Sunday, August 10, 2025
Homeសង្គម និងជីវិតយុវតីភៀសសឹក រៀនអត់គ្រូ ចេះ៤ភាសា 

យុវតីភៀសសឹក រៀនអត់គ្រូ ចេះ៤ភាសា 

ខេត្តឧត្តរមានជ័យ ៖ យុវតីភៀសសឹក ១រូប បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងមានមោទនភាពចំពោះនាងយ៉ាងខ្លាំង ខណៈដែលបានឃើញពីសមត្ថភាពនិយាយភាសាអង់គ្លេសរបស់នាងយ៉ាងស្ទាត់ជំនាញ ជាមួយជនបរទេស លុះក្រោយពេលសួរនាំ ទើបដឹងថា យុវតីរូបនេះ រៀនអត់គ្រូនោះទេ ប៉ុន្តែចេះដល់ទៅ ៤ភាសា ដោយក្នុងនោះ ភាសាដែលនាងអាចប្រើការបាន គឺភាសាអង់គ្លេស ដែលនាងរៀនតាមអនឡាញ ត្រឹមតែរយៈពេលប្រមាណ ៧ខែប៉ុណ្ណោះ។

យុវតីភៀសសឹក ដែលរៀនអត់គ្រូ ចេះ៤ភាសា មានឈ្មោះប៉ាវ គីមហួយ ហៅ Nelly អាយុ១៦ឆ្នាំ មានលំ នៅក្នុងភូមិគោកគត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ យុវតី ប៉ាវ គីមហួយ ហៅ Nelly ជាក្មេងកំព្រាឪពុក រស់នៅជាមួយម្តាយ និងមានបងប្អូនដល់ទៅ ១០នាក់ ដោយសារតែជីវភាពខ្វះខាត ទើបនាងត្រូវបង្ខំចិត្តឈប់សិក្សាត្រឹមថ្នាក់ទី៨ ដើម្បីធ្វើការរកលុយផ្គត់ផ្គង់គ្រួសារ ប៉ុន្តែបន្ទាប់ពីមានសង្គ្រាមឈ្លានពានដោយកងទ័ពថៃ មកលើទឹកដីនៃប្រទេសកម្ពុជា រូបនាង រួមជាមួយក្រុមគ្រួសារ បានចាកចោលផ្ទះសម្បែង មកស្នាក់នៅក្នុងជំរំជនភៀសសឹក នៅក្នុងខេត្តឧត្តរមានជ័យ។ ដោយមានចិត្តស្រលាញ់ការស្វែងយល់ និងការខិតខំប្រឹងប្រែងដោយខ្លួនឯង នាងបានចាប់ផ្តើមរៀនភាសាបរទេស ដោយខ្លួនឯង នៅពេលទំនេរ ហើយភាសាដែលនាងអាចប្រើបានល្អបំផុតគឺ ភាសាអង់គ្លេស។ នាងអាចនិយាយ ស្តាប់ និងយល់បានយ៉ាងល្អ និងអាចផ្សព្វ ផ្សាយនិយាយជាមួយជនបរទេសបាន ដោយទំនុកចិត្ត រហូតធ្វើឱ្យមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម មានការភ្ញាកផ្អើលយ៉ាងខ្លាំង។

យុវតី ប៉ាវ គីមហួយ បានរៀបរាប់ប្រាប់ថា នាងជាកូនពៅ ក្នុងចំណោមបងប្អូន ចំនួន១០នាក់ ដោយឪពុករបស់នាង ទទួលមរណភាព រយៈពេលជាង១ខែមកហើយ ចំណែកម្តាយនាង មានឈ្មោះបៀន កួយ អាយុ៦៣ឆ្នាំ។ កន្លងមក នាងធ្លាប់បានរៀនសូត្រដល់ថ្នាក់ទី៨ ហើយក៏ធ្លាប់រៀនភាសាអង់គ្លេស ខ្លះៗដែរ តែក្រោយមក ដោយសារតែឪពុករបស់នាងមានជំងឺប្រចាំកាយ ឈឺរយៈពេល៥ឆ្នាំ និងធ្ងន់បំផុតក្នុងរង្វង់២ឆ្នាំចុងក្រោយនេះ ទើបនាងសម្រេចចិត្តឈប់រៀនត្រឹមថ្នាក់ទី៨ ដើម្បីជួយមើលថែឪពុក និងជួយការងារម្តាយ។

យុវតី ប៉ាវ គីមហួយ បានបន្តថា ចំពោះការនិយាយភាសាអស់គ្លេស ជាមួយជនបរទេស រហូតធ្វើមានការភ្ញាក់ផ្អើលនេះ គឺនាងទើបនឹងរៀនបានរយៈពេលប្រមាណ ៧ខែប៉ុណ្ណោះ និងទើបយកចំណេះនេះមកប្រើការជាលើកដំបូង ហើយការរៀនរបស់នាង គឺនាងមិនបានចូលសាលា ឬរៀនសូត្រពីគ្រូណានោះឡើយ ពោលគឺនាងរៀនដោយខ្លួនឯង តាមអ៊ីនធឺរណែត (អនឡាញ)។ សព្វថ្ងៃនាងកំពុងរៀនដោយខ្លួនឯងតាមអនឡាញ ចំនួន៣ភាសាសំខាន់ៗ គឺភាសាអង់គ្លេស ភាសាឥណ្ឌូនេស៊ី និងភាសាចិន ដែលភាសាទាំង២នេះ (ឥណ្ឌូនេស៊ី និងចិន) នាងទើបនឹងរៀនបានរយៈពេលខ្លីប៉ុណ្ណោះ មិនទាន់បាន ១ខែនៅឡើយ ហើយនាងក៏មានគម្រោងបន្តសិក្សាភាសាថ្មីៗបន្ថែមទៀត ដូចជា ភាសាកូរ៉េ និង ភាសាជប៉ុន។

បន្ទាប់ពីបានឃើញនិងដឹងពីសមត្ថភាពដ៏ពិសេសរបស់យុវតីភៀសសឹករូបនេះ មានសប្បុរសជនជាច្រើន បានផ្តល់ការឧបត្ថម្ភជាបន្តបន្ទាប់ ដល់រូបនាង ដោយក្នុងនោះ លោកស្រី សុខ រស្មី ម្ចាស់ក្រុមហ៊ុន សារ៉ាយសមុទ្រ ស៊ីប៊ែល ប៉ារីស បានជួយឧបត្ថម្ភជាទឹកប្រាក់ ជូនយុវតី ប៉ាវ គីមហួយ ចំនួន២លានរៀល។ ចំណែកក្រុមហ៊ុនហនុមាន បានផ្តល់ជាប្រាក់ឧបត្ថម្ភប្រចាំខែ ដល់យុវតី ប៉ាវ គីមហួយ ចំនួន៣០០ដុល្លារ រយៈពេល៣ឆ្នាំ ដើម្បីជួយសម្រាលបន្ទុកគ្រួសារ និងដើម្បីការសិក្សារៀនសូត្របន្ត ឈានទៅចាប់យកឱកាសនិងក្តីប្រាថ្នាធ្វើជាគ្រូ បង្រៀន នៅថ្ងៃអនាគត។

ដោយឡែកលោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបញ្ជាក់តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ថា “ព្រឹកនេះខ្ញុំ ឯកឧត្តមឧកញ៉ា ប៉ិច ប៉ូឡែន អគ្គ នាយកសាលាអន្តរជាតិ វែសឡាញ និងលោកជំទាវ ប៉ុក ណណ្តា ប្រធានសហព័ន្ធស្ត្រីអ្នកជំនួញកម្ពុជា  បានជួបយុវតីភៀសសឹក ឈ្មោះ ប៉ាវ គីមហួយ ហៅក្រៅ  Nelly ដើម្បីពិភាក្សាអំពីការរៀនសូត្របន្តនៅភ្នំពេញ។ យើងខ្ញុំសូមបញ្ជាក់ថា យុវតី ប៉ាវ គីមហួយ គឺចង់រៀនបន្ត និងធ្វើជាគ្រូបង្រៀន  ឆ្លើយតបនឹងបំណងក្មួយស្រី ឯកឧត្តមឧកញ៉ា ប៉ិច ប៉ូឡែន នឹងរៀបចំការរៀនសូត្រ ស្នាក់នៅ ដល់យុវតី រួមទាំងផ្តល់ការងារឱ្យម្តាយ និងបងប្រុសយុវតី ទទួលបានប្រាក់ខែ ថែមទៀតផង។ ចំណែកខ្ញុំ និងលោកជំទាវ ប៉ុក ណណ្តា នឹងជួយសម្រប សម្រួលបំពេញបន្ថែម ចំពោះតម្រូវការផ្សេងទៀត ជាមួយក្រុមហ៊ុន និងសប្បុរសជន ១ចំនួន ដែលបានកំពុងជួយក្មួយ ដោយក្នុងនេះ លោកជំទាវ ប៉ុក ណណ្តា និងឆ្លៀតពេលវេលាជួយបណ្តុះបណ្តាលបន្ថែម ពង្រឹងសមត្ថភាពក្មួយស្រី ឱ្យក្លាយជាស្ត្រីឆ្នើម ជាធនធានមនុស្ស មានចំណេះដឹងខ្ពស់តទៅអនាគត ដើម្បីរួមចំណែកបម្រើប្រទេសជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ…”៕ ដារិទ្ធ

RELATED ARTICLES