ខេត្តតាកែវ ៖ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្លា សហការជាមួយនគរបាលស្រុកសំរោង ខេត្តតាកែវ បានដេញបង្ក្រាបករណីក្មេងស្ទាវសង្ស័យ ក្នុងរូបភាពមិនច្បាស់លាស់ បណ្តាលឱ្យយុវជនម្នាក់ ព្យាយាមជិះម៉ូតូទាំងបែកកង់ និងជ្រុលធ្លាក់ទឹកប្រឡាយ លង់ស្លាប់ ខណៈសមត្ថកិច្ចដែលប្រដេញតាមយុវជននោះ បានគេចបាត់អស់។ហេតុការណ៍នេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅត្រង់ចំណុចប្រឡាយអូរអណ្តូង ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង។

តាមប្រភពក្រុមគ្រួសារយុវជនរងគ្រោះ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ជនរងគ្រោះ មានឈ្មោះសៀង ដាវីត ហៅហ៊ុយ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រៀននៅវិទ្យាល័យស្លារម មានលំនៅ ភូមិថ្មី ឃុំរវៀង ស្រុកសំរោង។

ក្រុមគ្រួសារជនរងគ្រោះ បន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានដឹកមិត្តភក្តិដើរលេងពេលចេញពីសាលា។ ពេលនោះ ស្រាប់តែ មន្ត្រីនគរបាលប៉ុស្តិ៍ស្លា សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ជិះម៉ូតូ ៣គ្រឿង បានប្រដេញជនរងគ្រោះ តាមបណ្តោយផ្លូវលំ រហូតដល់ធ្វើឱ្យម៉ូតូជនរងគ្រោះ បែកកង់។ ក្មេងរងគ្រោះបានព្យាយាមជិះម៉ូតូទាំងបែកកង់ ហើយសមត្ថកិច្ចក៏បានព្យាយាមស្រែកប្រដេញតាមពីក្រោយ រហូតដល់ជនរងគ្រោះធ្លាក់ចូលប្រឡាយអូរអណ្តូង ឋិតនៅក្នុងឃុំរវៀង បណ្តាលឱ្យស្លាប់ក្នុទឹកប្រឡាយ។

តាមសម្តីស្ត្រីឈ្មោះស៊្រន ចាន់ទី ត្រូវជាម្តាយបង្កើតរបស់យុវជនរងគ្រោះឈ្មោះសៀង ដាវិត ហៅហ៊ុយ បានរៀបរាប់ប្រាប់នៅក្នុងពិធីបុណ្យសពកូនរបស់ខ្លួន កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ថា គាត់បានដាច់ការទាក់ទងជាមួយកូនប្រុស នៅវេលាម៉ោង៧យប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ រហូតដល់ម៉ោង ៩និង៣០នាទីយប់ ថ្ងៃដដែល ទើបមានសមត្ថកិច្ចដែលមានលំនៅជិតខាង មកប្រាប់ថា កូនប្រុសរបស់គាត់ បានស្លាប់ហើយ។ នៅពេលដែលគាត់ទៅដល់ទីកន្លែងគ្រោះថ្នាក់នោះ គឺឃើញសពកូនប្រុសរបស់ខ្លួនត្រូវបានលើកដាក់លើកន្ទេលនៅក្បែរប្រឡាយនោះទៅហើយ មិនឃើញមានសមត្ថកិច្ចនៅទីនោះទេ។
ស្ត្រីជាម្តាយជនរងគ្រោះ បានបន្តថា នៅពេលដឹកសពកូនមកដល់ផ្ទះវិញ មានសមត្ថកិច្ចស្រុកសំរោង ដឹកនាំដោយលោកសួស វណ្ណៈ អធិការរង បានមកបង្ខំឱ្យគាត់ជាម្តាយ ផ្តិតមេដៃលើក្រដាសស ១សន្លឹក ដោយមិនបញ្ជាក់អំពីមូលហេតុអ្វីឡើយ។ ក្នុងពេលដែលអ្នកស្រី កំពុងវ៉ល់វ៉ក់ និងមានទុក្ខជាទម្ងន់នេះ បានផ្តិតមេដៃ ឱ្យក្រុមមន្ត្រីនគរបាលទាំងនោះ លើក្រដាសសនោះទៅ។

លោកភី ឆុន អធិការនគរបាលស្រុកសំរោង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កម្លាំងជំនាញរបស់លោក កំពុងធ្វើការនិងស៊ើបអង្កេតរឿងនេះ ហើយក៏បានបិទទូរស័ព្ទបាត់ទៅ។
គួរបញ្ជាក់ថា នៅគ្រាដែលសមត្ថកិច្ចនគរបាលស្រុកសំរោង ហាក់ដូចជាធ្វើមិនដឹងមិនឮនោះ សាក្សីម្នាក់ដែលជិះម៉ូតូខាងក្រោយជនរ គ្រោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសំរោង ហៅទៅសាកសួរបំភ្លឺរួចហើយដែរ។ប្រជាពលរដ្ឋ ក៏ដូចជាយុវជនជាមិត្តភក្តិក្មេងរងគ្រោះ ដែលចូលរួមបុណ្យសព បាននិយាយថា យុវជនខាងលើ គឺជាក្មេងស្លូតបូត មិនដែលមានបញ្ហាអ្វីនៅក្នុងសង្គម និងក្នុងចំណោមមិត្តភក្តិនោះឡើយ។

យ៉ាងណា ប្រជាពលរដ្ឋ ពិសេសក្រុមគ្រួសារយុវជនខាងលើ សង្ឃឹមថា ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ និងបើកការស៊ើបអង្កេតចំពោះករណីមួយនេះ ឱ្យបានល្អិតល្អន់ ដើម្បីដើម្បីផ្តល់យុត្តិធម៌ជូនជន រងគ្រោះ៕
