Thursday, July 17, 2025
Homeព័ត៌មានជាតិអ្នកការពារព្រៃឈើ តុលាការកោះហៅ ថាបើមានបញ្ហាដល់ជាប់គុក ក៏សុខចិត្ត

អ្នកការពារព្រៃឈើ តុលាការកោះហៅ ថាបើមានបញ្ហាដល់ជាប់គុក ក៏សុខចិត្ត

ខេត្តក្រចេះ ៖ បន្ទាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ ចេញលិខិតអញ្ជើញ (លើកទី២) ឲ្យចូលខ្លួនឆ្លើយបំភ្លឺ ពាក់ព័ន្ធនឹងការបង្ក្រាបការដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ លោកតាន់ គឹមសួរ ប្រធានសមាគមយុវជនស្រលាញ់ធនធានធម្មជាតិ ដែលជាសកម្មជនព្រៃឈើល្បីឈ្មោះ បានអះអាងថា លោកមិនគេចវេះទេ នឹងចូលទៅឆ្លើយបំភ្លឺ តាមការកោះរបស់តុលាការ ហើយលោកបានលើកឡើងថា ក្នុងជីវិតជាអ្នកការពារព្រៃឈើ បើមានបញ្ហាដល់ថ្នាក់ជាប់គុក  ដោយសារតែការបង្ហាញភាពស្មោះត្រង់ ខ្វាយខ្វល់ពិតប្រាកដចំពោះធនធានធម្មជាតិ លោកសុខចិត្តទទួល ព្រោះតាំងពីដើមមក លោកមិនដែលខ្វល់ពីខ្លួនឯងឡើយ ។

លោកតាន់ គឹមសួរ បានបង្ហោះរូបភាពរបស់ខ្លួន និងដីកាកោះរបស់តុលាការ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ជាមួយសំណេរថា “គោរពទទួលបាន ខ្ញុំនឹងចូលតាមកាលកំណត់។ នេះឆ្លុះបង្ហាញអំពីការយកចិត្តទុកដាក់ខ្វាយខ្វល់ដ៏ពិតប្រាកដរបស់អយ្យការអមសលាដំបូងខេត្តក្រចេះ ចំពោះសម្បត្តិធនធានធម្មជាតិជាតិយើង“ ។

លោកតាន់ គឹមសួរ បានសរសេរបន្ថែម នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ថា “ខ្ញុំបានចូលរួមបម្រើការងារក្នុងវិស័យបរិស្ថាន ដោយស្ម័គ្រចិត្តនេះ ចាប់តាំងពី ២០១៨ មកម្ល៉េះ ដូចនេះហើយ ខ្ញុំយល់ពីកិច្ចការងារនេះច្បាស់ណាស់ រឿងប្រឈមយ៉ាងម៉េច ក៏ខ្ញុំធ្លាប់ជួបដែរ វាជាកិច្ចការងារដែលប៉ះដល់ប្រយោជន៍ឆ្នាំងបាយរបស់គេ តែខ្ញុំនៅតែរក្សាចិត្តជម្នះទៅមុខជានិច្ច ព្រោះមានប្រជាជនយើងច្រើនណាស់ ដែលនៅចាំផ្ដល់កម្លាំងចិត្ត ខ្ញុំមិនខ្វល់ថាទៅថ្ងៃខាងមុខ ខ្ញុំនឹងទទួលបានជោគវាសនាយ៉ាងណានោះទេ ព្រោះខ្ញុំស្រលាញ់ធម្មជាតិ ខ្វល់ពីធម្មជាតិ“ ។

លោកតាន់ គឹមសួរ បានសរសេរបន្ថែម នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ថា “បើខ្ញុំមានបញ្ហាដល់ថ្នាក់ជាប់ទោស ដោយសារតែខ្ញុំបានបង្ហាញភាពស្មោះត្រង់ ខ្វាយខ្វល់ពិតប្រាកដចំពោះធនធានធម្មជាតិ ដែលជាសម្បត្តិដ៏មានតម្លៃកាត់ថ្លៃមិនបានរបស់ជាតិយើង ខ្ញុំសុខចិត្ត តាំងពីដើមមក ខ្ញុំមិនដែលខ្វល់ពីខ្លួនឯងផង” ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកតាន់ គឹមសួរ បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ថា រឿងតុលាការកោះហៅ និងការប្ដេជ្ញាចិត្តថា បើមានបញ្ហាដល់ជាប់គុក ក៏សុខចិត្តនោះ ជារឿង២ដាច់ដោយឡែកពីគ្នា គឺការកោះអញ្ជើញរបស់តុលាការខេត្តក្រចេះ ជាការកោះអញ្ជើញទៅបំភ្លឺជាសាក្សីដែលបានរាយការណ៍បទល្មើសព្រៃឈើ របស់ឈ្មួញឈើម្នាក់ និងការការចោទប្រកាន់ពីខាងរដ្ឋបាលខេត្តកំពង់ស្ពឺ ថាលោកបំភ្លៃការពិត ញុះញង់ បង្កឲ្យមានអំពើទុច្ចរិត ករណីជនខិលខូចព័ទ្ធយកដី៣ពាន់ហិកតារ នៅតំបន់ភ្នំឱរ៉ាល់ ។

លោកតាន់ គឹមសួរ បានមានប្រសាសន៍ថា “ បាទ! វាជារឿងពីរផ្សេងគ្នា ពាក់ព័ន្ធដីកាកោះអញ្ជើញហ្នឹង អាហ្នឹងគឺហៅខ្ញុំទៅបំភ្លឺក្នុងនាមជាសាក្សី ។ កាលពីប៉ុន្មានខែមុនហ្នឹង ខ្ញុំបានចុះទៅខាងខេត្តក្រចេះ ជួបប្រទះនូវការដឹកជញ្ជូនផលព្រៃឈើខុសច្បាប់ របស់លោកកៀង ធា ដែលជាឧក្រិដ្ឋជនព្រៃឈើនៅតំបន់ហ្នឹងដុះស្នឹម ខ្ញុំក៏រាយការណ៍ទៅខាងជំនាញ ជាពិសេសគឺផ្នែករដ្ឋបាលព្រៃឈើផ្ទាល់តែម្ដង ដើម្បីចុះមកបង្រ្កាប ហើយក្រោយមកទៅ ក៏យើងបានធ្វើកំណត់ហេតុឡើងទៅ ដើម្បីបញ្ជូនសំណុំរឿងទៅតុលាការ ហើយតុលាការគឺគេចេញដីកាកោះនេះ គឺគេកោះអញ្ជើញឲ្យយើងទៅបំភ្លឺក្នុងនាមជាសាក្សីទេ ។ ប៉ុន្តែការបញ្ជាក់លិខិតនោះថា ឲ្យចូលមកឆ្លើយបំភ្លឺពីដំណើររឿងករណី៖ ដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតនោះ អាហ្នឹងខ្ញុំក៏អត់យល់ពីសំណេរមួយហ្នឹងដែរ ខ្ញុំកំពុងតែធ្វើការទាក់ទងទៅអ្នកដែលគាត់បញ្ជូនលិខិតហ្នឹងមកឲ្យខ្ញុំដូចគ្នាដែរ ព្រោះសំណេរហ្នឹងធ្វើឲ្យមានការយល់ច្រឡំច្រើន តាមសារព័ត៌មានចុះច្រើនមែនទែន ។ ប៉ុន្តែអាចសាក់ទាក់ទងសួរទៅអយ្យការផ្ទាល់ទៅ ថាតើគាត់សរសេរហ្នឹងក្នុងន័យអ្វីវិញ? បើសួរខ្ញុំៗមិនដឹងថា អាហ្នឹងវាជាអត្ថន័យអ្វីដែរ ប៉ុន្តែតាមតាមអ្វីដែលខ្ញុំឆ្លងកាត់ គឺខ្ញុំជាអ្នកដែលជួបប្រទះបទល្មើសព្រៃឈើ ហើយខ្ញុំរាយការណ៍ទៅស្ថាប័នពាក់ឲ្យបង្ក្រាបទេ ខ្ញុំគិតថាអ៊ីចឹង ប៉ុន្តែមិនដឹងថា ចេតនារបស់អយ្យការអមសាលាដំបូងខេត្តក្រចេះហ្នឹង គឺគេសរសេរមកហ្នឹង គឺក្នុងន័យអ្វីដែរ ។ ប៉ុន្តែយ៉ាងណា ខ្ញុំនឹងចូលទៅតាមការអញ្ជើញនេះ ហើយលើកទី១ហ្នឹង ខ្ញុំអត់បានទទួលដីកាទេ ប៉ុន្តែចេញលើកទី២មក ដល់អ៊ីចឹងទៅមិនដឹងថាយ៉ាងម៉េចដែរ” ។

លោកតាន់ គឹមសួរ បន្តថា “ ចំពោះការបញ្ជាក់របស់ខ្ញុំថា ទោះបើមានបញ្ហាដល់ជាប់គុក ក៏សុខចិត្តដែរ អាហ្នឹងគឺជាករណីដាច់ដោយឡែកផ្សេងមួយទៀត ព្រោះដឹងស្រាប់ហើយ ការធ្វើកិច្ចការងាររបស់ខ្ញុំនេះ គឺប្រឈមខ្លាំងណាស់ ខ្ញុំធ្វើឲ្យមានការប៉ះពាល់ដល់ផលប្រយោជន៍របស់ជនខិលខូចមួយចំនួន ។ អ៊ីចឹងជនខិលខូចមួយចំនួនហ្នឹងក៏គេមិនសប្បាយចិត្តជាមួយយើងដែរ ដូចបានឃើញអ៊ីចឹង ។ អ៊ីចឹងគេអាចរកវិធីដើម្បីធ្វើយ៉ាងណាឲ្យយើងមានបញ្ហា ដូចកាលពីពេលថ្មីៗនេះ នៅខាងតំបន់ភ្នំឱរ៉ាល់នេះ មានការឆកព្រំដើម្បីព័ទ្ធយកដីចូល៣ពាន់ហិកតារ តាមអ្វីដែលខ្ញុំសាកសួរបានពីតៃកុងគ្រឿងចក្រហ្នឹងតែម្ដង ហើយក៏មានការចោទប្រកាន់ពីខាងរដ្ឋបាលខេត្តកំពង់ស្ពឺ មកដែរ ថាខ្ញុំហ្នឹងបំភ្លៃការពិត ទាំងរឿងហ្នឹងគឺជារឿងពិត ហើយចោទប្រកាន់ថាខ្ញុំញុះញង់ បង្កឲ្យមានអំពើទុច្ចរិតយ៉ាងម៉េចអីយ៉ាងម៉េចអ៊ីចឹង ។ ប៉ុន្តែខ្ញុំទើបតែចុះមកពីតំបន់ហ្នឹងទេ ហើយប្រជាជននៅតំបន់ហ្នឹង គាត់ហ៊ានអះអាងជំនួសខ្ញុំថា អ្វីដែលខ្ញុំអះអាង គឺសុទ្ធតែជាការពិតទាំងអស់ គឺមិនមានការបំភ្លៃ ឬក៏មានការញុះញង់តាមការចោទប្រកាន់របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នោះទេ “ ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោកតាន់ គឹមសួរ សកម្មជនព្រៃឈើ ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីសាលាដំបូងខេត្តក្រចេះ បានចេញលិខិតអញ្ជើញលោកតាន់ គឹមសួរ ជាលើកទី២ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៨៩ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ។

នៅក្នុងលិខិតអញ្ជើញ (លើកទី២) ចុះថ្ងៃអង្គារ ០៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បញ្ជាក់ថា “យើង អឿន សំអុល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ អញ្ជើញឈ្មោះ តាន់ គឹមសួរ ប្រធានសមាគមនិយុវជនស្រឡាញ់ធម្មជាតិ លំនៅបច្ចុប្បន្ន ៖ ភូមិថ្លើម ឃុំត្រពាំងជោរ ស្រុកឱរារ៉ាល់ ខេត្តកំពង់ស្ពឺ ឱ្យចូលមកកាន់អយ្យការអមសាលាដំបូងខេត្តក្រចេះ (ព្រះរាជអាជ្ញារង បន្ទប់ “ឃ”) នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៖ ០៨និង៣០នាទីព្រឹក ដើម្បីចូលមកឆ្លើយបំភ្លឺនៅចំពោះមុខយើង ពីដំណើររឿងករណី ៖ ដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត ប្រព្រឹត្តនៅចំណុចភូមិឫស្សីកែវ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៥។ សាមីខ្លួន ត្រូវមកតាមដីកាកោះនេះ ឱ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងខាងលើនេះ មកជាមួយផង ប្រសិនបើមាន“។

គួរបញ្ជាក់ថា សកម្មភាពចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ និងការពារធនធានធម្មជាតិ របស់លោកតាន់ គឹមសួរ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍គាំទ្រ និងកោតសរសើរពីជនរួមជាតិខ្មែរ ទូទៅប៉ុណ្ណោះទេ ថែមទាំងទទួលការចាប់អារម្មណ៍គាំទ្រនិងលោកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល ផងដែរ ដោយលោកតាន់ គឹមសួរ ធ្លាប់បានទទួលកិត្តិយសពីសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យជួបផ្ទាល់ ហើយលោកតាន់ គឹមសួរ បានឲ្យដឹងថា សម្តេច បានគាំទ្រនិងលើកទឹកចិត្តឲ្យលោកបន្តការងារចូលរួមជួយការពារព្រៃឈើនិងធនធានធម្មជាតិនេះ បន្តទៀត ហើយលោកធ្លាប់បានប្រគល់ផែនទី 3D តំបន់ភ្នំឱរ៉ាល់ ជូនសម្ដេចនាយករដ្ឋមន្ត្រី ដោយសម្ដេច មានសេចក្ដីពេញចិត្តជាខ្លាំង ដែលលោកជឿជាក់ថា សម្ដេច នឹងមិនអនុញ្ញាតឲ្យជនខិលខូច រំលោភបំពាន ឈូសបំផ្លាញដីព្រៃភ្នំឱរ៉ាល់ ជាដាច់ខាត ព្រោះសម្ដេចស្រលាញ់ធនធានធម្មជាតិខ្លាំងណាស់៕ កុលបុត្រ

RELATED ARTICLES