ភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានបន្តសម័យប្រជុំរដ្ឋ សភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះ រាជា ណាចក្រកម្ពុជា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្ដើមសម័យប្រជុំចំនួន ១២០រូប ដោយមានរបៀបវារៈពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ មានសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ។

១- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ។ សេចក្តីព្រាងច្បាប់នេះ មានពីរមាត្រា។ យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល បានពន្យល់ថា នាពេលថ្មីៗនេះ ប្រទេសជាតិ កំពុងស្ថិតក្នុងស្ថានភាពតានតឹង និងកំពុងប្រឈមនឹងការឈ្លានពានទឹកដីពីសំណាក់រដ្ឋបរទេស បែរជាមានប្រជាពលរដ្ឋខ្មែរ មួយចំនួនតូច ជាពិសេសក្រុមដែលកំពុងរស់នៅក្រៅប្រទេស បានធ្វើសកម្មភាពចូលរួមនិងគប់គិតជាមួយនឹងបរទេសប្រព្រឹត្តអំពើក្បត់ជាតិ និងធ្វើសកម្មភាពបណ្តាលឱ្យប៉ះពាល់ដល់សេចក្តីសុខសាន្តរបស់ប្រជារាស្ត្រនិងសន្តិសុខជាតិ យ៉ាងធ្ងន់ធ្ងរ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍របស់ជាតិ ខណៈ ពេលដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំកសាងខឿនការពារជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជាតិ ដោយមានការគាំទ្រពេញលេញពីសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យហេតុនេះ ផ្អែកតាមមាត្រា១៥៣ថ្មី នៃរដ្ឋធម្មនុញ្ញ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច យួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តាមសេចក្តីស្នើសុំរបស់តំណាងរាស្ត្រ ទាំង១២៥រូប បានផ្តើមគំនិតរួមគ្នាធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាមូលដ្ឋានគតិយុត្ត អនុញ្ញាតឱ្យមានការដកសញ្ជាតិខ្មែរ ដើម្បីបន្សុទ្ធនូវទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរ ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងគោលដៅលើកកម្ពស់ឧត្តមគតិជាតិ មនសិការស្នេហាជាតិ និងភាពស្មោះត្រង់ដោយភាពស្ម័គ្រស្មោះ ការពារជាតិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈទាំងអស់។
ទន្ទឹមនេះ ការដកសញ្ជាតិខ្មែរ នៅព្រះរាជាណាចក្រកម្ពុជា មិនមែនជាសញ្ញាណថ្មីនោះឡើយ ដោយហេតុថា ច្បាប់ខ្មែរ នាសម័យមុន ក៏បានកំណត់អំពីការដកសញ្ជាតិផងដែរ។ ចំពោះក្របខ័ណ្ឌច្បាប់នៃបណ្តាប្រទេសលើសកលលោក ចំនួនប្រមាណ ១៥០ប្រទេស ក៏មានច្បាប់ស្តីពីបណ្តាលឱ្យខូតខាតដល់ឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិនិងតម្លៃជាតិសាសន៍របស់ប្រទេសខ្លួន ដូចជាសាធារណរដ្ឋបារាំង ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក សហព័ន្ធអាល្លឺម៉ង់ សហព័ន្ធរដ្ឋអូស្ត្រាលី សាធារណរដ្ឋអ៊ីតាលី សា ធារណរដ្ឋបែលហ្ស៊ិក សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋសិង្ហបុរី និងបណ្តាប្រទេសជាច្រើនទៀត។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ នឹងផ្តល់ប្រយោជន៍សំខាន់ៗដូចជា ធ្វើឱ្យច្បាប់ស្តីពីសញ្ជាតិ ស្របតាមមាត្រា៣៣ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ជាឧបករណ៍គតិយុត្តសំខាន់មួយ ដើម្បីធានាបាននូវសន្តិភាព ខឿនការពារជាតិ ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិ។ ជាក្របខ័ណ្ឌគតិយុត្តដ៏រឹងមាំក្នុងការទប់ស្កាត់និងប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងកិច្ចការ ផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិនិងអំពើគប់គិតជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស។ ពង្រឹងនូវការអនុវត្តកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរ ស្របតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃ ព្រះរា ជាណាចក្រកម្ពុជា។ ពង្រឹងការអនុវត្តនៃការទទួលបានសញ្ជាតិខ្មែរ ស្របតាមនីតិវិធីនៃច្បាប់នេះ។ ពង្រឹងភាពស្មោះត្រង់ចំពោះជាតិ មនសិការស្នេហាជាតិ និងឧត្តមប្រយោជន៍ជាតិ។ ការដកសញ្ជាតិខ្មែរ គឺជាការកាត់ផ្តាច់ចំណងគតិយុត្តនិងនយោបាយចំពោះជនដែលក្បត់ជាតិ តែប៉ុណ្ណោះ។ ចូលរួមផ្តល់ព័ត៌មានដល់អន្តរជាតិ ឱ្យមានការប្រុងប្រយ័ត្នចំពោះជនដែលត្រូវបានដកសញ្ជាតិ ដោយសារការគំរាមកំហែង ឬការប៉ះពាល់ដល់សន្តិ សុខនៃពិភពលោក។
ក្រោយពីបានពិភាក្សាយ៉ាងផលផុស តាមនីតិវិធី អង្គរដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដោយសំឡេងយល់ព្រមចំនួន ១២០ នៃចំនួនសមាជិករដ្ឋសភាចូលរួមប្រជុំ ១២០រូប។
២- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ។ សេចក្តីព្រាងច្បាប់នេះ មាន៣មាត្រា។
ឈរលើមូលដ្ឋាននៃសមិទ្ធផលដែលព្រះរាជាណាចក្រកម្ពុជា សម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមក ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំង៤ដំណាក់កាល រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រ សិទ្ធភាព និងចីរភាព សំដៅឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ក្នុងដំណើរឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃគោលនយោបាយនិងយុទ្ធសាស្ត្រជាតិ ដែលនៅជាធរមាន និងការចង្អុលបង្ហាញដោយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ បានរៀបចំនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិសនិងចង្អុលបង្ហាញការងារជាអាទិភាព ក្នុងការធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនិងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចឱ្យបាននូវគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបួន ត្រឹមឆ្នាំ២០៥០។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល បាននិងកំពុងពង្រឹងនិងពង្រីកទំនាក់ទំនងអន្តរជាតិ សំដៅលើកកម្ពស់កិត្តិយសជាតិ លើឆាកអន្តរជាតិនិងកៀរគរធនធានក្រៅប្រទេស យកមកបម្រើឱ្យផលប្រយោជន៍ជាតិ។

កិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រនេះ មានគោលបំណងធានាដល់ការអភិរក្សនិងការប្រើប្រាស់ប្រកបដោយចីរភាពនូវជីវៈចម្រុះសមុទ្រ នៅក្រៅដែនយុត្តាធិការជាតិសម្រាប់ពេលបច្ចុប្បន្ននិងអនា គត។ រាជរដ្ឋាភិបាល បានឯកភាពផ្តល់សិទ្ធិប្រទានជូនក្រសួងបរិស្ថាន តាមរយៈលិខិតលេខ៤៦ សប្រទ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ធ្វើជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ នៅក្នុងអំឡុងនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រ លើកទី៣ នៅទីក្រុងនីស នៃសាធារណរដ្ឋបារាំង។
ក្រោយពីបានពិភាក្សាយ៉ាងល្អិតល្អន់តាមនីតិវិធី អង្គរដ្ឋសភា អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុ សញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ចំនួន១១៩សំឡេង នៃចំនួនសមាជិករដ្ឋសភា ចូលរួមប្រជុំ ១២០រូប៕ ខៀវទុំ