ភ្នំពេញ ៖ នារីម្នាក់ ជាអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក បានបង្ហាញនូវទឹកចិត្តឈឺឆ្អាល និងបារម្ភចំពោះវីរកងទ័ពខ្មែរ ដែលកំពុងឈរជើងការពារទឹកដី យ៉ាងអង់អាចក្លាហាន ប្រឆាំងនឹងទាហានចោរសៀមឈ្លានពាន ហើយនារីអាណិកជនខ្មែរខាងលើ បានលើកពូចម្ងល់របស់ខ្លួនថា ហេតុអ្វីនៅស្រុកខ្មែរ តារាចម្រៀងមិនបានជួយជាតិអ្វីសោះ បានឡើងងារជាឧកញ៉ា?

នារីខ្មែរនៅសហរដ្ឋអាមេរិក រូបនោះ បានលើកឡើងថា អ្នកចម្រៀង គ្រាន់តែជាច្រៀងសោះ អត់ដែលកាន់កាំភ្លើងតស៊ូនៅតាមព្រំដែនផង ហេតុអីបានឡើងជាឧកញ៉ា? ចំណែកបងៗកងទ័ព ការពារទឹកដី ជួបគ្រោះថ្នាក់ បាត់បង់ជីវិត តស៊ូលំបាក ដេកនៅព្រៃ ហេតុអីមិនដែលឃើញពួកគាត់ឡើងជាឧកញ៉ាអីផង? ហើយដល់ពេលប្រទេសមានសន្តិភាព ហេតុអីឡើងតែបុណ្យស័ក្តិពួកអ្នកនៅតែទីក្រុង ទាហានការពារព្រំដែន ហេតុអីអត់ឡើង បុណ្យស័ក្តិឱ្យ?

នារីអាណិកជនខ្មែរ នៅសហរដ្ឋអាមេរិក ឈ្មោះ អាន រីសា បាននិយាយក្នុងវីដេអូ ដែលបង្ហោះក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ថា “សូមជម្រាបសួរ និងគោរពទៅដល់ពុកម៉ែ បងប្អូន! ហើយដល់បងប្អូនទាហានផងដែរ! ថ្ងៃនេះ រីសា សូមសួរទៅពុកម៉ែ បងប្អូននៅប្រទេសខ្មែរ ជាពិសេសគឺសួរដល់បងប្អូនកងទ័ព ហើយសូមសួរទៅដល់មេបញ្ជាការកងទ័ព ហើយបើ រីសា សួរអ្វីខុសឆ្គង សូមអភ័យ ទោស អធ្យាស្រ័យដល់រីសាផង ព្រោះរីសា អត់ស្គាល់តំបន់ អត់ស្គាល់ស្រុកខ្មែរទេ អ៊ីចឹង រីសា ឆ្ងល់ ពេលមានសង្គ្រាម ខ្ញុំឃើញពុកម៉ែ បងប្អូន នៅតាមទីក្រុង ឬមួយតាមខេត្ត គាត់បានឧបត្ថម្ភជាអំណោយ ដល់បងប្អូនកងទ័ព តើអំណោយហ្នឹង ទៅដល់បងប្អូនកងទ័ព ឬអត់? សូមអធ្យាស្រ័យផង សូមបងប្អូនកងទ័ព ឃើញវីដេអូនេះហើយ ជួយខម្មិនប្រាប់ខ្ញុំផង តើអំណោយហ្នឹង ទៅដល់ឬអត់? សូមមេបញ្ជាការ អធ្យាស្រ័យផង ខ្ញុំសួរត្រង់ៗ ដោយសារខ្ញុំអត់ដឹងតំបន់ណាៗ ហើយជាពិសេស មេបញ្ជាការគ្រប់តំបន់ហ្មង តើរបស់របរ ម្ហូបអាហារទាំងអស់ គឺទៅដល់ឬអត់? ហើយតើការផ្ញើលុយ គឺទៅដល់បងៗកងទ័ព ឬអត់? ខ្ញុំចង់ដឹកន្លែងហ្នឹង…”។

នារីដដែល បន្តថា “ខ្ញុំសូមឆ្ងល់រឿងមួយទៀត ខ្ញុំឃើញនៅប្រទេសខ្មែរយើង ឡើងធ្វើជា ឧកញ៉ា ជាពិសេសអ្នកចម្រៀង គ្រាន់តែជាអ្នកចម្រៀងសោះហ្នឹង ហេតុអីឡើងដល់ឧកញ៉ា ព្រោះគាត់អត់ដែលកាន់កាំភ្លើងតស៊ូនៅតាមព្រំដែន ឬមួយអីទេ គាត់គ្រាន់ជាអ្នកចម្រៀង ហេតុអីបានជាឡើងធ្វើជាឧកញ៉ា? អាហ្នឹងកន្លែងនេះ ខ្ញុំឆ្ងល់ ដោយសារខ្ញុំចូលចិត្តមើលនៅស្រុកខ្មែរ ខ្ញុំចូលចិត្តមើលព័ត៌មាននៅស្រុកខ្មែរ ហើយថ្មីៗនេះទៀត ខ្ញុំឃើញវីដេអូមួយ ដែលគេតែងតាំងឡើងជាឧកញ៉ា ឡើងខ្ពស់ គឺប្អូនប្រុសម្នាក់ ដែលខ្ញុំចូលចិត្តតាមដានគាត់ មើលគាត់ដែរ គាត់ប្រុសទេ តែគាត់ពីមុនមក គាត់ធ្វើជាស្រី គាត់ប្រុស តែធ្វើជាស្រី ខ្មែរ គេហៅថា ភេទទី៣ ហើយគាត់អត់បានតស៊ូអីផងហ្នឹង គាត់ធម្មតាម្នាក់ហ្នឹង ហេតុអីគាត់ឡើងបុណ្យស័ក្តិខ្ពស់ ឡើងជាឧកញ៉ា ហើយដល់ពេលបងប្អូនកងទ័ព គាត់លះបង់គ្រប់បែបយ៉ាង លះបង់សាច់ឈាម កាន់កាំភ្លើង ប្រឈមមុខនឹងគ្រោះថ្នាក់ បាត់បង់ជីវិត ខ្លះទៅ គាត់តស៊ូលំបាក ដេកនៅព្រៃ ហូបអត់ហូបឃ្លាន ហេតុអីខ្ញុំអត់ដែលឃើញពួកគាត់ឡើងជាឧកញ៉ា ឡើងជាអីផង? ខ្ញុំឃើញគាត់នៅតែវេទនា គេងនៅក្នុងព្រៃ គឺថាពេលមានសឹកសង្គ្រាម ទាហាននៅច្បាំងមែនទេ? ដល់ពេលប្រទេសមានសន្តិភាព ហេតុអីឡើងតែបុណ្យស័ក្តិពួកអ្នកនៅតែទីក្រុង ទាហានហេតុអីអត់ឡើងបុណ្យស័ក្តិឱ្យ? អ៊ីចឹងត្រូវតែឡើងបុណ្យស័ក្តិឱ្យពួកគាត់ ហើយផ្តល់ប្រាក់ខែបៀរវត្ស ឱ្យច្រើនៗឱ្យពួកគាត់»។


នារីខាងលើបន្តថា «ហើយខ្ញុំសូមសំណូមពរមួយណា បើខ្ញុំសំណូមពរអីខុស សូមអធ្យាស្រ័យ អភ័យទោសម្តងហើយម្តងទៀតណា! អ៊ីចឹងពេលចប់សង្គ្រាម សូមឱ្យរាជរដ្ឋាភិបាល ឡើងប្រាក់ខែឱ្យគាត់ ហើយចែកដីឱ្យគាត់នៅ សង់ផ្ទះឱ្យគាត់នៅ ឱ្យពួកគាត់រស់នៅបានស្រួល ដូចបងប្អូន ដូចមេធំៗ ឱ្យពួកគាត់រស់នៅបានស្រួល ចែកដី ម្នាក់១ដុំៗ ហើយសង់ផ្ទះ មិនបាច់សង់ធំៗទេ អ៊ីចឹងសង់ផ្ទះ ឱ្យគាត់នៅ ចែកដីឱ្យគាត់នៅ ហើយឡើងប្រាក់ខែ ឱ្យពួកគាត់ ពួកគាត់តស៊ូលំបាក ដេកព្រៃ លំបាកគ្រប់បែបយ៉ាង លំបាកយូរហើយ បើអត់មានពួកគាត់ទេ ប្រទេសជាតិយើង ប្រឈមមុខនឹងគេដណ្តើម គេធ្វើបាប ហើយដូចខ្ញុំនិយាយដដែលអ៊ីចឹង បងៗកងទ័ព គាត់តស៊ូ គ្មានឱ្យគ្រួសារគាត់ទេ គាត់តស៊ូដើម្បីប្រទេសជាតិ គាត់លះបង់ ឈាមស្រស់សាច់ស្រស់ ដើម្បីការពារជាតិ អ៊ីចឹងរាជរដ្ឋាភិបាល ត្រូវតែលើកទឹកចិត្ត ឱ្យគាត់ មានប្រាក់ខែ មានផ្ទះ មានដី ព្រោះខ្ញុំឃើញបងប្អូនទាហាន គាត់អ្នកក្រីក្រ ពិបាក ឃើញគាត់ជិះម៉ូតូកញ្ចាស់ៗ ទៅតស៊ូ ច្បាំងជាមួយសត្រូវ ហើយអត់មានដី អត់មានផ្ទះ ច្រើនមែនទែនហ្មង។

នារីខ្មែរនៅអាមេរិក ដដែល បន្តទៀតថា «ហើយខ្ញុំឆ្ងល់មួយទៀត ខ្ញុំឃើញបងប្អូនចែកអំណោយច្រើន ប៉ុន្តែបងប្អូនទាហានខ្លះ គាត់អត់មានខោក្នុង អត់ស្លៀកផង គាត់រុំក្រណាត់ យកសំពត់ហ្នឹងរុំធ្វើជាខោខ្លី ខោក្នុងរបស់គាត់ អ៊ីចឹងសូមរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ នាយករដ្ឋមន្ត្រី មើលការខុសត្រូវ ព្រោះនាយករដ្ឋមន្ត្រី គាត់មិនបានទៅកាន់កាំភ្លើងដូចបងប្អូនទាហានទេ អ៊ីចឹងជួយយកចិត្តទុកដាក់គ្រប់តំបន់ ទិញខោអាវទិញអី មើលការខុសត្រូវគាត់ឱ្យបានល្អ ព្រោះខ្ញុំគិតថា នាយករដ្ឋមន្ត្រី ត្រូវចេះស្រលាញ់បងប្អូនកងទ័ព ស្រលាញ់ឱ្យបានច្រើន ហើយទៅសួរសុខទុក្ខគាត់ដល់គ្រប់តំបន់ អាហ្នឹងក្នុងនាមខ្ញុំជាកូនខ្មែរ ឈាមជ័រជាខ្មែរ ហើយខ្ញុំចង់សួរទៅដល់ពុកម៉ែបងប្អូន និងបងប្អូនកងទ័ព និងមេបញ្ជាការកងទ័ពទេ អ៊ីចឹងសូមអធ្យាស្រ័យ សូមអភ័យទោសទុកជាមុនណា បើខ្ញុំខុសឆ្គងអី កុំប្រកែកុំប្រកាន់ ព្រោះស្រុកខ្មែរ ខ្ញុំចង់និយាយម្តងទៀត ខ្ញុំអត់ដែលបានទៅទេ ចោលយូរណាស់ហើយ ខ្ញុំក៏អត់ស្គាល់នៅកន្លែងណា នៅកន្លែងណាដែរ។ ហើយចុងក្រោយ ខ្ញុំសូមជូនពរទៅដល់ពុកម៉ែបងប្អូន បងៗកងទ័ព មានសុខភាពល្អ កុំឱ្យសត្រូវមកបៀតបៀន ឈ្នះសត្រូវ ធ្វើឱ្យបានសម្រេច ពេលនេះក៏ស្ងៀមស្ងាត់ដែរ តែបងប្អូនកងទ័ព គាត់នៅតែត្រៀមការពារទឹកដី…”។
គួរបញ្ជាក់ថា ការលើកឡើងរបស់នារីខ្មែរ នៅសហរដ្ឋអាមេរិក ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានតារាចម្រៀងខ្មែរ មួយចំនួន បានទទួលគោរមងារជាឧកញ៉ា ក្នុងនោះមានតារាចម្រៀងល្បី ព្រាប សុវត្ថិ និងខេមរ: សិរីមន្ត ជាដើម។
ទោះបីជាយ៉ាងណា ជុំវិញការលើកឡើងជាចម្ងល់របស់នារីខ្មែរ នៅអាមេរិក ខាងលើនេះ មិនទាន់ឃើញមានប្រតិកម្ម ឆ្លើយតប ឬការបកស្រាយបំភ្លឺពីសាមីខ្លួនតារាចម្រៀងដែលមានងារជាឧកញ៉ា និងស្ថាប័នពាក់ព័ន្ធនៅឡើយ គិតត្រឹមល្ងាចថ្ងៃទី២០ ខែសីហា ឆនាំ២០២៥៕ ដារិទ្ធ