ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ សាលាដំបូងភ្នំពេញរាជធានីភ្នំពេញ នឹងធ្វើការប្រកាសសាលក្រម ផ្តន្ទាទោសឈ្មួញគ្រឿងញៀន ៤នាក់ ពាក់ពន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រ មាណជិត ២០០គីឡូក្រាម។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងជួញដូរគ្រឿងញៀន និងសម្អាតប្រាក់ មួយករណី មកបើកសវនាការជំនុំជម្រះក្តី ដើម្បីផ្តន្ទាទោលើជនជាប់ចោទ ដែលសវនាការនោះ មានលោក ស សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក វង្ស សាវ៉ាត ព្រះរាជ អាជ្ញារង តំណាងអយ្យការអមសាដំបូងរាជធានីភ្នំពេញ ដែលសវនាការនោះ បានធ្វើឡើងជាសាធារណៈ និងដោយចំពោះមុខជនជាប់ចោទ ៤នាក់ មានមេធាវីការពារក្តីតាមច្បាប់ផងដែរ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) ដឹកនាំដោយលោកវរសេនីយ៍ឯក សេង សុផល នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ភ្លៀន នឿន ជាមន្ត្រីនគរបាលយុត្តិធម៌ សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោកវង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវស៊ើប អង្កេតជាង៣ខែ រហូតឈានទៅបង្ក្រាបករណីជាក់ស្តែង កំពុងធ្វើសកម្មភាពជួញដូរ រក្សាទុកដោយខុសច្បាប់នូវ សារធាតុញៀន នៅ៥ទីតាំងផ្សេងៗ គ្នាជាបន្តបន្ទាប់ ៖

ទីតាំងទី១-នៅចំណុចទល់មុខស្ថានីយ៍ទឹកស្អាត សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ទីតាំងទី២-នៅក្នុងបន្ទប់លេខ១១១៨ ជាន់ទី១១ ក្នុងខុនដូមេគង្គវីយូ ៦ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ទីតាំងទី៣-នៅបន្ទប់លេខ១១១០ ខុនដូហែនលេន ភូមិកៀនឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា។
ទីតាំងទី៤-នៅផ្ទះលេខ៦១ ផ្លូវ V-03 បុរីដឺហ្លររ៉ា ផ្លូវជាតិលេខ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។
ទីតាំងទី៥-នៅផ្ទះលេខ៣២អ៊ី (16E) ផ្លូវជាតិលេខ៦អា ក្រុម១០ ភូមិក្រោលគោ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

កម្លាំងសមត្ថកិច្ចនគរបាលជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ ប៉ុន្តែជាក់ស្តែងពេលសវនាការ ឃើញតែ៤នាក់ប៉ុណ្ណោះ ដែលជនត្រូវចោទទាំង៤នោះ រួមមាន ៖ ១-ឈ្មោះលី ប៊ុនមីន ភេទប្រុស អាយុ៥១ឆ្នាំ ជាមេខ្លោង។ ២-ឈ្មោះប៊ុន ម៉ាលីស ភេទស្រី អាយុ៥១ឆ្នាំ។ ៣-ឈ្មោះស៊ុយ ឆេងឡាង ភេទស្រី អាយុ២៥ឆ្នាំ។ ៤-ឈ្មោះកេះ ស្រីពេញ ភេទស្រី អាយុ២៦ឆ្នាំ។

សមត្ថកិច្ចចាប់យកវត្ថុតាង គ្រឿងញៀន ១-មេតំហ្វេតាមីន (ICE) ទម្ងន់១៥៨គីឡូក្រាម និង២៤ក្រាម។ ២-កេតាមីន (Ketamine) ទម្ងន់២២គីឡូក្រាម និង៦៨៤ក្រាម។ ៣-ហេរ៉ូអ៊ីន (Heroine) ទម្ងន់៧គីឡូក្រាម និង៤៣៤ ក្រាម។ សរុបសារធាតុញៀនទាំងអស់ មានទម្ងន់ ១៨៨គីឡូ១៤២ក្រាម។ ចាប់យកទ្រព្យសម្បត្តិដែលសង្ស័យជាផលកើតចេញពីបទល្មើសគ្រឿងញៀន រួមមាន សាច់ប្រាក់ជាង ៣០ម៉ឺនដុល្លារ អចលនទ្រព្យ រថយន្ត គណនីធនាគារ ប្រមាណតម្លៃរាប់លានដុល្លារអាមេរិក៕
