Monday, August 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចោរលួចម៉ូតូ ជាប់ខ្នោះទាំងអ្នកទិញ រកឃើញម៉ូតូ ១០គ្រឿង

 ចោរលួចម៉ូតូ ជាប់ខ្នោះទាំងអ្នកទិញ រកឃើញម៉ូតូ ១០គ្រឿង

ខេត្តតាកែវ ៖ ជនសង្ស័យ ចំនួន៤នាក់ ក្នុងនោះ២នាក់ ជាមុខសញ្ញាលួចម៉ូតូ យ៉ាងសកម្ម និងនាក់ទៀត ជា មុខសញ្ញាទទួលផលចោរកម្ម (ទិញម៉ូតូចខោរ) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវឃាត់ខ្លួនបានទាំង៤នាក់ ព្រមទាំងដកហូតបានវត្ថុតាងជាក់ស្តែង ម៉ូតូ ចំនួន១០គ្រឿង។

ការបង្ក្រាបករណីលួចម៉ូតូ និងទទួលផលចោរកម្មនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចឃុំខ្វាវ ស្រុកសំរោង។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសុខ សង្ហា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទួលសាំងក ឃុំអង្គរបុរី ស្រុកអង្គរបុរី (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងលួចសកម្ម)។ ទី២-ឈ្មោះមៀង ឧសភា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិចារ ឃុំរវៀង ស្រុកសំរោង (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន លួចសកម្ម និងធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំ)។ ទី៣-ឈ្មោះស៊ុន ប៉ាលី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំខ្វាវ ស្រុកសំរោង (ទទួលផលចោរកម្ម) និងទី៤-ឈ្មោះស៊ុ សៀប ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅ ភូមិត្រពាំងរាំង ឃុំខ្វាវ ស្រុកសំរោង (ទទួលផលចោរកម្ម)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរ បាលខេត្តតាកែវ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ភី ឆុន អធិការនគរបាល ស្រុកសំរោង បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដរដ្ឋាលខ្វាវ ជំរះពេន បឹងត្រាញ់ខាងជើង ធ្វើការបង្ក្រាបបានករណីអំពើលួច (កាច់កម៉ូតូ) និងទទួលផលចោរកម្ម មួយករណី ស្ថិតនៅចំណុចឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដោយនៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ (១-ឈ្មោះសុខ សង្ហា ២-ឈ្មោះមៀង ឧសភា ៣-ឈ្មោះស៊ុន ប៉ាលី ៤-ឈ្មោះស៊ុ សៀប) ព្រមទាំងដកហូតវត្ថុតាង រួមមាន ម៉ូតូចំនួន១០គ្រឿង និងសម្ភារៈមួយ ចំនួនទៀត។

ជនសង្ស័យទាំង៤នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES