Thursday, August 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ឡានដឹកសាច់បង្កក ៦តោន

ចាប់ឡានដឹកសាច់បង្កក ៦តោន

ភ្នំពេញ ៖ មន្ត្រីជំនាញ សហការជាមួយកម្លាំងសមត្ថកិច្ច បានធ្វើការបង្ក្រាបរថយន្ត ១គ្រឿងដឹកសាច់សត្វបង្កក ប្រមាណជាង ៦ពាន់គីឡូក្រាម (ជាង៦តោន) ដែលគ្មានប្រភពច្បាស់លាស់ ចេញពីរាជធានីភ្នំពេញ បំណងចែកចាយលក់តាមបណ្តាខេត្ត។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ដោយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាប់បានរថយន្ត ១គ្រឿង មានដឹកសាច់សត្វបង្កក ចំនួន ៦៧៨០គីឡូក្រាម (៦តោន ៧៨០គីឡូក្រាម) ដែលក្នុងនោះ រួមមាន ជើងមាន់ គូទមាន់ ស្លាបមាន់ សាច់ជ្រូក ខ្លាញ់ជ្រូក ទាមូល សាច់គោ សាច់មាន់កិន និងសរសៃជើងមាន់។

លោកហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានបញ្ជាក់ថា រថយន្តខាងលើ បានដឹកសាច់សត្វបង្កក ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅចែកចាយលក់នៅតាមបណ្តាខេត្ត ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ លើសពីនេះ សាច់បង្កកទាំងនេះ គ្មានប្រភពច្បាស់លាស់ និងដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេសទៀតផង។

បច្ចុប្បន្ន ក្រុមការងារ បាននាំយកវត្ថុតាងបទល្មើសខាងលើ មករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES