ភ្នំពេញ ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងរដ្ឋបាលសង្កាត់ចោមចៅទី៣ ដោយមានការចូលរួមពីកម្លាំងនគរ បាលខណ្ឌ និងប៉ុស្តិ៍ផង បានចុះធ្វើការត្រួតពិនិត្យទីតាំង អាជីវកម្មកម្សាន្ត GY9 ខណៈនោះបានរកឃើញថា ទីតាំងនោះគ្មានច្បាប់អនុញ្ញាត បន្ទាប់មកអាជ្ញាធរបានសម្រេចផ្អាកជាបណ្តោះអាសន្ន រង់ចាំឱ្យម្ចាស់សុំច្បាប់អនុញ្ញាតត្រឹមត្រូវ ទើបឱ្យដំណើរការបន្ត។

ទីតាំងអាជីវកម្មកម្សាន្ត GY9 ខាងលើ ស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ១១៣គ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានម្ចាស់ឈ្មោះ YU NING ជនជាតិចិន។ ដោយឡែកកម្លាំងអាជ្ញាធរខាងលើ បានចុះទៅត្រួតពិនិត្យនិងផ្អាក កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

តាមប្រភពអាជ្ញាធរ បានឱ្យដឹងថា ពេលកម្លាំងចុះទៅដល់ទីតាំងនោះ បានពិនិត្យឃើញមានសុទ្ធតែទូហ្គេម នៅក្នុងនោះ មានទូហ្គេមបាញ់ត្រី ចំនូន២ទូ និងទូហ្គេមផ្សេងៗ សម្រាប់ឱ្យមនុស្សចាស់ និងក្មេងលេងជាច្រើនទូទៀត។ ប៉ុន្តែពុំមានច្បាប់អនុញ្ញាតហ្គេមនោះឡើយ ហើយពេលនោះដែរ ហើយស្ត្រីម្នាក់ ឈ្មោះ ម៉េង សេងហ៊ី តំណាងឱ្យម្ចាស់ទីតាំងម្ចាស់ទីតាំងខាងលើ បានយកវិញ្ញាបនបត្រ ចំនួន៣ច្បាប់ បង្ហាញដល់អាជ្ញាធរ។

ប្រភពដដែល បន្តថា ទី១-វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម អតប) ចេញដោយលោកគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ទី២-វិញ្ញាបនបត្របញ្ជីកាសហគ្រាសគ្រឹះស្ថាន ចេញដោយលោកម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម និងទី៣-វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ចេញដោយអគ្គនាយ ហូ ស៊ីវយ៉ុង។

ប្រភពខាងលើ បានប្រាប់បន្ថែមថា ដោយសារមិនទាន់មានច្បាប់អនុញ្ញាតហ្គេម ហើយហ្គេមសម្រាប់ក្មេងៗ ចូលលេងទៀតនោះ ទើបកម្លាំងសមត្ថកិច្ច សម្រចផ្អាក និងប្រាប់ឱ្យម្ចាស់ទីតាំងនេះ សុំច្បាប់ឱ្យបានត្រឹមត្រូវជាមុនសិន។ មិនតែប៉ុណ្ណោះ ក៏បានដាក់វិធានការ ៣ចំណុចឱ្យម្ចាស់ទីតាំងអនុវត្ត៖ ទី១-ត្រូវស្នើរសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មឱ្យបានត្រឹមត្រូវ ទី២-ហាមមិនអនុញ្ញាតឱ្យក្មេងចូលលេងល្បែងហ្គេម និងទី៣-ត្រូវផ្អាកអាជីវកម្មជាបណ្តោះអាសន្នសិន។


នៅក្នុងប្រតិបត្តិការខាងលើ កម្លាំងអាជ្ញាធរមិនបានដកហូតយកសម្ភារៈពីទីតាំងនោះទេ ហើយក្រោយពីធ្វើកំណត់ហេតុចប់សព្វគ្រប់ អាជ្ញាធរបានអានកំណត់ហេតុឱ្យស្ត្រីឈ្មោះម៉េង សេងហ៊ី ដែលជាតំណាងឱ្យម្ចាស់ទីតាំងជនជាតិចិន នោះស្តាប់ និងអនុវត្តតាម៕


