Tuesday, August 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងបង្ហោះម៉ូតូ ប៉ូលិសចាប់កោរសក់២នាក់

ក្មេងទំនើងបង្ហោះម៉ូតូ ប៉ូលិសចាប់កោរសក់២នាក់

ខេត្តកំពង់ស្ពឺ ៖ ក្មេងទំនើងឈាមរាវ ចំនួន២នាក់ បានធ្វើសកម្មភាពជិះម៉ូតូដឹកគ្នា បង្ហោះតាមដងផ្លូវយ៉ាងអនា ធិបតេយ្យ និងត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ ឃាត់ខ្លួនបានទាំង២នាក់ នាំយកទៅអប់រំ និងកោរសក់ ជាការព្រមាន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានធ្វើការស្រាវជ្រាវមុខសញ្ញាបង្ហោះម៉ូតូ នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិតាមិញ ឃុំមហាសាំង ស្រុកភ្នំស្រួច កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។

លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមហាសាំង បានធ្វើការស្រាវជ្រាវរកឃើញម្ចាស់ម៉ូតូ និងបានហៅក្មេងទំនើងទាំង ២នាក់ ដែលជិះម៉ូតូបង្ហោះមកសាកសួរ ដែលក្នុងនោះ ទី១-ឈ្មោះង៉ែត សៅនី ភេទប្រុស អាយុ១៧ឆ្នាំ (អ្នកបើកបង្ហោះនិងជាម្ចាស់ម៉ូតូ) និងទី២-ឈ្មោះតូច ផល្លី ភេទប្រុស អាយុ១៦ឆ្នាំ (អ្នកជិះពីក្រោយ)។

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង២ខាងលើ បានទទួលស្គាល់ថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូ ប្រាកដមែន មូលហេតុចង់បង្ហាញស្នាដៃថា ទេពកោសល្យរបស់ខ្លួនមិនចាញ់ក្មេងស្រុកដទៃ។

ជាវិធានការបស់លោកអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ករណីក្មេងទំនើងបង្ហោះម៉ូតូ ត្រូវតែកោរសក់ពុះជើងក្អែក ដកហូតម៉ូតូទុករយៈពេល៩០ថ្ងៃ ជាបណ្តោះអាសន្ន រួចហៅអាណាព្យាបាលមកទទួលនិងធ្វើកិច្ច សន្យាធានាយកកូនទៅគ្រប់គ្រង និងធានាថា មើលថែអប់រំមិនឱ្យប្រព្រឹត្តទង្វើបែបនេះជាថ្មីម្តងទៀត៕

RELATED ARTICLES