ខេត្តកំពង់ឆ្នាំង ៖ ផ្ទះឈើ មួយខ្នង ត្រូវបានអគ្គិភ័យឆេះខ្ទេចទាំងស្រុង និងថែមទាំងរាលឆេះផ្ទះ ១ខ្នងទៀត ដែលនៅជាប់នោះ បណ្តាលឱ្យរងការឆេះខូចខាតប្រហែល ២០ភាគរយ និងត្រូវបានកម្លាំងសមត្ថកិច្ចសហការជាមួយកម្លាំងជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយ អន្តរាគមន៍ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន១០ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។


ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិស្ពករាជ្យ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ។


លោកលុយ ឌីណា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកបង្ការនិងពន្លត់អគ្គិភ័យ បានបញ្ជាក់ថា ផ្ទះទាំង២ខ្នង ដែលរងការខូចខាត ដោយសារអគ្គិភ័យខាងលើ ទី១-ផ្ទះធ្វើអំពីឈើ ប្រក់ដំបូលហ្វីប្រូស៊ីម៉ងត៍ មានទំហំ ៥ម៉ែត្រ គុណនឹង ១១ម៉ែត្រ មានម្ចាស់ផ្ទះ ឈ្មោះពុល សុភា ភេទស្រី អាយុ៥៥ឆ្នាំ (ខូចខាតខ្ទេចអស់ទាំង ស្រុង) និងទី២-ផ្ទះ ១ខ្នងទៀត មានម្ចាស់ឈ្មោះអឿន វណ្ណៈ ត្រូវបានអគ្គិភ័យឆេះអស់ប្រហែល ២០ភាគរយ។


លោកស្នងការរង បានបន្តថា ចំពោះកិច្ចអន្តរាគមន៍ចុះពន្លត់នេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចំនួន១ គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាល ខេត្ត ចំនួន៤គ្រឿង ដោយបានប្រើប្រាស់ទឹកអស់សរុបចំនួន ១០ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន (ភ្លើងរលត់ទាំងស្រុង)។ ហើយក្នុងករណីអគ្គិភ័យខាងលើនេះ ពុំបណ្តាលឱ្យអ្នកណាម្នាក់រងរបួសឡើយ៕

