៊ីចឹងមកដល់ពេលនេះ គឺថៃ ដើរតួនាទីសំខាន់ជាងគេ គឺតួនាទីទាហាន មិនយកតួនាទីរាជរដ្ឋាភិបាល ដឹកនាំដោយនាយករដ្ឋមន្រ្តី នោះទេ ភាគច្រើនគឺទាហាន មានតួនាទីខ្លាំងក្នុងការក្រឡុកស្ថានការណ៍ គឺបង្កើតព្រឹត្តិការណ៍ហើយលាបពណ៌នៅក្នុងប្រទេសកម្ពុជា គឺទាហានហ្នឹងតែម្ដង» ។
លោកបណ្ឌិតគុជ លី បានមានប្រសាសន៍បន្ថែមថា “អ៊ីចឹងខ្ញុំគិតថា ព្រឹត្តិការណ៍ជម្លោះរវាងកម្ពុជា ហើយនិងថៃ ខ្ញុំគិតថា កម្ពុជា មានភាពវៃឆ្លាតជាង ហើយពូកែជាង ក្លាហាន គឺទី១ រាជរដ្ឋាភិបាល បានស្គាល់ចិត្តសាស្រ្ត ភូមិសាស្រ្ត ហើយនិងប្រជាសាស្រ្តរបស់ខ្លួន បានច្បាស់លាស់ ។ ទី២ ឯកអគ្គរដ្ឋទូតនៅក្នុងបណ្ដាពិភពលោកអីទាំងអស់ សម្រាប់ប្រទេសកម្ពុជា គឺប្រទេសកម្ពុជាបានអញ្ជើញឯកអគ្គរដ្ឋទូត មកប្រជុំនៅក្នុងប្រទេសកម្ពុជា តាមរយៈរដ្ឋមន្រ្តីការបរទេសកម្ពុជា ចាប់ផ្ដើមនិយាយអំពីការទូត ក្រោយពីកម្ពុជា បានដាក់ពាក្យបណ្ដឹងទៅតុលាការ ICJ នៅទីក្រុងឡាអេ ហើយបន្ទាប់មកទៀត យើងឃើញថា នយោបាយចិត្តសាស្រ្តនៅក្នុងការឆ្លើយតប ហើយអ្វីដែលខ្ញុំកត់សម្គាល់នយោបាយដែលយើងមានប្រៀបនោះ គឺត្រង់ថា ការបែកធ្លាយសារសំឡេងរវាងសម្ដេចតេជោ ហ៊ុន សែន ហើយនិងនាយករដ្ឋមន្រ្តីថៃ បានបង្ហាញឲ្យឃើញថា គឺជាសារមួយ សម្រាប់ឲ្យប្រជាជាតិខ្មែរយើង ឲ្យបានយល់ដឹង ហើយនិងជនជាតិថៃ ឲ្យបានយល់ដឹងថា សម្ដេចតេជោ មានប្រៀបក្នុងការទូតក្ដី ក្នុងភាសាចិត្តសាស្រ្តក្ដី យើងឃើញថា កូនស្រីលោកថាក់ស៊ីន ទូរស័ព្ទនិយាយក្នុងសារហ្នឹង គឺចាត់ទុកថា សម្ដេចតេជោ ហ៊ុន សែន គឺជាបិតាសន្តិភាព គឺជាអ្នកសម្របសម្រួលដើម្បីឲ្យបញ្ចប់ជម្លោះនៅព្រំដែន ពីព្រោះគាត់អត់មានលទ្ធភាពអ្វីទៅនិយាយជាមួយនឹងជនជាតិគាត់ទេ គាត់អត់មានលទ្ធភាពអ្វីទៅនិយាយជាមួយពួកទាហាននោះទេ ដែលគេកំពុងជេរហើយនិងបណ្ដេញគាត់មកប្រទេសកម្ពុជា តែម្ដង ។ ខ្ញុំគិតថា ភាសារបស់មេដឹកនាំថៃ ដែលមានប្រសាសន៍បែបនេះ ជាមួយនឹងសម្ដេចតេជោ ខ្ញុំគិតថា គ្រាន់តែជាយុទ្ធសាស្រ្តមួយ ដើម្បីលចិត្តសម្ដេចតេជោ ថាតើក្នុងនាមគាត់ជាក្មេងមួយ ហាក់ដូចជាកូនសម្ដេចតេជោ ដែរ ថាតើប្រើភាសាហ្នឹង សម្ដេចតេជោ ទន់ដែរឬទេ? ទីបំផុត តេជោ នៅតែជាតេជោ ហើយរឹងមាំទាំងបញ្ញា ទាំងស្មារតី មានន័យថា ប្រកាន់គោលជំហរជានិច្ច លោកប្រាប់ថា ប្រទេសកម្ពុជា បើកច្រកព្រំដែនទេ គឺខ្លួនឯងជាអ្នកបិទ ហើយបើកវិញទៅ ។ ហ្នឹងជានយោបាយចិត្តសាស្រ្ត ដែលបានវ៉ៃបកយ៉ាងល្អ រហូតដល់បែកធ្លាយសារហ្នឹង ហើយធ្វើឲ្យប្រជាជនថៃ ថ្កោលទោស ហើយនិងទាហានអី ថ្កោលទោស ។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងមើលឃើញចុងក្រោយ មិនថាថៃ ក្រុមខាងណាទេ ប៉ុន្តែនៅពេលដែលគេឮសារសម្ដេចតេជោ បែរជាគេរួមគ្នាស្រលាញ់ជាតិ មានន័យថា នាយករដ្ឋមន្រ្តីថៃ ទៅជួបជាមួយនឹងមេទ័ពភូមិភាគ២ ដើម្បីចរចាគ្នា គិតគូរពីរឿងប្រទេសជាតិ ។ អ៊ីចឹងសបញ្ជាក់ឲ្យឃើញថា ទោះបីគេចាញ់បញ្ញាសម្ដេចតេជោ ក៏ដោយ ក៏ប៉ុន្តែគេរួមគ្នា ដើម្បីប្លន់ទឹកដី ប្លន់ដីនៅក្នុងប្រទេសកម្ពុជា របស់យើងតែម្ដង“ ៕ កុលបុត្រ