Wednesday, August 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាហានថៃ រំលោភដែនអធិបតេយ្យកម្ពុជា ចូលតំបន់អានសេះ រាយបន្លាលួស

ទាហានថៃ រំលោភដែនអធិបតេយ្យកម្ពុជា ចូលតំបន់អានសេះ រាយបន្លាលួស

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីទាហានថៃ បានបញ្ជូនកម្លាំងប្រដាប់អាវុធគ្រប់ដៃ និងគ្រឿងចក្រ ចូលក្នុងតំបន់អានសេះ ដែលជាដែនអធិប តេយ្យរបស់កម្ពុជា ថែមទាំងបានរាយលួសបន្លា លើដីកម្ពុជា បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំ ណាក់កងកម្លាំងរបស់កម្ពុជា យ៉ាងណាក៏ដោយ ដែលទង្វើនេះ គឺជាការរំលោភបទឈប់បាញ់ យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់បំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «ក្រសួងការពារជាតិ សូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម ៖

នៅវេលាម៉ោង ១១ព្រឹកនេះ ថៃ បានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។

គួររំលឹកផងដែរថា កម្ពុជា ទើបតែបានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេស ប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា។ ទង្វើនេះ គឺជាការរំលោភដល់បទឈប់បាញ់ យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។ កម្ពុជា សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូ ដែលបានខិតខំប្រឹង ប្រែងជួយឱ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះ ត្រូវបានអនុវត្តដោយពេញលេញ និងប្រកបប្រសិទ្ធភាព ទាមទារឱ្យថៃ បញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា»។

ជុំវិញទង្វើរំលោភបំពានយ៉ាងគឃ្លើនរបស់ភាគីថៃ ខាងលើនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ថៃ កាន់តែចូលអន្ទាក់ច្បាប់អន្តរជាតិ ជ្រៅទៅៗ ប្រឈមនឹងបទឈ្លានពានរដ្ឋអធិប តេយ្យ តាមច្បាប់អន្តរជាតិ ហើយថៃ កាន់តែបង្ហាញថា ខ្លួនបំពានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលតម្រូវឱ្យឈប់បាញ់ ដោយឥតលក្ខខណ្ឌ ហាមចល័ត បង្កើនកម្លាំង យុទ្ធោបករណ៍  និងជាការប្រមាថសហរដ្ឋអាមេរិក ចិន ម៉ាឡេស៊ី និងអនុព័ន្ធយោធានានា ព្រមទាំងបណ្ដាអង្គទូតជាច្រើន ដែលបានចុះទៅអង្កេតការអនុវត្តបទឈប់បាញ់។

លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោក នៅរសៀ លថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ថា «ថៃ កាន់តែចូលអន្ទាក់ច្បាប់អន្តរជាតិ! ការបញ្ជូនកម្លាំងកាន់អាវុធគ្រប់ដៃ និងគ្រឿងចក្រ ចូលក្នុងតំបន់អានសេះ និងតំបន់ផ្សេងទៀត ហើយថែមទាំងបានរាយបន្លាលួស ដែលជាដែនអធិ បតេយ្យរបស់កម្ពុជា នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បើទោះបីជាកងកម្លាំងកម្ពុជា ហាម ឃាត់យ៉ាងខ្លាំងក្លាក៏ដោយនោះ គឺថៃ ខ្លួនឯងទេ ៖

១. ថៃ កំពុងដើរចូលអន្ទាក់ច្បាប់អន្តរជាតិ កាន់តែជ្រៅទៅៗ ជាប្រៀបឈ្នះរបស់កម្ពុជា នៅតុលាការអន្តរជាតិ។ យើងអនុវត្តយុទ្ធសាស្ត្រ «បន្លាយខ្សែឱ្យវែង ចាប់ត្រីធំ»។ ថៃ គឺជាត្រី ដែលកម្ពុជា អង្គុយស្ទូច និងរង់ចាំវាត់!

២. ថៃ ប្រឈមនឹង «បទឈ្លានពានរដ្ឋអធិបតេយ្យ» តាមច្បាប់អន្តរជាតិ។ សូមចាំថា រាល់ប្រតិបត្តិការយោធាលើបូរណភាពដែនដីរដ្ឋដទៃ ដោយគ្មានការយល់ព្រម គឺជាការឈ្លានពាន។ សកម្មភាពនេះ ជាភ័ស្ដុតាងដែលថៃ ពិបាករកមេធាវីសម្រាលបន្ទុក និងត្រូវចារក្នុងប្រវត្តិសាស្ត្រថា ជាប្រទេសប្រព្រឹត្តិបទឈ្លានពានរដ្ឋដទៃ ដែល ជាឧក្រិដ្ឋកម្មអន្តរជាតិ។

៣. ថៃ កាន់តែបង្ហាញថា ខ្លួនបំពានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ នាថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយតម្រូវឱ្យឈប់បាញ់ ដោយឥតលក្ខខណ្ឌ ហាមប្រាមចល័ត បង្កើនកម្លាំង យុទ្ធោបករណ៍  និងជាការប្រមាថសហរដ្ឋអាមេរិក ចិន ម៉ាឡេស៊ី និងអនុព័ន្ធយោធានានា ព្រមទាំងបណ្ដាអង្គទូតជាច្រើន ដែលបានចុះទៅអង្កេតការអនុវត្តបទឈប់បាញ់។

៤. ថៃ ប្រតិបត្តិការយោធាលើអធិបតេយ្យរបស់កម្ពុជា នេះគឺជាការបង្កលេសសង្គ្រាម និងគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅតាមតំបន់បណ្តោយព្រំដែននៃប្រទេសទាំងពីរ។

៥. ថៃ ប្រតិបត្តិការយោធា លើដែនអធិបតេយ្យរបស់កម្ពុជា នេះ គឺកាន់តែត្រដាងកេរ្តិ៍កណ្ដាលវាល ប្រាប់អន្តរជាតិថា អ្វីៗគឺសុទ្ធតែខ្លួនជាអ្នកចាប់ផ្ដើមមុនរហូតមក «Thai Attacked first»។

យើងបញ្ជាក់ជាថ្មីថា កម្ពុជា ទើបតែបានរៀបចំនូវដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេស ប្រចាំនៅកម្ពុជា ទៅកាន់តំបន់អានសេះ ដែលជាដែនដីរបស់កម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ យើងបន្តអត់ធ្មត់ មិនចាញ់ឧបាយអមិត្ត តែប្រមូលភ័ស្ដុតាង បម្រើសំណុំរឿងនៅតុលាការអន្តរជាតិ។ យើងខាំមាត់សង្កត់ចិត្ត «សងំមិនមាត់ ដូចពស់ចាំចឹកសម្លាប់» តែម្ដង ដូចដែលសម្ដេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍កន្លងទៅ»។

គួរបញ្ជាក់ដែរថា សកម្មភាពឈ្លានពាន និងរំលោភបទឈប់បាញ់ របស់ភាគីថៃ ខាងលើនេះ គឺបានធ្វើឡើងស្របពេលដែលក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ចំនួន៧ប្រទេស បានចេញទៅសង្កេតការណ៍នៅបណ្តាទីតាំងមួយចំនួន ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់។ ក្នុងនោះរួមមាន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ខ្លាំងនៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ ។

 យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេត ការ ណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) មកពី ៦ប្រទេស រួមមាន ៖ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងវៀតណាម ដឹកនាំដោយវរសេនីយ៍ឯក ណាហ្សាលី ប៊ីន អាប់ឌុល រ៉ាហ៊ីម ( NAZLEE BIN ABDUL RAHIM) អនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី បានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់នៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់ ដែលបេសកកម្មនេះ មានរយៈពេល ២សប្តាហ៍ពេញ។

 ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាវេលាម៉ោង ១១:០០ព្រឹក ថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា សកម្មភាពនេះ កើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលបាននាំទៅដល់ការឯកភាពគ្នាលើបទឈប់បាញ់។

 លោកស្រី  ម៉ាលី សុជាតា បានមានប្រសាសន៍ថា “ការចូលរួមរបស់ប្រទេសដៃគូទាំងនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ ទទួលបានជោគជ័យ និងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ“ ។

 ការចុះទៅអង្កេតការណ៍របស់អនុព័ន្ធយោធាអាស៊ាន នៅខេត្តឧត្តរមានជ័យ និងព្រះវិហារ នាពេលនេះ កើតឡើងបន្ទាប់ពីអនុព័ន្ធយោធា មកពីប្រទេសចំនួន១៣ ប្រចាំកម្ពុជា បានបំពេញទស្សនកិច្ចនៅទីតាំងនានាដែលមានការប្រយុទ្ធគ្នានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងតំបន់ប្រាសាទព្រះវិហារ កាលពីចុងខែកក្កដា។ ការចុះត្រួតពិនិត្យរបស់អនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា កាលណោះ ត្រូវបានក្រសួងការពារជាតិកម្ពុជា អះអាងថា ជាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកងទ័ពកម្ពុជា និងថៃ។

 គួររំលឹកថា បទឈប់បាញ់រវាងកម្ពុជានិងថៃ បានចូលជាធរមាន កាលពីម៉ោង ១២រំលងអធ្រាត្រថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ការសម្រេចបាននូវបទឈប់បាញ់នេះ គឺមានការអន្តរាគមន៍ខ្លាំងពីសំណាក់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ជាពិសេសពីសំណាក់លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋ អាមេរិក និងចិន ជាតួអង្គសំខាន់ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី។

ក្នុងអំឡុងពេលមានបទឈប់បាញ់នេះដែរ ទោះបីជាជម្លោះប្រដាប់អាវុធបានស្ងប់ស្ងាត់ក៏ពិតមែន ក៏កងទ័ពទាំង២ភាគី គឺ ថៃ និងកម្ពុជា នៅបន្តចរចាគ្នានៅឡើយ។ ជាក់ស្ដែង កិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) បានបើកទ្វារនៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ តែកិច្ចប្រជុំនេះ ត្រូវបានភាគីថៃព្រមព្រៀងឱ្យប្រទេសទី៣ គឺម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន អាចចូលរួមសង្កេតការណ៍បានតែក្នុងថ្ងៃទី៧ ខែសីហា ប៉ុណ្ណោះ។ ទាំងកម្ពុជា និងថៃ ចាត់ទុកថា កិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែន ជាកិច្ចប្រជុំមួយដ៏សំខាន់ ដែលធ្វើឡើងលើកទី១ ហើយមានភាគីទី៣ ចូលរួម បន្ទាប់ពីប្រទេសទាំង២ សម្រេចបានបទឈប់បាញ់គ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈការសម្របសម្រួលពីម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ក្រោមក្រសែភ្នែកតាមដានរបស់ចិន ។

ក្នុងនោះ ដូចការគ្រោងទុក កិច្ចប្រជុំថ្នាក់លេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្ដើមនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ។ កិច្ចប្រជុំថ្ងៃនេះ ផ្តោតសំខាន់ទៅលើបៀបវារៈ ប៉ុន្តែចំពោះលទ្ធផល នឹងត្រូវរង់ចាំរហូតដល់ថ្ងៃប្រជុំចុងក្រោយ គឺថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលជាកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសកម្ពុជា និងថៃ ៕

RELATED ARTICLES