Thursday, August 21, 2025
Homeព័ត៌មានជាតិក្រុមកឹម សុខា ថារាជរដ្ឋាភិបាលកម្ពុជា កុំទុកយូរ ត្រូវប្តឹងថៃ ទៅអង្គការសហប្រជាជាតិ

ក្រុមកឹម សុខា ថារាជរដ្ឋាភិបាលកម្ពុជា កុំទុកយូរ ត្រូវប្តឹងថៃ ទៅអង្គការសហប្រជាជាតិ

ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលជាសហការីលោកកឹម សុខា អតីតមេបក្សប្រឆាំង បានលើកឡើងថា ក្នុងពេលដែលថៃ កំពុងបន្តចិញ្ចឹមមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា បន្ទាប់ពីបង្កសង្គ្រាម ៥ថ្ងៃ ទោះបីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ក៏ពួកទាហានថៃ នៅតែបន្តសកម្មភាពឈ្លានពានបូរណភាពទឹកដី និងអធិបតេយ្យរបស់កម្ពុជា តាមរយៈការរាយលួសបន្លាព័ទ្ធយកដីកម្ពុជា យ៉ាងគឃ្លើននោះ រាជរដ្ឋាភិបាលកម្ពុជា កុំទុកយូរ ប្រយ័ត្នហួសពេល ត្រូវប្ដឹងថៃ ទៅអង្គការសហប្រជាជាតិ ឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ។

លោកមុត ចន្ថា អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “កុំទុកយូរ ប្រយ័ត្នហួសពេល! កងទ័ពសៀម អាចឈ្លានពានកម្ពុជា ជាលើកទី២ ក្នុងទ្រងទ្រាយធំ ដោយចៀសមិនផុត ដោយហេតុថា ពួកគេបានរំលោភបទឈប់បាញ់គ្នា ឈ្លានពានចូលកាន់កាប់ទឹកដីខ្មែរ ជាបន្តបន្ទាប់ បង្កើតលេសបន្តបន្ទាប់ ដូចជាចោទកម្ពុជា ដាក់ពង្រាយមីន បាញ់គ្រាប់ចម្ពាមកៅស៊ូ មកលើកងទ័ពខ្មែរ ជាដើម។ រាជរដ្ឋាភិបាលខ្មែរ គួរចងក្រងនិងប្រមូលភ័ស្តុតាងនៃការរំលោភបំពាន និងអំពើឈ្លានពានទាំងអស់ ដាក់ទៅអគ្គលេខាធិការ និងប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហប្រជាជាតិ ដើម្បីស្នើឱ្យបញ្ជូនសារព្រមានផ្លូវការ ទៅកាន់ភាគីសៀម។ កុំទុករហូតហួសពេល!“ ។

ស្រដៀងគ្នានេះដែរ លោកសួន សូរីដា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ថា កម្ពុជា ត្រូវប្ដឹងទៅអង្គការសហប្រជាជាតិ តាមរយៈការដាក់បណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លឿនកាលណា ល្អកាលហ្នឹង និងប្តឹងទៅសហរដ្ឋអាមេរិក ជាពិសេសលោកដូណាល់ ត្រាំ ផងដែរ អំពីទាហានថៃ បំពានបទឈប់បាញ់ និងកិច្ចព្រមព្រៀងគណៈកម្មការព្រំដែនទូទៅ (GBC) ដោយរាយបន្លាលួស ក្នុងភូមិកររបស់ពលរដ្ឋខ្មែរ ។

លោកសួន សូរីដា បានមានប្រសាសន៍ថា “រដ្ឋាភិបាលកម្ពុជា មិនគួរនៅស្ងៀម អត់ធ្មត់នូវភាពគឃ្លើនរបស់ទាហានថៃ ក្នុងការដើររាយលួសបន្លា ព័ទ្ធយកដីភូមិរបស់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតាំងពីយូរលង់ណាស់មកហើយ។ អ្វីដែលរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើគឺ ៖ ១. ដាក់ពង្រាយកម្លាំងកងទ័ពកម្ពុជា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បន្ថែមទៀត ដើម្បីរុះរើបន្លាលួសទាំងឡាយដែលទាហានថៃ បានដាក់ ព្រមទាំងទប់ស្កាត់កុំឱ្យវាដាក់បន្តទៀត តាមវិធី «កម្លាំងទល់នឹងកម្លាំង»។ ២. ទន្ទឹមនឹងវិធីទី១ ការប្តឹងផ្តល់ទៅអង្គការសហប្រជាជាតិ តាមរយៈការដាក់បណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លឿនកាលណា ល្អកាលហ្នឹង។ ប្តឹងទៅសហរដ្ឋអាមេរិក ជាពិសេសលោកដូណាល់ ត្រាំ អំពីទាហានថៃ បំពានបទឈប់បាញ់ ដែលធ្វើឡើងដោយគណៈកម្មការព្រំដែនទូទៅ (GBC) ដោយរាយលួសបន្លា ក្នុងភូមិកររបស់ពលរដ្ឋខ្មែរ។ បើរដ្ឋាភិបាលកម្ពុជា បន្តភាពអត់ធ្មត់តទៅទៀត គឺកម្ពុជា នឹងបន្តចាញ់ប្រៀបថៃ ហើយប្រជាពលរដ្ឋខ្មែរ នឹងអស់សង្ឃឹមជាមួយរដ្ឋាភិបាលខ្លួនមិនខាន“ ។

ដោយឡែក លោកហ៊ីង សុខសាន្ត អតីតប្រធានយុវជននៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា មួយរូបដែរ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ថា យើងសង្ឃឹមតិចណាស់ ក្នុងដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បើទោះបីកម្ពុជា មានឆន្ទៈក្នុងការប្ដឹងក៏ដោយ ព្រោះថៃ បដិសេធដឹកដៃគ្នាទៅតុលាការអន្តរជាតិនេះ ដែលពាក្យបណ្ដឹងតែភាគីមួយ គេអត់យកមកចាត់ការទេ ទើបយើងនៅរួញរា អូសបន្លាយ ស្ទាក់ស្ទើរ ដោយសារតែគិតថា វាអត់ប្រយោជន៍ ។ យ៉ាងណា យើងនៅមានសង្ឃឹម ប្រសិនបើយើងដាក់ពាក្យប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺបើថៃ នៅតែគឃ្លើន គេនឹងធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ចាត់វិធានការតាមនីតិវិធី ។

លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍ថា “បើជាទស្សនៈខ្ញុំ ខ្ញុំមើលឃើញឆន្ទៈកម្ពុជាយើង គឺពិតជាចង់ប្ដឹងហើយ ហើយចង់ឆាប់ផង ពីព្រោះយើងអត់អាចតតាំងធ្វើសង្រ្គាមជាមួយសៀម បានទេ ដែលប្រើកម្លាំង ។ អ៊ីចឹងយើងមានតែរកភាគីទី៣ ដើម្បីជួយដោះស្រាយ ហើយភាគីទី៣ ដែលអាចដោះស្រាយបាន ហើយល្អបំផុត និងអាចបានប្រយោជន៍នយោបាយពីប្រជាពលរដ្ឋគាំទ្រផងនោះ គឺមានតែយន្តការតុលាការយុត្តិធម៌អន្តរជាតិ ហ្នឹងហើយ ។ ក៏ប៉ុន្តែទាស់នៅត្រង់ថា យើងនៅរួញរា អូសបន្លាយ ស្ទាក់ស្ទើរ ដោយសារតែវាអត់ប្រយោជន៍ មានន័យថា បើសិនដាក់ពាក្យទៅប្ដឹងហ្នឹង គឺ ICJ គេនឹងទាត់ចោលហើយ ហើយគេនឹងបោះបង់ចោល អត់រើសយកមកចាត់ការទេ ដោយសារតែទី១ ពេលដែលយើងដាក់ពាក្យប្ដឹងទៅនេះ គឺជាបណ្ដឹងមួយថ្មី វាមិនមែនបណ្ដឹងពាក់ព័ន្ធទៅនឹងករណីប្រាសាទព្រះវិហារ ដែលយើងធ្វើកាលពីឆ្នាំ១៩៦២ ទេ ជាបណ្ដឹងមួយថ្មី ហើយបើបណ្ដឹងមួយថ្មី វាអត់ត្រូវលក្ខខណ្ឌគេ លក្ខខណ្ឌដែលត្រូវឲ្យ ICJ ហ្នឹងរើសយកមកចាត់ការ ដោយសារតែទី១ គឺថៃ វាអត់ព្រមចុះកិច្ចព្រមព្រៀងជាមួយយើង ដើម្បីដឹកដៃគ្នាទៅតុលាការយុត្តិធម៌អន្តរជាតិ ។ ទី២ គឺថៃ ហ្នឹង វាបដិសេធ ឬក៏វាប្រកាសថា វាទទួលស្គាល់នូវយុត្តាធិការ ឬក៏សេចក្ដីសម្រេចណាមួយ របស់តុលាការយុត្តិធម៌អន្តរជាតិទេ អ៊ីចឹងគឺវាបដិសេធដាច់ខាតថា វាអត់ទទួលស្គាល់ទេ ។ អ៊ីចឹងដោយសារវាអត់ទទួលស្គាល់ហើយ វាអត់ធ្វើកិច្ចព្រមព្រៀងដឹកដៃជាមួយកម្ពុជា ទៅហ្នឹង ដូច្នេះតុលាការ គេអត់អាចយកជាការបានទេ អ៊ីចឹងពាក្យបណ្ដឹងតែភាគីមួយ គេអត់យកមកចាត់ការទេ ។ ដូច្នេះអ្វីដែលខ្មែរយើង គាត់រួញរាហ្នឹង បើសិនជាគាត់ដាក់ទៅពេលហ្នឹង តុលាការយុត្តិធម៌អន្តរជាតិ គេបដិសេធ អ៊ីចឹងគឺគាត់ខូចចិត្តជាមួយប្រជាពលរដ្ឋហើយ គឺវាអត់សង្ឃឹមទេ ក្នុងការដាក់ពាក្យនោះ ។ អ៊ីចឹងគ្រាន់តែជាយុទ្ធសាស្រ្ត ចេះតែថាៗទៅ ប៉ុន្តែសង្ឃឹមតិចណាស់ បើថៃ វាប្រកាសទទួលស្គាល់ អូខេ! ឆន្ទៈកម្ពុជា ដឹកដៃទៅវឹងតែម្ដង មានឆន្ទៈហើយ ប៉ុន្តែគ្រាន់ថាវាអត់កើត“ ។

លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍បន្តថា “សម្រាប់ទី២ យើងមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហ្នឹង ដែលយើងនៅមានសង្ឃឹម ប្រសិនបើយើងដាក់ប្ដឹងទៅហើយ ថៃ វានៅតែគឃ្លើន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គេនឹងធ្វើការស្រាវជ្រាវ និងធ្វើការស៊ើបអង្កេតមើលហើយ ហើយគេនឹងអនុវត្ត និងចាត់វិធានការអីអ៊ីចឹងៗទៅតាមនីតិវិធីគេ ។ បើសិនជាថៃ នៅគឃ្លើន បំពានយើងអីអ៊ីចឹងទៀត គេអាចឈានទៅដល់ការចាត់វិធានការសន្តិសុខ ដូចជាចាប់បង្ខំឲ្យថៃ ហ្នឹងអនុវត្តតាមបទឈប់បាញ់យើងអីអ៊ីចឹងៗ ហើយនឹងមានការដាក់ទ័ពអី ឬក៏ត្រួតពិនិត្យមើលតំបន់ប្រទាញប្រទង់គ្នាអ៊ីចឹងៗទៅ តែរឿងឲ្យសម្រេចថា ដីណាជាដីរបស់យើង ដីណាជាដីរបស់ថៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពុំមានសមត្ថកិច្ចទេអាហ្នឹង គ្រាន់តែអាចទប់ស្កាត់មិនឲ្យមានសង្រ្គាមឈ្លានពានពីថៃ តែប៉ុណ្ណឹង រឿងឲ្យសម្រេច ដីណាជាដីរបស់យើង ដីណាដីរបស់គេ អត់មានទេ យន្តការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ ហើយណាមួយទៀត តាមមើលទៅ ឥឡូវនេះ វាអត់ខុសអីគ្នាពីយន្តការអាស៊ាន ទេ យើងនៅក្នុងអាស៊ាន អ៊ីចឹងយើងប្រើយន្តការអាស៊ាន ។ អ៊ីចឹងបើសិនអាស៊ាន វានៅឥតប្រសិទ្ធភាពទៀតនោះ ករណីបទឈប់បាញ់ហ្នឹង នៅតែមានបំពានអ៊ីចឹង អាហ្នឹងយើងជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លូកដៃចូលមួយតង់ទៀត អ៊ីចឹងក្រុមប្រឹក្សាសនិ្តសុខអង្គការសហប្រជាជាតិហ្នឹង គាត់មានតែយន្តការដូចខ្ញុំនិយាយខាងដើមអ៊ីចឹង គឺគ្រាន់តែថា សម្រេចឲ្យបញ្ឈប់អ៊ីចេះមួយ អ៊ីចេះពីរអ៊ីចឹងទៅ ហើយនឹងដាក់វិធានការអី ហើយបើនៅតែរឹងទទឹង អាចឈានទៅដល់បណ្ដេញថៃ ចេញពីសមាជិកអង្គការសហប្រជាជាតិ អីហូរហែអ៊ីចឹងទៅ ។ អាហ្នឹងគឺយើងមានសង្ឃឹមតែប៉ុណ្ណឹងទេ អារឿងផ្សេងទៀត យើងមិនសង្ឃឹមទេ ។ ណាមួយរឿងបញ្ហានេះ បញ្ហាសន្តិសុខជាតិ យើងមិនចង់និយាយអីច្រើន ហើយវានាំឲ្យខូចប្រយោជន៍ជាតិយើង ដែលយើងនិយាយទៅ វាអាចផ្ដល់ប្រយោជន៍ទៅដល់សៀម អ៊ីចឹង វាប៉ះពាល់ដល់ប្រយោជន៍ជាតិយើង ហើយប្រជាពលរដ្ឋយើងអស់សង្ឃឹមអីអ៊ីចឹងទៅ ខ្ញុំមិនចង់និយាយអីច្រើនទេ ប៉ុន្តែខ្ញុំនិយាយបានដល់ចំណុចប៉ុណ្ណឹង“ ។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ (អ.ស.ប.) គឺជាអង្គការអន្តររដ្ឋាភិបាល ដែលមានភារកិច្ចថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិនានា សម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការអន្ដរជាតិ និងជាមជ្ឈមណ្ឌលជំរុញឱ្យមានសាមគ្គីភាពក្នុងចំណោមរដ្ឋទាំងអស់នៅលើពិភពលោក។ គេបានចាត់ទុក អ.ស.ប ជាអង្គការដ៏ធំ និងមានប្រជាប្រិយបំផុតនៅលើសកលលោក។ អង្គការនេះ មានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក និងមានការិយាល័យផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ ទីក្រុងណៃរ៉ូប៊ី ទីក្រុងវីយែន និងទីក្រុងឡាអេ។

អង្គការសហប្រជាជាតិ មានស្ថាប័នសំខាន់ៗ ចំនួនប្រាំមួយ រួមមាន ១. មហាសន្និបាត ២. ក្រុមប្រឹក្សាសន្តិសុខ ៣. ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម ៤.តុលាការយុត្តិធម៌អន្តរជាតិ ៥. លេខាធិការដ្ឋានអង្គការសហប្រជាជាតិ និង៦. ក្រុមប្រឹក្សាអាណាព្យាបាល (អសកម្មតាំងពីឆ្នាំ១៩៩៤)។ ប្រព័ន្ធអង្គការសហប្រជាជាតិ មានភ្នាក់ងារឯកទេស មូលនិធិ និងកម្មវិធីជាច្រើនដូចជា ៖ ធនាគារពិភពលោក អង្គការសុខភាពពិភពលោក កម្មវិធីស្បៀងអាហារពិភពលោក យូណេស្កូ និងយូនីសេហ្វ ជាដើម។ លើសពីនេះ អង្គការក្រៅរដ្ឋាភិបាល (NGOs) អាចនឹងត្រូវបានផ្តល់ឋានៈប្រឹក្សាជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម និងទីភ្នាក់ងារផ្សេងទៀត ដើម្បីចូលរួមក្នុងការងារផ្សេងៗរបស់អង្គការ ៕ កុលបុត្រ

RELATED ARTICLES