
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា បានលើកឡើងថា បើសៀម (ថៃ) រឹងក្បាលប្រើផែនទីចោរ ដែលគូសដោយខ្លួនឯងជាឯកតោភាគី ដោយមិនព្រមយកតាមផែនទីនៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ដើម្បីចង់បានទឹកដីកម្ពុជា នោះខ្មែរ អាចប្រើផែនទីមុនសតវត្សរ៍ទី១៣ ដែលចក្រភពកម្ពុជទេស នាសម័យមហានគរនោះ មានផ្ទៃដីធំល្វឹងល្វើយ ឯសៀម មិនទាន់មានប្រទេសនៅឡើយ ។
លោកបណ្ឌិត សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានវេទិកាសន្តិភាពកម្ពុជា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “បើសៀម នៅតែរឹងក្បាល យកផែនទីដែលខ្លួនឯងគូជាឯកតោភាគី មកតវ៉ា មិនព្រមគោរពច្បាប់អន្តរជាតិ នោះខ្មែរ ក៏អាចយកផែនទីមុនសតវត្សទី១៣ មកអះអាងយកដីខ្មែរវិញដែរ… កាលណោះ គ្មានប្រទេសសៀម មួយមីល្លីម៉ែត្រទេ“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត សួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថា ភាគីជម្លោះ ជារដ្ឋឯករាជ្យក្នុងសម័យទំនើបនេះ មិនអាចធ្វើអ្វីជាឯកតោភាគីបានទេ ជាពិសេសព្រំដែនប្រទេសនិងប្រទេស យើងមិនអាចទៅអង្គុយគូសវាសផែនទីជាឯកតោភាគី មកបង្ខំឲ្យប្រទេសមួយទៀត ត្រូវតែគោរពតាមអ្វីរបស់ខ្លួនទេ ហើយបើសៀម យល់ឃើញថា ផែនទីជាឯកតោភាគី ដែលខ្លួនគូសឡើងនោះ ដើម្បីប្លន់លួចយកដីខ្មែរ តាមតែអំពើចិត្ត ហើយមកបង្ខំឲ្យខ្មែរ ត្រូវតែគោរពទទួលយកផែនទីឯកតោភាគី ដែលខ្លួនគូសឡើងនោះ ខ្មែរ ក៏មានសិទ្ធិដូចគ្នា លើកយកផែនទីពីអតីតសម័យអង្គរ យកមកសំអាងបានដូចគ្នា ពីព្រោះពីសម័យអង្គរ មុនសតវត្សរ៍ទី១៣ គ្មានប្រទេសសៀម ជនជាតិសៀម នោះទេ គឺសៀម កើតឡើងនៅក្រោយសតវត្សរ៍ទី១៣ ។

លោកបណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍ថា “ចំណុចហ្នឹង ខ្ញុំចង់បញ្ជាក់ថា ទាំងអស់គ្នា ភាគីជម្លោះ ជារដ្ឋឯករាជ្យក្នុងសម័យទំនើបនេះ គឺយើងមិនអាចធ្វើអ្វីជាឯកតោភាគីបានទេ ជាពិសេសគឺព្រំដែនប្រទេសនិងប្រទេស យើងមិនអាចទៅអង្គុយគូសវាសផែនទីជាឯកតោភាគី មកបង្ខំឲ្យប្រទេសមួយទៀត ត្រូវតែគោរពតាមអ្វីរបស់ខ្លួនទេ ហើយបើសៀមយល់ឃើញថា ផែនទីជាឯកតោភាគី ដែលខ្លួនគូសឡើងនោះ ដើម្បីប្លន់លួចយកដីខ្មែរ តាមតែអំពើចិត្ត ហើយមកបង្ខំឲ្យខ្មែរ ត្រូវតែគោរពទទួលយកផែនទីឯកតោភាគី ដែលខ្លួនគូសឡើងនោះ គឺមានន័យថា ខ្មែរ ក៏មានសិទ្ធិដូចគ្នា លើកយកផែនទីពីអតីតសម័យអង្គរ យកមកនិយាយបានដូចគ្នា ពីព្រោះពីសម័យអង្គរ មុនសតវត្សរ៍ទី១៣ មានប្រទេសសៀម ឯណា? មានជនជាតិសៀមឯណា? សៀម កើតឡើងនៅក្រោយសតវត្សរ៍ទី១៣-១៤ នេះតើ! អ៊ីចឹងយើងចង់ទាញយកលក្ខណៈគេហៅថា ជាតក្កវិជ្ជាមួយ មកបញ្ជាក់ថា បច្ចុប្បន្នភាពនេះ យើងមិនអាចថយក្រោយទៅប្រវត្តិសាស្រ្តដែលជាអតីតកាលបានដោយឯងៗទេ ហើយយើងក៏មិនអាចបង្កើតអ្វីថ្មីដោយឯកតោភាគីឯងៗបានដែរ គឺត្រូវតែទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ហើយមានការឯកភាពច្បាស់លាស់លើវិទ្យាសាស្រ្ត លើការអនុវត្តជាក់ស្ដែង ហើយផែនទីរបស់ខ្មែរ ហើយនិងសៀម នេះ គឺថាបានអនុវត្តជារួមដោយសន្ធិសញ្ញាបារាំង-សៀម ១៩០៤ និង១៩០៧ ហើយដែលគ្មានការតវ៉ាមកទេ គឺបានអនុវត្តប៉ុន្មានជំនាន់រាជការមកហើយ ។ អ៊ីចឹងអាហ្នឹង គឺដែលយើងបានឯកភាពគ្នា ដែលយើងបានយល់ព្រមប្រើប្រាស់ ហើយវាក្លាយទៅជាគតិយុត្តអន្តរជាតិ នៅក្នុងក្របខ័ណ្ឌតុលាការអន្តរជាតិក្ដី នៅក្នុងប្រវត្តិសាស្រ្តអាណានិគម នៅក្នុងឥណ្ឌូចិនយើងក្ដី គឺក្រោយពេលដែលបារាំង បានចុះសន្ធិសញ្ញាជាមួយប្រទេសសៀម និយាយអំពីព្រំដែនឥណ្ឌូចិន និងព្រំដែនក្រុងសៀម នោះគឺបានកំណត់តាំងពីពេលនោះមក ដោយគ្មានការតវ៉ា ដោយគ្មានការទាមទារអ្វីទៀតទេ ហើយបានយល់ព្រមទទួលរហូតមកដល់ពេលនេះហើយ បាននៅក្នុងពេលដែលមាន MOU ឆ្នាំ២០០០ រាជរដ្ឋាភិបាលកម្ពុជា បានឈរលើមូលដ្ឋានហ្នឹង គឺត្រូវគោរពនូវសន្ធិសញ្ញាបារាំង-សៀម ១៩០៤-១៩០៧ ដើម្បីគូសវាសនិងបោះបង្គោលព្រំដែនដីគោក ជាមួយប្រទេសសៀម រាល់ថ្ងៃ ។ អ៊ីចឹងបើសៀម ខ្លួនឯងហ្នឹងនៅតែចចេស នៅតែមានះ នៅតែគិតថា ផែនទីដែលខ្លួនគូសជាឯកតោភាគីហ្នឹង គឺជាផែនទីដែលកម្ពុជា ត្រូវតែគោរព ត្រូវតែធ្វើតាមអ្វីដែលជាគំនិតចោរ ផែនទីចោររបស់ខ្លួន អ៊ីចឹងកម្ពុជាក៏មានសិទ្ធិដែរ ពីព្រោះអតីតភាព មុនសតវត្សរ៍ទី១៣ គឺផែនទីមហានគរ នៅមាននៅក្នុងប្រវត្តិសាស្រ្ត យើងអាចទាមទារយកមកវិញបាន ។ ប៉ុន្តែវាមិនអាចកើតឡើងទេ នៅក្នុងក្របខ័ណ្ឌបច្ចុប្បន្នភាព យើងគ្រាន់តែពញ្ញាក់ស្មារតីសៀម ឲ្យយល់ថា បច្ចុប្បន្នភាពក្នុងសម័យទំនើប គឺមិនអាចនរណាម្នាក់វិលទៅរកប្រវត្តិសាស្រ្តអតីតកាល ដែលមិនទាញត្រលប់មកបច្ចុប្បន្នបាន ហើយក៏មិនអាចនរណាម្នាក់ក្នុងពេលបច្ចុប្បន្ន ធ្វើអីតែឯងៗ ដោយមិនទទួលស្គាល់ពីអន្តរជាតិបានដែរ“ ។

លោកបណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍បន្តថា “វាជាការពិត ជាតិសាសន៍មួយ ប្រទេសមួយ ជាពិសេសគឺការប្រាប់ឲ្យជំនាន់ក្រោយរបស់ខ្លួនឯង ស្គាល់អំពីប្រវត្តិសាស្រ្ត និងរឿងរ៉ាវដើមកំណើតប្រទេសជាតិរបស់ខ្លួនឯងហ្នឹង វាជារឿងសំខាន់ណាស់ សូម្បីតែសហរដ្ឋអាមេរិក ដែលគេជាប្រទេសមហាអំណាចនៅក្នុងពេលបច្ចុប្បន្នហ្នឹង ក៏គេបង្រៀនកូនអាមេរិកាំង ឲ្យស្គាល់ប្រវត្តិរបស់អាមេរិកាំង មកពីណាដែរ ហើយប្រទេសអាមេរិក មានប្រវត្តិប៉ុន្មានរយឆ្នាំ? ដែលទើបតែជាង ៣០០ឆ្នាំនេះទេ ដែលកើតទៅជាប្រទេសអាមេរិក នោះ ហើយប្រវត្តិសាស្រ្ត ៣០០ឆ្នាំរបស់អាមេរិក ហ្នឹងគឺថាបានចាប់ផ្ដើមពីណា? អាមេរិក អត់មានដីទេ គឺជាជនជាតិអន្តោប្រវេសន៍ គឺមកពីអង់គ្លេស មកយកដីរបស់ឥណ្ឌាក្រហម នៅឧបទ្វីបអាមេរិកហ្នឹង ដើម្បីកសាង ហើយរៀបចំទៅជាប្រទេសសហរដ្ឋអាមេរិក តាមក្របខ័ណ្ឌហ្នឹង ។ គេអត់មានកុហកភូតភរ គេជាមហាអំណាចនៅលើពិភពលោកផង ប៉ុន្តែប្រទេសសៀម ដែលតូចតាចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ បែរទៅជាកុហកភូតភរកូនចៅជំនាន់ក្រោយរបស់ខ្លួនឯង បង្កើតប្រវត្តិសាស្រ្តក្លែងក្លាយ ។ ខ្ញុំជម្រាបថា បច្ចុប្បន្នភាពនេះ គឺគ្មានប្រវត្តិសាស្រ្តណាមួយដែលលាក់បាំងការពិតបានទេ ពីព្រោះគេអាចរកឃើញនូវអតីតកាលប្រវត្តិសាស្រ្តរាប់រយ រាប់ពាន់ រាប់លានឆ្នាំ ថយក្រោយនោះ រឿងអីត្រឹមប្រវត្តិសាស្រ្តសៀម កើតក្រោយសតវត្សរ៍ទី១៣នេះ រឿងអីគេរកមិនឃើញ? អ៊ីចឹងវាជាភាពអាម៉ាស់របស់មេដឹកនាំសៀម អ្នកនយោបាយសៀម និងស្ដេចសៀម ដែលខិតខំកសាងប្រវត្តិសាស្រ្តថ្មីមួយ កុហកកូនចៅជំនាន់ក្រោយរបស់ខ្លួន ។ យើងជាខ្មែរ យើងជាប្រទេសដែលមានកំណើតតាំងពីមុនសតវត្សរ៍ទី១ នៃគ្រិស្ដសករាជមក យើងត្រូវតែមានមោទនភាពថា យើងជាជនជាតិមួយ ជាប្រទេសមួយដែលមានកំណើតនៅក្នុងអាស៊ីអាគ្នេយ៍នេះ មាន៤ជាតិសាសន៍ទេ គឺខ្មែរ ភូមា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដែលគេហៅថា ជ្រោយឥណ្ឌានោះ ដែនកោះម៉ាឡាយូ ពីមុន គឺមានតែ ៤ហ្នឹងតើ! ហើយយើងក៏ត្រូវប្រាប់ទៅប្រទេសជិតខាងយើងថា ឲ្យមានភាពក្លាហាននៅក្នុងការទទួលស្គាល់ប្រវត្តិសាស្រ្តខ្លួនឯងដែរ កុំបំភ្លៃតទៅទៀត“ ។

លោកបណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍បន្តទៀតថា “ចំពោះប្រជាជនខ្មែររបស់យើង គឺទី១ យើងត្រូវស្គាល់ប្រវត្តិសាស្រ្ត ជាតិសាសន៍យើង មកពីណាច្បាស់លាស់ ហើយចាប់ផ្ដើមពីពេលណាមក ឲ្យបានពិតប្រាកដ ហើយក៏យើងត្រូវតែស្គាល់ប្រវត្តិសាស្រ្តនៃប្រទេសជិតខាងរបស់យើង ឲ្យច្បាស់លាស់ផងដែរ យើងកុំខ្លាចនៅក្នុងការរៀនប្រវត្តិសាស្រ្តខ្លួនឯង ដើម្បីស្គាល់អំពីឫសគល់របស់យើង ហើយស្គាល់ថា អ្នកនៅជុំវិញយើង ប្រទេសជិតខាងហ្នឹង គេចាប់កំណើតកើតជាប្រទេស ពីពេលណា? ពីសតវត្សរ៍ទីប៉ុន្មាន? ហើយបានបង្កការឈឺចាប់អ្វីខ្លះសម្រាប់ជាតិសាសន៍យើង? ជាពលរដ្ឋខ្មែរយើង ត្រូវដឹង គឺយើងជាខ្មែរ ជាម្ចាស់ប្រទេស ជាជនជាតិមួយដែលចំណាស់វប្បធម៌នៅចុងបូព៌ានេះ គឺយើងត្រូវតែដឹងច្បាស់អំពីប្រវត្តិសាស្រ្តខ្លួនឯង ហើយមួយទៀត ក៏យើងត្រូវតែមានភាពក្លាហាននៅក្នុងការតវ៉ាទៅជនជាតិជិតខាង ប្រទេសជិតខាង នៅពេលដែលគេនិយាយបំភ្លៃ បំផ្លើសលើសពីការពិតនៃប្រវត្តិសាស្រ្តផងដែរ យើងមិនអាចនៅសំងំស្ងៀមទេ យើងរៀនជំនាញច្បាប់ក៏ដោយ យើងរៀនជំនាញគណនេយ្យក៏ដោយ យើងរៀនជំនាញអីផ្សេងដែលមិនមែនប្រវត្តិសាស្រ្តក៏ដោយ ប៉ុន្តែយើងត្រូវតែរៀនប្រវត្តិសាស្រ្តរបស់យើង ពីព្រោះប្រវត្តិសាស្រ្តរបស់យើង គឺយើងត្រូវដឹង ត្រូវយល់គ្រប់គ្នា យើងចាត់ទុកជាចំណេះដឹងទូទៅមួយ ដែលយើងត្រូវតែរៀន ត្រូវតែដឹង សម្រាប់ជាមូលដ្ឋានតវ៉ា សម្រាប់ជាមូលដ្ឋានច្បាស់លាស់មួយ ដើម្បីឆ្លើយតបទៅនឹងគំនិតឈ្លានពាន ទៅនឹងគំនិតបំភ្លៃប្រវត្តិសាស្រ្តរបស់ជាតិសាសន៍មួយចំនួន ដែលនៅសងខាងជិតយើងហ្នឹង ។ អ៊ីចឹងយើងកុំចាត់ទុកថា រៀនប្រវត្តិសាស្រ្តទៅ វាលំបាកណាស់ វាឈឺចាប់ ឃើញតែគេឈ្លានពានយើង ឃើញតែគេវ៉ៃយើង ឃើញតែគេធ្វើបាបយើង អ៊ីចឹងមិនចង់ដឹងចង់ឮ ។ ការដែលមិនចង់ដឹងចង់ឮការឈឺចាប់នៅក្នុងប្រវត្តិសាស្រ្តនេះហើយ ធ្វើឲ្យយើងមិនស្គាល់ប្រវត្តិសាស្រ្តរបស់ខ្លួនឯង ហើយយើងនឹងបាត់ទុនឯកសារប្រវត្តិសាស្រ្ត ដើម្បីតទល់ ទប់ទល់ជាមួយប្រទេសជិតខាង ដែលគេបំពារបំពានយើង ដែលគេបំភ្លៃប្រវត្តិសាស្រ្តរបស់យើង“ ។
លោកបណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍បន្ថែមថា “ចំពោះចោរសៀម ខ្ញុំផ្ញើសារទៅទាំងស្ដេច ទាំងអ្នកនយោបាយ ទាំងកងទ័ព ទាំងក្រុមអ្នកវង្វេងប្រវត្តិសាស្រ្ត នៅក្នុងប្រទេសសៀមហ្នឹង គឺថាភ្ញាក់រលឹកឡើងវិញទៅ ឲ្យមានសតិជាមនុស្ស ពីព្រោះមនុស្ស គឺសំខាន់ការទទួលយកការពិត ស្គាល់ការពិតថា ខ្លួនឯងមកពីណា? ហើយមកដល់ត្រឹមណា? ដូនតារបស់ខ្លួនឯង មកពីណា? កុំឲ្យមកដល់សតវត្សរ៍ទី២១ហើយ ឆ្នាំ២០២៥ហើយ ទាំងស្ដេច ទាំងមន្រ្តី ទាំងអ្នកនយោបាយ ទាំងអ្នកវង្វេងប្រវត្តិសាស្រ្តមួយចំនួនហ្នឹង គឺដូចមនុស្សព្រៃ ទើបចេញមកពីកាលសតវត្សរ៍ទី៨ ទី៩ ដែលចិន គេវ៉ៃខ្ចាត់ខ្ចាយចេញពីប្រទេសចិន មកនៅជាកុលសម្ព័ន្ធតៃ នៅឡើយ ឥឡូវវាប្រែពីតៃ ទៅថៃ ទៅហើយ ប្រែពីតៃ ទៅជាសៀម ទៅជាថៃ ទៅហើយ ។ អ៊ីចឹងឲ្យវាមានភាពស៊ីវិល័យ (Civilization) ឡើង រស់នៅជាជាតិសាសន៍មួយដែលជាជាតិសាសន៍ទទួលស្គាល់ការពិត កុំឲ្យរស់បែបជាមនុស្សព្រៃ នៅតែមានគំនិតឈ្លានពាន នៅតែមិនទទួលស្គាល់ប្រវត្តិសាស្រ្តខ្លួនឯង នៅតែកុហកកូនចៅខ្លួនឯង ។ អ៊ីចឹងវាមិនមែនជាវប្បធម៌ស៊ីវិល័យរបស់មនុស្សនៅក្នុងសតវត្សរ៍ទី២១ នេះទេ“ ៕ កុលបុត្រ