ភ្នំពេញ ៖ ទារិកាម្នាក់ ទើបនឹងកើតបានជាង២០ថ្ងៃ មានអាការក្តៅខ្លួន ត្រូវបានឪពុកម្តាយប្រញាប់នាំទៅកាន់មន្ទីរពេទ្យដែរ តែត្រូវគ្រូពេទ្យពិនិត្យឃើញថា គ្រាន់តែក្តៅធម្មតា មិនបាច់សម្រាកព្យាបាលនៅមន្ទីរពេទ្យទេ ដោយគ្រាន់តែបើកថ្នាំឱ្យឪពុកម្តាយយកមកព្យាបាលនៅផ្ទះ ដោយខ្លួនឯង ស្រាប់តែ៥ថ្ងៃក្រោយមក កូនស្រីតូច បានស្លាប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅត្រង់ចំណុចបន្ទប់ជួល ជាន់ទី៣ ស្ថិតនៅក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ទារិកាដែលបាត់បង់ជីវិត មានឈ្មោះផា ស្រីគីម អាយុជាង២០ថ្ងៃ មានឪពុកឈ្មោះ កែវ សុផា អាយុ២៤ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះគា ស្រីពីន អាយុ២១ឆ្នាំ ស្នាក់បន្ទប់ជួលជាន់ទី៣ ស្ថិតនៅក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីស្ត្រីជាម្តាយទារិការងគ្រោះ បានរៀបរាប់ប្រាប់ថា កាលពីប៉ុន្មានថ្ងៃមុន កូនស្រីរបស់នាង បានកើតមានអាការៈក្តៅខ្លួន ហើយនាងបាននាំទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ភ្លាមៗដែរ តែពេលនោះ គ្រូពេទ្យបានពិនិត្យមើល និងបានប្រាប់ថា អត់មានអីធ្ងន់ទេ គ្រាន់តែក្តៅធម្មតាប៉ុណ្ណោះ បន្ទាប់មកគ្រូពេទ្យ បានបើកថ្នាំឱ្យយកមកព្យា បាលនៅផ្ទះ។

ស្ត្រីជាម្តាយរូបនេះ បន្តថា ក្រោយពីនាំកូនត្រឡប់មកផ្ទះវិញ នាងបានច្រកថ្នាំកូននៅផ្ទះ ទើបតែបានរយៈពេល ៥ថ្ងៃ ស្រាប់តែមកដល់ព្រឹកថ្ងៃកើតហេតុ ខណៈងូតទឹកឱ្យកូនរួច និងឱ្យកូនបៅទឹកដោះគោរួចរាល់ នាងបានដាក់ឱ្យកូនដេកលើគ្រែ រួចធ្វើការងារផ្ទះ និងលួងកូនស្រីច្បងម្នាក់ទៀត ដែលកំពុងយំ។ លុះក្រោយពេលរួចដៃ នាងបានទៅមើលកូនស្រីតូច មិនឃើញរើបម្រះដូចរាល់ដងសោះ ទើបនាងមានការងឿងឆ្ងល់ ក៏ទៅអង្រួនដាស់ ទើបដឹងថា កូនស្រីស្លាប់បាត់ទៅហើយ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យនិងធ្វើកំ ណត់ហេតុ នៅទីតាំងកើតហេតុ ប៉ុន្តែមិនទាន់សន្និដ្ឋានថាបែបណានៅឡើយ៕