ភ្នំពេញ ៖ នារីរូបស្រស់ ចំនួន២នាក់ ជិះម៉ូតូដឹកគ្នាក្នុងល្បឿនលឿន ឆ្លងស្តុបពណ៌បៃតង ស្រាប់តែមានរថយន្តទំនើប ម៉ាក Rolls Royce ១គ្រឿង បើកបរដោយបុរសជនជាតិចិន ម្នាក់ បំពានភ្លើងស្តុបក្រហម ធ្វើឱ្យម៉ូតូគេចមិនទាន់ ជ្រុលបុកចំពាក់កណ្តាលចំហៀងខាងស្តាំរថយន្តពេញទំហឹង បណ្តាលឱ្យភាគីនារីជាអ្នកជិះម៉ូតូ រងរបួសទាំង២នាក់ ហើយក្រោយកើតហេតុ បុរសជនជាតិចិន បើករថយន្តទំនើប បានសងសំណងទៅភាគីរងគ្រោះ ចំនួន២ពាន់ដុល្លារ ដើម្បីបញ្ចប់រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។



តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បានបើក រថយន្តទំនើប ១គ្រឿង ម៉ាក Rolls Royce ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AU-5555 ធ្វើដំណើរតាមបណ្តោយផ្លូវក្រមួនស ក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុ បានបើកបរបំពានស្តុបក្រហម ក្នុងល្បឿនលឿន ស្រាប់តែភ្លាមនោះ មាននារី២នាក់ ជិះម៉ូតូ ១គ្រៀង ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាក លេខ កណ្តាល 1AK-0436 ឌុបគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីជើង ទៅត្បូង ឆ្លងភ្លើងស្តុបបៃតង ក្នុងល្បឿនលឿន ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្ត Rolls Royce ចំពាក់កណ្តាលចំហៀងខាងស្តាំ ពេញទំហឹង បណ្តាលឱ្យរងការខូចខាតម៉ូតូ និងរថយន្តយ៉ាងដំណំ ចំណែកនារីជាអ្នកជិះម៉ូតូ ទាំង២ នាក់ បានរងរបួស បែកឈាមពេញផ្ទៃមុខ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។



ក្រោយពេលកើតហេតុ ភាគីរថយន្ត បានសម្រេចសងសំណងទៅកាន់ភាគីម៉ូតូ ចំនួន២០០០ដុល្លារ ដើម្បីបញ្ចប់រឿង៕