ភ្នំពេញ ៖ ស្រីស្អាត២នាក់ ធ្លាប់ជាមិត្តភក្តិមានទំនាក់ទំនងល្អ ល្អូកល្អិនជាមួយគ្នា ស្រាប់តែក្រោយមក អ្នកទាំងពីរប្រែក្លាយទៅជាសត្រូវ មើលមុខគ្នាលែងចំ ដោយសារការខ្ចីលុយគ្នា មិនសងតាមការកំណត់ ធ្វើឱ្យភាគីម្ចាស់បំណុល ទម្លាយផ្អើលពេញបណ្តាញសង្គម។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ស្ត្រីស្អាតម្នាក់ ដែលជាម្ចាស់បំណុល និងមានគណនីហ្វេសប៊ុក ឈ្មោះ Ah Thea បានស្កាត់ទៅរកស្រីស្អាតម្នាក់ទៀត ដែលជាមិត្តភក្តិនិងជាកូនបំណុលរបស់ខ្លួន ដើម្បីទារលុយ និងថែមទាំងបានឡាយវីដេអូឡាយ តាមបណ្តាញសង្គម ភ្ជាប់ជាមួយនឹងសំណេរថា “មីថោកទាប អ្ងែងតិចទៀតកម្មអ្ងែងមកដល់ទៀតហើយ ថ្ងៃ៥អាទិត្យក្រោយ កុំភ្លេចចូលដោះស្រាយរឿងលុយគេផង កុំគេចវេះ មីដើរបោកគេ អត់លុយសងគេទេ តែមានលុយប្តឹងគេ…”។

តាមរយៈវីដេអូខាងលើ ស្ត្រីជាម្ចាស់បំណុល បានថតឡាយនៅមាត់ទ្វារបន្ទប់ជួលរបស់ស្រីស្អាតម្នាក់ ភ្ជាប់ជាមួយនឹងសម្តីធ្ងន់ៗដាក់ស្រីស្អាតជាកូនបំណុលថា “អ្ងែងជំពាក់លុយគេ អ្ងែងហាយសូរ អ្ងែងនៅបកស្រាយអីគេ? អ្ងែងមានបង់លុយឱ្យអញរាល់ថ្ងៃអត់? អញបាននិយាយជាមួយអ្ងែងហើយតើ បើអត់បង់ឱ្យអញ ១ថ្ងៃ ២០ដុល្លារ អ្ងែងយកលុយអញ ធ្វើក្រដាសស្នាមដល់ផ្ទះអញ អញប្រាប់ហើយថា កុំឱ្យអ្ងែងរត់គេចក្នុងភ្នំពេញ ហ្នឹង យល់ទេ?…”។ ចំណែកស្រីស្អាតជាកូនបំណុល បានចោទសួរមកវិញថា “មានសិទ្ធិអីមកចូលផ្ទះខ្ញុំ ដោះ ស្រាយគ្នាតាមច្បាប់ ខ្ញុំប្តឹងទៅសាលាដំបូងហើយៗណាបង…”។ ភ្លាមនោះម្ចាស់បំណុល បានតបវិញថា “អញប្រាប់ហើយថា កុំឱ្យរត់គេចឱ្យសោះ អញប្រាប់ប៉ុន្មានដងហើយ នៅក្នុងភ្នំពេញ នេះអញរកអ្ងែងទាល់តែឃើញ ហើយបើចង់សុខ បង់ឱ្យអញ អ្ងែងអត់តបអញ”។ ស្រីស្អាតជាកូនបំណុល បានបន្តថា “រឿងអី ដោះស្រាយគ្នាតាមផ្លូវ ច្បាប់អត់មានមកគំរាមអ៊ីចឹងទេ ឥឡូវចូលមកដល់ក្នុងផ្ទះខ្ញុំ ចាប់ទូរស័ព្ទខ្ញុំយក…”។

ស្ត្រីជាម្ចាស់បំណុល បាននិយាយបន្តថា “អ្ងែងជំពាក់លុយគេច្រើនណាស់ យកលុយទៅទិញឡានជិះ ហាយសូ យកលុយទៅផឹកស៊ីនៅខ្យូស មានពេលណាស់ ថតវីដេអូ ថតទិកតុកអី អ្ងែងគួរអាណិតគេម្ចាស់លុយណា អ្ងែងគួរអាណិតគេម្ចាស់លុយ បើដឹងថាជំពាក់លុយគេហើយ អ្ងែងកុំថត កុំឡាយ ថតទិកតុក ហ៊ឺហា យកលុយទិញឡាន មែរសឺដេស ជិះហ៊ឺហា…”។

ដោយឡែក កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ស្ត្រីជាម្ចាស់បំណុលខាងលើ បានបង្ហោះវីដេអូ ចំនួន២ឃ្លីប បង្ហាញពីការជួបតទល់ជាមួយស្រីស្អាតជាកូនបំណុល ដោយភ្ជាប់ជាមួយសំណេរថា “មីចោរសំផឹងអស់ សាច់ មីតៃហោង អ្ងែងហៃសូណាស់ ដើរបោកលុយគេ ម្នាក់ៗទាំងពាន់ យកទៅទិញឡាន ហើយអ្ងែងថាប្រុសអ្ងែង ដែលអ្ងែងហៅប្តីពេញមាត់ ទិញឱ្យ មើលក្រដាសឡានអ្ងែង រំលស់ហ្នឹង ឈ្មោះមីឆ្កែណា? អ្ងែងនៅអីបកស្រាយមួយអញទៀតអត់? ចេញមកអញកំដរ ត្រឹមសន្តានសំផឹងដូចអ្ងែងអ៊ីចេះ គ្មានប្រុសណាគេយកអ្ងែងទេ មីកំពូលថោកទាប សុទ្ធថាពួកអញជាម្ចាស់លុយហ្នឹង ឃើញអ្ងែងមានបានតិចតួច ពួកអញច្រណែនអ្ងែង ពួកអញមិនបានទៅច្រណែនមីអ្ងែង ដើរធ្វើសំផឹង ដើរបោកលុយគេអ៊ីចឹងទេ អញទើបជួបទេលោកអើយ! ដើរបោកគេយកលុយទៅបង់រំលស់ឡានជិះហៃសូ ហើយនៅមានមុខចេញបកស្រាយលុយអញទៀត យុន សុខផល្លីន…”។

ទោះបីជាយ៉ាងណា ចំណែកស្រីស្អាតជាកូនបំណុល បនាសរសេរបំភ្លឺក្នុងគណនីហ្វេសប៊ុក ផ្ទាល់ខ្លួន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ថា “នឹកទឹកដៃបងស្រីថត ចង់ប្រាប់ថា នឹកខ្លាំង នៅសុខៗ នឹកបងស្រី ប្អូនស្រីម្នាក់នេះមិនចង់ចាញ់-ឈ្នះជាមួយបងស្រីឡើយ សុំត្រឹមតែការពារខ្លួនតែប៉ុណ្ណោះ។ ឱ្យប្អូនសុំទោស ដែលបងស្រីប្រដៅមិនស្តាប់ រឹងក្បាល សុំទោសរាល់កំហុសឆ្គងដែលមានទៅលើបងស្រី ប្អូនមិនដែលចង់មានបញ្ហានឹងបងស្រីឡ៉ើយ ពេលហ្នឹងឃើញពេលបងពិបាកចិត្តនឹង ខ្ញុំពិបាកចិត្ត ពួកយើងនៅជាមួយគ្នា លើកទឹកចិត្តគ្នា លុយអាចរកបាន តែមិត្តភាពល្អ មិនអាចរកបានឡើយ…”។

ដោយឡែក នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ស្រីស្អាតជាកូនបំណុល បានបង្ហោះនូវសំណេរមួយទៀតថា “ជនឆបោក ខ្ចីលុយមិនសង? មើលសុំសួរបងៗអ្នកខំមិនហ្នឹង ជាខ្ញុំមែន បានដឹងម៉្លេះ? លុយខ្ញុំបង់ឱ្យរាល់ថ្ងៃ ពេលខ្ញុំសុំខានមួយថ្ងៃ ព្រោះរកលុយមិនទាន់ មកផុសខ្ញុំ កន្លែងណាគេច? បើខ្ញុំគេចមិនមែន ខ្ញុំដាក់ពាក្យទៅតុលាការ និយាយថាសងលុយគាត់ តែសុំឈប់ឱ្យគាត់បង្ហោះជេរខ្ញុំទៀត។ មនុស្សអីមិនយោគយល់គ្នា សម័យនេះ បាន២០ដុល្លារ បង់រាល់ថ្ងៃហើយ រកអីទៀត លុយដើម នៅសល់៧៥០ដុល្លារ និងលុយការ ៧៥០ដុល្លារ សរុប១៥០០ ដុល្លារ បើចង់បានលុយមែន ម្តេចសុំលើកលែងមួយថ្ងៃ មិនព្រម? ខ្ញុំរកលុយសងតើ! ម៉េចក៏តាមរករឿង គំរាមវ៉ៃនឹងខ្ញុំ និងគំរាមសម្លាប់ខ្ញុំចឹង? ខ្ញុំចង់តែសងលុយ ម៉េចក៏ធ្វើបាបខ្ញុំ បង្ខាំងឱ្យនាងខ្ញុំថតវីដេអូសងលុយ ទាំងខ្ញុំអស់លទ្ធភាព ទាំងទឹកភ្នែក? អ្នកខ្លះនិយាយមើលងាយខ្ញុំ សាកមកធ្វើជាខ្ញុំម្តងមើល តើមានអាម្មណ៍យ៉ាងណា? ខ្ញុំជាកូនបំណុល មិនដែលតាំងខ្ញុំត្រូវទេ ព្រោះខ្ញុំជំពាក់គេ តែខ្ញុំមិនដែលមានបំណងមិនសងលុយឡើយ តែបើមកបិទដង្ហើមមិនឱ្យខ្ញុំដក សូម្បីមួយថ្ងៃ តើឱ្យខ្ញុំទៅរកលុយឯងណាទាន់?…”។

ជុំវិញរឿងរ៉ាវចម្រូងចម្រាស់ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពីភាគីទាំងសងខាងបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕ ដារិទ្ធ