
ភ្នំពេញ ៖ ប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានលើកឡើងថា នៅក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលប្រទេសជាតិ កំពុងតែមានសង្រ្គាម ប្រឈមនឹងគ្រោះថ្នាក់នៃការឈ្លានពានពីប្រទេសជិតខាង វាជាការមួយបង្ហាញថា ពេលនេះខ្មែរ នឹងឈប់ឲ្យមានការបែកបាក់ផ្ទៃក្នុងជាតិ យើងត្រូវការផ្សះផ្សា បង្រួបបង្រួមជាតិ ដូច្នេះលោកស្នើឲ្យរាជរដ្ឋាភិបាល និងតុលាការ ទម្លាក់ចោលនូវបទចោទលើលោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ក្នុងហេតុផលនយោបាយផ្សះផ្សាជាតិ ។
លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ថា “ឃើញផេកលោកប្រធានព្រឹទ្ធសភាកម្ពុជា សរសេរថា «តើសម រង្ស៊ី ស្នេហាជាតិ ឬក្បត់ជាតិ? បន្ទាប់ពីសរសើរកងទ័ពថៃ ឈ្លានពានទឹកដីកម្ពុជា និងបង្អាប់កងទ័ពខ្មែរ ទៅវិញ?» ។ ចុះលោក កឹម សុខា វិញ ខ្ញុំសង្កេតឃើញថា បើទោះបីគាត់ត្រូវតុលាការដកសិទ្ធិនយោបាយ ហើយកាត់ទោស ២៧ឆ្នាំទៅទៀត ក៏គាត់នៅតែចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា ថែមទាំងកោតសរសើរនូវវីរភាពកងទ័ព និងបានថ្កោលទោសនូវអំពើឈ្លានពានរបស់កងទ័ពសៀមជ្រុលនិយម មកលើអធិបតេយ្យនិងបូរណភាពកម្ពុជា ទៅទៀត ។ ដូច្នេះករណីលោក កឹម សុខា សង្ឃឹមថា តុលាការកម្ពុជា នឹងពិចារណាទម្លាក់បទចោទទៅលើរូបលោក ក្នុងហេតុផលនយោបាយផ្សះផ្សាជាតិមួយ?“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ថា “ខ្ញុំថា ការផ្សះផ្សាជាតិ គឺជារឿងហេតុផលនយោបាយ នៃអ្នកនយោបាយដែលមានការបែកបាក់ផ្ទៃក្នុងជាតិ ការធ្វើនយោបាយមួយ ដែលដាក់សម្ពាធឥទ្ធិពលនយោបាយដែលមាននិន្នាការហ្នឹង ធំជាងការតម្កល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជារាស្រ្ត ហើយនៅក្នុងសង្គមប្រជាធិបតេយ្យ គឺជាសង្គមមួយ ដែលប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោត ៥ឆ្នាំម្ដង ។ អ៊ីចឹងការធានាការពារដោយរដ្ឋធម្មនុញ្ញ គឺថារដ្ឋាភិបាលប្រទេសមួយ កាលណាមានការបោះឆ្នោត វាត្រូវមានដៃគូប្រកួតប្រជែង គឺបក្សកាន់អំណាច និងបក្សក្រៅរដ្ឋាភិបាល ហៅថា បក្សជំទាស់ បក្សប្រឆាំង ។ អ៊ីចឹងងាកមករកថា នយោបាយផ្សះផ្សាជាតិ ហើយស្នើឲ្យមានការទម្លាក់បទចោទលោកកឹម សុខា ដែលជាអតីតប្រធានគណបក្សសង្រ្គោះជាតិ ហ្នឹង គឺយើងមើលអំពីទិដ្ឋភាពរួមនៃមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពិសេសសហគមន៍អន្តរជាតិ តើកន្លងមក រយៈពេលដែលមានការរំលាយគណបក្សសង្រ្គោះជាតិ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយនិងការចាប់លោកកឹម សុខា រហូតដល់មានការកាត់ទោស២៧ឆ្នាំ ដកសិទ្ធិធ្វើនយោបាយអីៗហ្នឹង គឺវាចេញពីហេតុផលនយោបាយ ។ ហេតុផលនយោបាយ ការចោទប្រកាន់លោកកឹម សុខា ពីបទគប់គិតជាមួយរដ្ឋបរទេស ដូចជាសហរដ្ឋអាមេរិក អីអ៊ីចឹង“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយ មកដល់ពេលនេះ គឺថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ក៏មានភាពរលូននយោបាយការទូតល្អប្រសើរ ដោយមិនមានការវាយប្រហារគ្នាក្នុងចំណងមិត្តភាពការទូត ក៏ដូចជាជំនួញជួញដូរ សេដ្ឋកិច្ច ពាណិជ្ជកម្ម រហូតដល់មានអត្រាពន្ធគយហ្នឹង ទម្លាក់ពី ៤៩% មក៣៦% និងបន្តទម្លាក់មក ១៩% និងអាចមានការជជែកគ្នាទៅនឹងប្រព័ន្ធអនុគ្រោះ GSP សម្រាលដល់ទំនិញសព្វសារពើរបស់កម្ពុជា ចូលទៅលក់នៅទីផ្សារអាមេរិក អីទៀត គឺយើងឃើញរហូតដល់ទាំងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក៏ដូចជានាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ហ្នឹង គឺថា ទូរស័ព្ទរកគ្នា ក្នុង១អាទិត្យហ្នឹង ២ដង ល្អូកល្អិនគ្នា មិនមានការវាយប្រហារ លើកទម្លាក់ ដាក់ មហាអំណាចចិន ឬក៏អាមេរិក អីហ្នឹង គឺថាយើងឃើញថា ល្អប្រសើរ រហូតដល់មានការអាណិតកម្ពុជា ជាប្រទេសតូច ហើយត្រូវមានរំលោភបំពាននៃសង្រ្គាមឈ្លានពានអធិបតេយ្យភាព បូរណភាពទឹកដីដល់កម្ពុជា ពីសំណាក់កងទ័ពសៀមជ្រុលនិយម អីអ៊ីចឹងមក គឺថាលោកដូណាល់ ត្រាំ ហ្នឹង ក៏ចូលអន្តរាគមន៍ឲ្យមានបទឈប់បាញ់គ្នា រហូតមានយន្តការអាស៊ាន មានប្រធានអាស៊ានប្ដូរវេន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម ហើយនិងមានអ្នកសង្កេតការណ៍ មិនថាម៉ាឡេស៊ី មិនថាមហាអំណាចចិន មហាអំណាចអាមេរិក អីហ្នឹង គឺថាឲ្យកម្ពុជា មានបទឈប់បាញ់គ្នា ហើយចរចា និងធ្វើអ្វីទៅតាមគោលការណ៍ច្បាប់អន្តរជាតិអីអ៊ីចឹងទៅ គឺថាសុទ្ធតែជារឿងដែលយើងមើលឃើញថា កម្ពុជា មិនបានទុកសហរដ្ឋអាមេរិកជាសត្រូវនៅក្នុងនយោបាយ ដើម្បីលូកចូលក្នុងការបំបែកបំបាក់ផ្ទៃក្នុងជាតិ អធិបតេយ្យនោះទេ ក្រៅតែពីចង់ឃើញកម្ពុជា មានការលូតលាស់ខឿនសេដ្ឋកិច្ច និងស្ថិរភាព ឲ្យមានសន្តិភាពនៃបទឈប់បាញ់គ្នាជាមួយនឹងកងទ័ពសៀម“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងហើយ សរុបមកវិញ ខ្ញុំថា អាហ្នឹងហើយជាហេតុផលនយោបាយ ដែលសហរដ្ឋអាមេរិក ក៏ដូចសហភាពអឺរ៉ុប និងប្រទេសលោកខាងលិច នៃប្រជាធិបតេយ្យ ចង់ឃើញឲ្យមានការដោះលែង ឬក៏ទម្លាក់បទចោទលោកកឹម សុខា ដើម្បីឲ្យស្របច្បាប់ណាមួយ នៅក្នុងគោលការណ៍ប្រជាធិបតេយ្យ នៃអ្នកនយោបាយ ប្រកួតប្រជែងគ្នាតែគោលនយោបាយ កម្មវិធីនយោបាយ តាមបែបប្រជាធិបតេយ្យ យកប្រជាពលរដ្ឋជាធំ ប្រជាពលរដ្ឋជាម្ចាស់ប្រទេស ហើយគោរពការបោះឆ្នោតសេរីយុត្តិធម៌ ត្រឹមត្រូវ អាចទទួលយកគ្នាបាន ធ្វើការក្នុងកិច្ចការតុល្យភាពនៃអំណាច សមតុល្យរវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ។ អ៊ីចឹងខ្ញុំថា ការទម្លាក់បទចោទលោកកឹម សុខា ក៏ជាការបង្ហាញមួយ នៅក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលប្រទេសជាតិកំពុងតែមានការធ្វើសង្រ្គាមនៅក្នុងគ្រោះថ្នាក់នៃការរំលោភបំពានពីប្រទេសជិតខាង គឺប្រទេសសៀម ដែលបានច្បាំងគ្នា សង្រ្គាម៥ថ្ងៃ ។ អ៊ីចឹងខ្ញុំថា វាជាការមួយបង្ហាញថា ពេលនេះខ្មែរនឹងបន្តឈប់ឲ្យមានការបែកបាក់ផ្ទៃក្នុងជាតិ ក្រៅពីផ្សះផ្សា បង្រួបបង្រួមជាតិ ដើម្បីឲ្យឯកភាពហើយ យើងផ្ដល់នូវពហុគំនិតបែបណាចូលរួមដើម្បីទប់ស្កាត់នឹងសត្រូវបរទេសឈ្លានពាន ខ្ញុំថាវាជាឱកាសនៃការយោគយល់ អធ្យាស្រ័យ សន្ដោសគ្នា ដោយការមើលឃើញនៃកំហុសខុសឆ្គងបែបណា ហើយយើងមកដាក់ផ្សះផ្សារបួសស្នាមបែកបាក់ និងជំនឿជឿជាក់ឲ្យគ្នាទៅ ខ្ញុំថាវាជារឿងល្អនៅក្នុងឱកាសដែលសហគមន៍អន្តរជាតិ មើលអំពីការបែកបាក់ផ្ទៃក្នុងនៃគំនុំនយោបាយមួយឡែក ហើយចាប់យកការចាប់ដៃ ពង្រឹងភាពសាមគ្គី សេរីភាព យុត្តិធម៌ និងសន្តិភាពឲ្យគ្នា ។ អាហ្នឹងហើយជាចំណុចដែលខ្ញុំចង់ឃើញអ្នកនយោបាយបែបណាដែលមានសមានចិត្ត មិនក្បត់ប្រទេសជាតិ មិនយកគំនុំបុគ្គលគ្រួសារមកបំផ្លាញជាតិ បំផ្លាញនូវផលប្រយោជន៍នៃប្រជាពលរដ្ឋដែលកំពុងតែរងទុក្ខវេទនា ជាតិកំពុងតែត្រូវបានគេរំលោភបំពាន ជាន់ឈ្លីអធិបតេយ្យ បូរណភាពទឹកដី ខ្ញុំថាអាហ្នឹងជាចំណុចដែលអ្នកណាត្រូវការផ្សះផ្សា ត្រូវការឯកភាព បង្រួបបង្រួមជាតិ? អ្នកណាដែលមើលទៅហាក់បីដូចជាចង់ឃ្លាតឆ្ងាយ ចង់ឲ្យប្រទេសជាតិបែកបាក់? គឺថា ការឯកភាពជាតិបែបណា ទៅលើសមានចិត្តនៃភាគី នៃបុគ្គលអ្នកនយោបាយមួយៗ អាចត្រូវធ្វើអ្វីជាមួយគ្នា ដោយសន្តិវិធី ដោះស្រាយតាមបែបធម៌អហិង្សាអីជាដើម ។ អាហ្នឹងជាកត្តាដែលខ្ញុំមើលឃើញថា អាការទម្លាក់បទចោទនេះ វានឹងអាចការផ្សះផ្សាជាតិមួយ ដែលយកការជឿជាក់ ហើយនិងតម្កល់ផលប្រយោជន៍រួមនៃជាតិ នៃប្រជារាស្រ្ត និងជួយថែរក្សាការពារនូវប្រទេសជាតិ ក៏ដូចជាប្រជារាស្រ្តដែលកំពុងតែរងទុក្ខ នៅពេលដែលសត្រូវកំពុងតែមើលងាយ មើលថោក ជាន់ឈ្លីដល់អធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យភាព អព្យាក្រឹតភាព ហើយដែលយើងចង់បាននូវអ្វីជារដ្ឋឯករាជ្យមួយ មិនឱនក្បាលដាក់បរទេស ហើយមិនរណបបរទេសណាដែលយកយើងជាអាណានិគម ដើម្បីតែបំពេញនូវតណ្ហានៃប្រទេស មិនថាមហាអំណាច មិនថាប្រទេសជិតខាង គឺក្នុងនាមជាប្រទេសតូចក៏ពិតមែន តែយើងស្មើមុខស្មើមាត់នៃរដ្ឋមហាអំណាច ក៏ដូចប្រទេសជិតខាង តាមអ្វីជាកិច្ចព្រមព្រៀងអន្តរជាតិ ក៏ដូចជាយើងជាសមាជិកនៃអង្គការសហប្រជាជាតិ ជាប្រទេសឯករាជ្យមួយដែរ ។ អ៊ីចឹងអនុលោមទៅតាមអ្វីដែលកម្ពុជា ជារដ្ឋឯករាជ្យ មិនចូលបក្សសម្ព័ន្ធ ដែលត្រូវតែគោរព ត្រូវតែសាមគ្គី ត្រូវតែឯកភាពជាតិគ្នា អាហ្នឹងហើយចំណុចដែលខ្ញុំមើលឃើញ“ ។

គួរកត់សម្គាល់ថា ស្របពេលដែលប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា ស្នើទម្លាក់បទចោទកឹម សុខា ក្នុងហេតុផលនយោបាយផ្សះផ្សាជាតិ សម្រាប់មជ្ឈដ្ឋានតាមដាន បានលើកឡើងថា ក្នុងពេលកម្ពុជា កំពុងទទួលបានការជួយស្វែងរកសន្តិភាព បញ្ចប់សង្រ្គាម មានបទឈប់បាញ់ជាមួយប្រទេសថៃ ឈ្លានពាន ពីសំណាក់សហរដ្ឋអាមេរិក លោកកឹម សុខា ជាតួអង្គអ្នកនយោបាយដ៏សំខាន់ម្នាក់ ដែលសហគមន៍អន្តរជាតិ ចង់ឃើញលោកមានសេរីភាព រួចផុតពីការចោទប្រកាន់របស់តុលាការ ឬចង់ឃើញតុលាការទម្លាក់បទចោទក្បត់ជាតិ “សន្ទិដ្ឋភាពជាបរទេស” ដើម្បីឈានទៅបង្រួមបង្រួមជាតិ ផ្សះផ្សាផ្ទៃក្នុងជាតិកម្ពុជា រវាងអតីតគណបក្សប្រឆាំង និងគណបក្សកាន់អំណាច ឡើងវិញ។
មជ្ឈដ្ឋានតាមដាន ក៏បានធ្វើការប្រៀបធៀបរវាងតួអង្គនយោបាយមេបក្សប្រឆាំង លោកសម រង្ស៊ី និងលោកកឹម សុខា ដែរថា ថ្វីត្បិតតែអ្នកទាំងពីរ ធ្លាប់ចាប់ដៃគ្នា បង្កើតគណបក្សសង្រ្គោះជាតិ ក្រោមពាក្យស្លោក “សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ” និងពេលនេះកំពុងមានទោសពីបទក្បត់ជាតិ ដូចគ្នាក៏ដោយ ក៏ចាប់តាំងពីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ ហើយលោកសម រង្ស៊ី បន្តរស់និរទេសនៅប្រទេសបារាំង ឯលោកកឹម សុខា កំពុងជាប់ឃុំក្នុងផ្ទះ នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា មក ជំហរនយោបាយប្រឆាំងរបស់ឥស្សរជននយោបាយប្រឆាំងទាំងពីរនេះ ត្រូវបានមហាជនចាត់ទុកថា មានភាពខុសគ្នាស្រឡះ ពោលគឺលោកកឹម សុខា កំពុងតែមានប្រៀបលើលោកសម រង្ស៊ី ក្នុងការទទួលបានឈ្មោះជាអ្នកនយោបាយអហិង្សានិយម ប្រកាន់គោលការណ៍មិនយកខ្មែរណាជាសត្រូវ ឯលោកសម រង្ស៊ី នៅតែមានឈ្មោះជាអ្នកនយោបាយហិង្សានិយម ញុះញង់បំបែកបំបាក់ផ្ទៃក្នុងខ្លួនឯង ។ ជាពិសេស តាមរយៈសកម្មភាពថ្មីៗនេះ ដែលលោកកឹម សុខា បានសុំអនុញ្ញាតពីតុលាការ ទៅចូលរួមបុណ្យសព គោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងសមរភូមិ និងបានសរសើរកងទ័ពកម្ពុជា មានភាពមោះមុតអង់អាចក្លាហានខ្លាំងពូកែ អាចច្បាំងទប់ទល់នឹងកងទ័ពថៃឈ្លានពាន រហូតទទួលបានជោគជ័យនោះ មជ្ឈដ្ឋានតាមដានយល់ថា ជាសញ្ញាល្អ ឬគុណសម្បមួយត្តិផ្នែកសម្រាប់ការទទួលបានអន្តរាគមន៍លើកលែងទោស ទម្លាក់បទចោទ ពីសំណាក់រាជរដ្ឋាភិបាល និងតុលាការ នៃគណបក្សកាន់អំណាច ខណៈដែលបណ្ដឹងសាទុក្ខរបស់លោក ត្រូវបានសាលាឧទ្ធរណ៍ ពន្យារពេលសវនាការទៅពេលក្រោយ ដោយមិនទាន់កំណត់កាលបរិច្ឆេទជាថ្មី ។ ចំណែកលោក សម រង្ស៊ី មជ្ឈដ្ឋានតាមដាន មើលឃើញថា មិនត្រឹមតែគ្មានឱកាសទទួលបានការលើកលែងទោស និងបានវិលត្រលប់ចូលស្រុកវិញប៉ុណ្ណោះទេ ប៉ុន្តែអតីតមេបក្សប្រឆាំងរូបនេះ កំពុងធ្វើឲ្យប្រជារាស្រ្តខ្មែរ នៅក្នុងស្រុក ថ្កោលទោស ជេរប្រទេសច ដាក់បណ្ដាសា និងផ្ទុះប្រតិកម្មខ្លាំង បន្ទាប់ពីលោកបានថ្លែងសារបង្អាប់វីរកងទ័ព ហើយលើកសរសើរភាគីថៃ ដែលជាសត្រូវឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា ក្នុងនោះក៏មានប្រតិកម្មពីសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ត្រូវបានទីប្រឹក្សានាយករដ្ឋមន្ត្រីកម្ពុជា លោកជុំ កុសល ហៅថា ឆ្កែក្បត់ជាតិ បម្រើបរទេសដែលឈ្លានពានទឹកដីកម្ពុជា ទៀតផង ៕ កុលបុត្រ