Thursday, August 28, 2025
Homeសង្គម និងជីវិតភរិយាវីរកងទ័ព៧នាក់ សម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផា

ភរិយាវីរកងទ័ព៧នាក់ សម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផា

ខេត្តសៀមរាប ៖ ស្ត្រីជាភរិយាវីរកងទ័ព ចំនួន៧នាក់ ព្រមទាំងស្ត្រីជាជនភៀសសឹក ចំនួន១៤នាក់ បានសម្រាលកូនដោយសុវត្ថិភាពទាំងម្តាយនិងទារក ក្នុងរយៈពេលមួយសប្តាហ៍ កន្លងមកនេះ។

តាមប្រភពមន្ទីរពេទ្យជយវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) បានឱ្យដឹងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ថា គិតចាប់ពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ មានស្ត្រីជាភរិយាវីរកងទ័ពដែលប្រចាំការនៅសមរ ភូមិជួរមុខ ចំនួន៧នាក់ និងស្ត្រីជាក្រុមគ្រួសារភៀសសឹក ចំនួន១៤នាក់ បានសម្រាលកូន ប្រកបដោយសុវត្ថិ ភាព ជាបន្តបន្ទាប់។

ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផា បានបង្ហាញពីសកម្មភាពប្រចាំថ្ងៃ របស់គិលានុបដ្ឋាយិកា ផ្នែកសង្គ្រោះទារក អគារក្រោយសម្រាលកូន និងឆ្មបក្នុងបន្ទប់សម្រាលកូន បង្រៀនអប់រំដល់ស្ត្រីក្រោយសម្រាលកូន អំពីរបៀបបំបៅដោះកូនដោយទឹកដោះម្តាយសុទ្ធ តែមួយមុខគត់។ សារៈសំខាន់នៃទឹកដោះម្តាយ ជាពិសេសទឹកដោះម្តាយដំបូង (កូឡូស្ត្រូម) និងអាហារូបត្ថម្ភ និងបង្រៀនម្តាយ ពីអត្ថប្រយោជន៍ការដាក់ទារកឱ្យប៉ះផ្ទាល់ស្បែកទារក និងស្បែកម្តាយ (Skin to Skin) គឺស្ថានភាព Kangaroo។

ប្រភពខាងលើ បានបញ្ជាក់ថា ជាមធ្យម ការអប់រំនិងបង្រៀនដល់ស្ត្រី ក្រោយសម្រាលកូន ដោយគិលានុបដ្ឋា យិកា និងឆ្មប មានចំនួន៥០ ទៅ៧០នាក់ ក្នុងមួយថ្ងៃ ដោយរាប់បញ្ចូលទាំងស្ត្រីនៅអគារក្រោយសម្រាលកូន បន្ទប់សម្រាលកូន និងស្ត្រីនៅអគារសង្គ្រោះទារក។

បើតាមរបាយការណ៍បម្រើសេវាស្ត្រីមានផ្ទៃពោះ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ រួមមាន ពិគ្រោះជំងឺក្រៅ មានចំនួន៤៣៩នាក់ ស្ត្រីសម្រាកពេទ្យ មានចំនួន ២៧៨នាក់ សម្រាលកូនធម្មតា មានចំនួន ៦៦នាក់ និងសម្រាលកូនដោយវះកាត់ មានចំនួន១៤នាក់៕

RELATED ARTICLES