Tuesday, September 2, 2025
Homeព័ត៌មានជាតិសាក្សីរស់ សៀមដឹកជនភៀសខ្លួនខ្មែរ ចាក់ចោលលើភ្នំដងរែក ស្លាប់ជិត៩ម៉ឺននាក់

សាក្សីរស់ សៀមដឹកជនភៀសខ្លួនខ្មែរ ចាក់ចោលលើភ្នំដងរែក ស្លាប់ជិត៩ម៉ឺននាក់

ភ្នំពេញ ៖ ស្របពេលដែលអ្នកច្បាប់ និងនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រំឭកដល់ការប្រល័យពូជសាសន៍ខ្មែរ ដោយភាគីថៃ នៅជួរភ្នំដងរែក និងមើលឃើញ រដ្ឋាភិបាលថៃ មិនបានប្តេជ្ញាចិត្តក្នុងការគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិនោះ ប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានអះអាងថា លោកគឺជាសាក្សីរស់ ដែលបានឃើញសៀម ដឹកជនភៀសខ្លួនខ្មែរ ទៅចាក់ចោលលើភ្នំដងរែក បណ្ដាលឲ្យស្លាប់ ជិត៩ម៉ឺននាក់ ។

លោក មាជ សុវណ្ណារ៉ា គឺជាអតីតជនភៀសខ្លួនខ្មែរម្នាក់ ក្នុងចំណោមជនភៀសខ្លួនខ្មែររាប់សែននាក់ នៅតាមអតីតជំរំតស៊ូ ជាយដែនកម្ពុជា-ថៃ និងជំរំភ្នំដងរែក ក្នុងទសវត្សឆ្នាំ១៩៨០ ក្រោមការគ្រប់គ្រងដោយអតីតចលនាតស៊ូរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដឹកនាំដោយលោកតា សឺន សាន ចៅបង្កើតវីរបុរស សឺន គុយ ឧត្តមសេនីយ៍សក់ ស៊ុតសាខន និងឧត្តមសេនីយ៍ ដៀន ដែល ដែលមានជំរំចំនួន៧ តស៊ូច្បាំងនឹងកងទ័ពយួន និងអតីតរបបក្រុងភ្នំពេញ ជាង១០ឆ្នាំ មុនមានសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ និងបន្តកើតមាននូវរបបសេរីពហុបក្ស នៃព្រះរាជាណាចក្រកម្ពុជាទី២ ក្រោយពីការបោះឆ្នោតដែលរៀបចំឡើងដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិ (UNTAC) នៅឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន ។

លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថា “ខ្ញុំ មាជ សុវណ្ណារ៉ា ជាសាក្សីរស់ សល់ពីស្លាប់ ក្នុងអំឡុងសៀមដឹកអតីតជនភៀសខ្លួនខ្មែរ យកទៅចាក់ចោលលើខ្នងភ្នំដងរែក ពីថ្ងៃទី១ ដល់១២ ខែមិថុនា ឆ្នាំ១៩៧៩ បណ្តាលឱ្យខ្មែរ ស្លាប់ជាង ៨៤០០០នាក់ ពិសេសនៅតំបន់ភ្នំខ្មោច ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

            លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រំឭកដល់ការប្រល័យពូជសាសន៍ខ្មែរ ដោយភាគីថៃ នៅជួរភ្នំដងរែក។ លោកយល់ថា រដ្ឋាភិបាលថៃ មិនបានប្តេជ្ញាចិត្តទាំងស្រុងក្នុងការគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិទេ។ បើទោះបីជាថៃ មិនមែនជាសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ប៉ុន្តែកម្ពុជា គឺជាសមាជិក ដូច្នេះការវាយប្រហារលើសមាជិករបស់ ICC គឺមានយុត្តាធិការគ្រប់គ្រាន់សម្រាប់តុលាការ ICC ហើយ។ តើមានប្រិយមិត្តប៉ុន្មាននាក់ ដែលដឹងពីមរណភាពជនភៀសខ្លួនខ្មែរ នៅភ្នំដងរែក?“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានរៀបរាប់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ថា “ខ្ញុំជាសាក្សីរស់ គឺក្នុងនាមជាអតីតជនភៀសខ្លួនខ្មែរ ជាមួយម្ដាយខ្ញុំ ជាស្រ្តីមេម៉ាយ កាលពីថ្ងៃទី៩ មិថុនា ឆ្នាំ១៩៧៩ ខ្ញុំនៅចងចាំ ដែលពេលនោះ ខ្ញុំនៅអាយុ១២ឆ្នាំ ចេញពីអាពត បនប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយក្រោយពីឮថា ៧មករា ១៩៧៩ មានកងទ័ពយួន ចូលមកឈ្លានពាន យើងមិនបានទៅគិតវែងឆ្ងាយអី ក្នុងវ័យកុមារហ្នឹង គឺថាម្ដាយជាអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យជាតិនិយម អ៊ីចឹងគាត់ឮតែយួនឈ្លានពាន ខ្មែរក្រហម កាប់សម្លាប់រង្គាលនៃរបបគាត់គ្រប់គ្រង ដែលបង្កើតដោយយួន ដោយចិន ។ អ៊ីចឹងឮថាមានយួនឈ្លានពាន ចូលមកប្រទេសកម្ពុជាទៀត អ៊ីចឹងហើយ គាត់ក៏នាំខ្ញុំទៅជំរំ ដោយសារតែឮថា មានចលនាតស៊ូរណសិរ្សជាតិរំដោះប្រជាជាតិខ្មែរ ដឹកនាំដោយលោកតាសឺន សាន ហើយលោកតាសឺន សាន សក់ ស៊ុតសាខន សុទ្ធតែជាអតីតនាយករដ្ឋមន្រ្តី ជាអ្នកនយោបាយល្បីល្បាញ ហើយធ្លាប់ធ្វើជាចៅហ្វាយខេត្តបាត់ដំបងទៀត គឺថាពេលដែលគាត់នៅក្នុងអតតីរបបសង្គមរាស្រ្តនិយម ក្រោយមក របបសាធារណរដ្ឋ ហើយយើងឮអំពីសក់ ស៊ុតសាខន ដែលជាអតីតប្រធានាធិបតីចុងក្រោយ នៃរបបសាធារណរដ្ឋខ្មែរហ្នឹង បង្កើតកម្លាំងតស៊ូ ដើម្បីប្រយុទ្ធនឹងការឈ្លានពាន ទប់ស្កាត់បនប្រល័យពូជសាសន៍ខ្មែរក្រហម វិលវិញ អ៊ីចឹងហើយ ក៏នាំគ្នាទៅជំរំ ។ ពេលទៅជំរំ ក៏យើងនៅជំរំ បានប៉ុន្មានខែទៅ រួចក៏ឮថាមានការដឹកអតីតជនភៀសខ្លួនខ្មែរហ្នឹង យកទៅដាក់តាមជំរំបណ្ដោះអាសន្ននៅប្រទេសថៃ ដើម្បីទៅពិនិត្យសុខភាពហើយ យកចេញទៅសហរដ្ឋអាមេរិក អ្នកណាទៅបារាំង ក៏ទៅៗ អូស្រ្តាលី ក៏អូស្រ្តាលីទៅ កាណាដា ក៏កាណាដាទៅ ញូវហ្សេឡែន ក៏ញូវហ្សេឡែន អីអ៊ីចឹងទៅ ប៉ុន្តែជាអកុសល គឺថាពេលនោះ អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) មិនថាសហរដ្ឋអាមេរិក មិនថាជនជាតិអូស្រ្តាលី បារាំង អីទេ គឺថា ពួកគាត់មិនមានគ្នាគ្រប់គ្រាន់ក្នុងការតាមដែលជួលឡានថៃ ដើម្បីដឹកអតីតជនភៀសខ្លួនហ្នឹង យកទៅដាក់តាមជំរំ នៅក្នុងទឹកដីថៃ ដើម្បីពិនិត្យសុខភាព មុននឹងបន្តចេញទៅរស់នៅជំរំទី៣ ដូចខ្ញុំបានបញ្ជាក់ខាងលើហ្នឹង ប៉ុន្តែជាអកុសល គឺថាយើងត្រូវកងទ័ពសៀម ឈុតអាវខ្មៅហ្នឹង គេហៅពួកកងអង្គរក្សាស្ដេចថៃ ក៏ដូចជាពួកបូព៌ា (បូផា) ហ្នឹង គឺថាមានខ្មែរសុរិន្ទ ស៊ីសាកេត បុរីរ៉ាំ អី ជាកងទ័ពឈុតខ្មៅហ្នឹង ក៏ឆ្គកឡានដឹកជនភៀសខ្លួនខ្មែរហ្នឹង រាប់រយឡានទៅ ប៉ុន្តែនៅថ្ងៃទី៩ ពួកខ្ញុំ ដោយឡានដឹករបស់ថៃហ្នឹង ៧៥ឡានហ្នឹង យកទៅតាមខ្នងភ្នំដងរែក យើងមិនដឹងថា ឆ្លងកាត់នៅក្នុងខេត្តបុរីរ៉ាំ ឬក៏សុរិន្ទ ស៊ីសាកេត ទេ ប៉ុន្តែក្រោយដែលយើងដឹងក្ដី តាមដានប្រវត្តិសាស្រ្តទៅ បានយើងដឹងថា នៅក្នុងចន្លោះខេត្តសុរិន្ទ និងខេត្តស៊ីសាកេត ហួសពីបុរីរ៉ាំ ទៅហ្នឹង តាមបណ្ដោយជួរភ្នំដងរែកហ្នឹង វាព្រំប្រទល់ម្ខាងភ្នំម្នាក់ ជាមួយនឹងខេត្តឧត្ដរមានជ័យ ខេត្តព្រះវិហារ“ ។

            លោកមាជ សុវណ្ណារ៉ា បន្តថា “អ៊ីចឹងទៅ យើងក៏មិនដឹងរឿងអី ថៃ ភ្ជង់កាំភ្លើងបង្ខំឲ្យចុះពីឡានហ្នឹងទៅ ដូចពួកខ្ញុំនៅឯណេះ នៅម្ដុំថ្មដូន ជប់គគីរ បាក់រនាស់ យើងមិនដឹងថា ប៉ុន្មានឡានទេ ព្រៃក្រាស់ឃ្មឹកអ៊ីចឹងទៅ ចោតនៃជ្រោះភ្នំហ្នឹង គឺនៅខាងថៃ ដីស្មើ នៅខាងកម្ពុជាយើងចោត ជាចំណោតភ្នំអ៊ីចឹងទៅ គឺគេបាញ់ឡើងលើ ខ្លះក៏គេបាញ់សម្លាប់ទៅ ហើយយើងក៏ភ័យស្លន់ស្លោ ក៏រូតទម្លាក់ចុះជ្រោះ ឬក៏ចំណោតភ្នំហ្នឹង ព្រៃក្រាស់ឃ្មឹក ហើយពោរពេញទៅដោយសត្វកាចសាហាវ ដំរី ខ្លា ឆ្កែព្រៃ ពស់វែក អីអ៊ីចឹងទៅ ពេលដែលដើរចុះមកតាមជ្រោះថ្មល្បាក់ភ្នំហ្នឹង គឺថាយើងអត់ទៅឃើញព្រះអាទិត្យ ឃើញអីទេ វាងងឹត បើយប់ ស្រេចបណ្ដោយ ។ អ៊ីចឹងព្រៃឈើក៏ច្រើនអីហ្នឹង គឺថាយើងវង្វេងទៅ ក៏រកគ្នីគ្នាទៅ ដែលដើរមក អ្នកខ្លះក៏ជាន់មីនស្លាប់ មីនដែលដាក់ដោយថៃ ខ្លួនឯង ដាក់ដោយអតីតទ័ពខ្មែរក្រហម ក៏ដូចជាចលនាតស៊ូរបស់លោកតាសឺន សាន ក៏ដូចជាចលនាកងទ័ពសីហនុនិយម ជាដើមហ្នឹង ក្រោយមក ដូរដាក់ហ៊្វុនស៊ិនប៉ិច ហ្នឹង ក្នុងឆ្នាំ១៩៧៩ បន្តបន្ទាប់មក។ ប៉ុន្តែចលនាហ៊្វុនស៊ិនប៉ិច ហ្នឹងក្រោយទេ ប៉ុន្តែចលនា៧៩ហ្នឹង គឺខ្មែរក្រហម និងចលនារណសិរ្សជាតិរំដោះជាតិខ្មែរ ដឹកនាំដោយលោកតាសឺន សាន សក់ ស៊ុតសាខន ដៀន ដែល ។ អ៊ីចឹងទៅ ក៏យើងដើរមក អ្នកខ្លះក៏ផ្ទុះមីនស្លាប់ អ្នកខ្លះក៏ដាច់បាយក្រហាយទឹក គ្រុនចាញ់អីទៅ ក៏ឈឺស្លាប់តាមផ្លូវ ព្រៃភ្នំ ក្រំថ្ម សត្វកាចសាហាវខាំស៊ី ស្អុយពេញក្នុងព្រៃទៅ។ ហើយខ្ញុំ និងម្ដាយខ្ញុំ ជាមួយនឹងអតីតកងទ័ពសាធារណរដ្ឋ គាត់មានស្រុកកំណើតនៅម្ដុំថ្មពួក បន្ទាយឆ្មារ ឃុំអម្ពិល ឧត្ដរមានជ័យ គោកមន អីហ្នឹង ក៏នាំគ្នាដើរទៅ ១ខែ បានមកដល់អតីតជំរំណងចាន នេះ ណងចាន ជោគជ័យ អាងសាលា ដែលសៀម បានរុំព័ទ្ធលួសបន្លាហ្នឹង គឺទឹកដីខ្មែរ ហើយពីជំរំហ្នឹង ទៅដល់ដីថៃ ហ្នឹង ៧-៨គីឡូម៉ែត្រទៅទៀត អាទំនប់គេកាយប្រឡាយព្រំប្រទល់ចាស់ សម័យទសវត្សរ៍ឆ្នាំ១៩៨០ហ្នឹង ។ ប៉ុន្តែឥឡូវហ្នឹង គឺវាមកយកដល់ដីខ្មែរយើង រហូតយកដល់ប្រាសាទស្ដុកកក់ ប្រសាទ វត្តសេរី ដែលពេលនោះ លោកឪ ពិន សែម ហ្នឹង ជាព្រះចៅអធិការវត្តប្រាសាទសេរី និងវត្តស្ដុកកក់ បច្ចុប្បន្ននៅក្នុងស្រុកគោកធ្យូង ខេត្តស្រះកែវ មិនឆ្ងាយប៉ុន្មានពីជំរំខាវអ៊ីដាង ដែលជាអតីតជំរំសម្រាប់យុវជនភៀសខ្លួន ចេញទៅក្រៅប្រទេស”។

 លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងអាហ្នឹងហើយ ដែលធ្វើឲ្យយើងនឹកឃើញនូវអនុស្សាវរីយ៍ ដែលខ្មែរ ជាង៨ម៉ឺន៤ពាន់នាក់ បានស្លាប់បន្តបន្ទាប់ ពីព្រំប្រទល់លើខ្នងភ្នំដងរែក ហ្នឹង ពីខេត្តសុរិន្ទ ស៊ីសាកេត រហូតទៅឧប៊ុនរាជធានី តំបន់ច្រកតាថាវ ភ្នំខ្មោច មុំបី ហ្នឹង ដែលជាអតីតជំរំណាំយឺន ដែលជាអតីតជំរំដឹកនាំដោយចលនារណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ លោកតាសឺន សាន ហ្នឹង ប្រធានជំរំ ឈ្មោះកែវ សាវុធ ឥឡូវគាត់ស្លាប់ហើយ គាត់មេទ័ពសម័យសង្គមរាស្រ្តនិយម ហើយជាអតីតមេឃុំ នៅជាំក្សាន្ត ហ្នឹង ។ អ៊ីចឹងហើយ អាភ្នំខ្មោចហ្នឹង គឺស្លាប់មនុស្សរាប់ម៉ឺននាក់ ដែលសៀម ហៅភ្នំខ្មោច ហើយយើងក៏ហៅភ្នំខ្មោច ចិនយំ ដែលយកទៅចាក់ចោល បាញ់សម្លាប់គរជើងគ្នា គ្រុនចាញ់ ផ្ទុះមីន ដើរមកកំពង់ធំ ព្រះវិហារ សៀមរាប វិញហ្នឹង អ្នកខ្លះក៏រស់ទៅ អ្នកខ្លះក៏ស្លាប់តាមផ្លូវ គ្រុនចាញ់ គ្រុនអីទៅ គឺយើងវេទនា ដោយសារពួកសៀម ហ្នឹងមានគំនិតចង់សម្លាប់ខ្មែរ អាហ្នឹងក៏ជាបនប្រល័យពូជសាសន៍មួយដែរ បើយើងនិយាយពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សធម៌អន្តរជាតិ អីជាដើមហ្នឹង ។ អានេះគឺជាទិដ្ឋភាពដែលសៀម បានប្រើនូវអំពើយង់ឃ្នង កាចសាហាវ ប៉ុនប៉ងសម្លាប់ជាតិខ្មែរ ហើយយើងមានរឿងជាច្រើនទៀត ដូចជានៅតាមជំរំ ដែលអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងអង្គការជំនួយមនុស្សធម៌ យូអិនប្រូ អី ដែលជួលដីថៃ រស់នៅជាជំរំ ជាមួយនឹងអង្គការសហប្រជាជាតិ ហើយមានការរុញច្រាន បង្កើតនូវឥទ្ធិពលនយោបាយពីសហរដ្ឋអាមេរិក និងមហាអំណាចចិន ហ្នឹង ក៏យើងបង្កើត ជួលដី ទិញផ្លែឈើ បន្លែ ស្បៀងអាហារ ចែកជារបបប្រចាំសប្ដាហ៍ ប្រចាំអាទិត្យហ្នឹង ដោយអង្គការសហប្រជាជាតិហ្នឹង គឺថាយើងមានជំរំ នៃអតីតចលនាខ្មែរក្រហម នៅសាយអេច ខេត្តច័ន្ទបុរី ត្រាត ឯណេះ ហើយមានជំរំសាយធូ គឺដឹកនាំដោយចលនារណសិរ្សជាតិ រំដោះប្រជាពលរដ្ឋខ្មែរ ប៉ុន្តែគេចែកជាក្រុមស៊ីវិល និងក្រុមយោធា រស់នៅច្រកដែលមានទឹកដីនៅសេសសល់ពីការគ្រប់គ្រងដោយអតីតរបបរដ្ឋកម្ពុជា និងកងទ័ពយួន ។ អ៊ីចឹងហើយគឺថា នៅសាយធូ ក៏យើងមានការចែករបបចែកអី រស់នៅអីអ៊ីចឹងទៅ ។ នៅសាយប៊ី គឺដឹកនាំដោយអតីតចលនារណសិរ្សរួបរួម សហប្រតិបត្តិការសន្តិភាព ហើយរបបហ៊្វុនស៊ិនប៉ិច ហ្នឹង នៅឯខេត្តសុរិន្ទ ស្រុកកាប់ឆឺង ។ នៅជំរំសាយធូ គឺនៅខេត្តស្រះកែវ ស្រុកកាប់ព្យ៉ា គឺរស់នៅក្នុងជំរំហ្នឹង រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ហើយមានការយល់ព្រមឲ្យរៀបចំការបោះឆ្នោត ឆ្នាំ១៩៩៣ គឺគេដឹកជនភៀសខ្លួននៅឆ្នាំ១៩៩២ ខែមីនា រហូតដល់ការបោះឆ្នោត ឆ្នាំ១៩៩៣ ហ្នឹង គឺដឹកជនភៀសខ្លួន ជិត៤សែននាក់ ចូលមកកម្ពុជា វិញ ដើម្បីរៀបចំការបោះឆ្នោត ហើយនិងប្រមូលអាវុធ រៀបចំកងទ័ព ច្របាច់បញ្ចូលគ្នា ក្រោយពីការបោះឆ្នោតហ្នឹង។ ប៉ុន្តែអតីតកាលនៅឯជំរំសាយធូ ក៏ដូចជាជំរំផ្សេងៗ គឺមានក្រុមតម្រួតថៃ ដែលអង្គការសហប្រជាជាតិ ជួលឲ្យមកមើល ប៉ុន្តែមិនឲ្យមកមានការលូកលាន់ឥទ្ធិពលនយោបាយយ៉ាងណានៅក្នុងជំរំទេ គ្រាន់តែនៅមើលជាសន្តិសុខប្រយោល ហើយយើងមានកងកម្លាំងប៉ូលិស ដែលជ្រើសរើសដោយអង្គការសហប្រជាជាតិ គ្រប់គ្រងដោយអង្គការសហប្រជាជាតិ យូអិនប្រូ UNHCR អីជាដើមហ្នឹង គាត់ថានៅតែមានថៃ ធ្វើបាប ដែលយើងឆ្លងរបងចេញក្រៅ ទៅទឹកដីគេ ក្រៅពីរបងដែលអង្គការសហប្រជាជាតិ ជួលបង្កើតជាជំរំ ដាក់លួសបន្លា ឲ្យនៅតែក្នុងជំរំហ្នឹង កាលណាយើងចេញទៅ ថៃ វាចាប់កាត់ដៃកាត់ជើង វាបាញ់សម្លាប់ ឬក៏ចាប់រំលោភអីជាដើម ។ អាទាំងអស់ហ្នឹងហើយ ជាទុក្ខសោករបស់អតីតជនភៀសខ្លួនខ្មែរយើងនោះ“ ។

ដោយឡែក ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ លោកមេធាវីសុក សំអឿន ដែលធ្លាប់ជាទាហានក្នុងចលនាតស៊ូរបស់សម្តេច សឺន សាន ប្រឆាំងនឹងវត្តមានកងទ័ពបរទេស នៅលើទឹកដីកម្ពុជា ចន្លោះពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៩ ក៏បានរលឹករឿងដែលថៃ ធ្លាប់បានដឹកយកជនភៀសខ្លួនខ្មែរ ទៅចាក់ចោល ស្លាប់គរគ្នា នៅភ្នំខ្មោច ដែលជាបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលកម្ពុជា អាចប្ដឹងថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ពីបទឧក្រិដ្ឋកម្មសង្រ្គាម ។

លោកមេធាវី សុក សំអឿន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ថា “ខ្ញុំឃើញថៃ គេយករឿងដែលថៃ បានបើកជំរំជនភៀសខ្លួនខ្មែរ នៅក្នុងប្រទេសថៃ ថាជាគុណរបស់គេ ដើម្បីដឹងគុណគេ ថាគេល្អ។ តាមដែលខ្ញុំដឹង ព្រោះខ្ញុំក៏ជាអ្នកធ្លាប់រស់នៅតាមជំរំជាយដែនដែរ ហើយក៏បានឃើញផ្ទាល់ភ្នែក ប្រជាពលរដ្ឋខ្មែរ ភៀសខ្លួនចេញពីភ្នំខ្មោច ចូលមកប្រទេសកម្ពុជា វិញដែរ។ ជនភៀសខ្លួនខ្មែរ ដែលថៃ ដឹកយកទៅចាក់ចោលនៅភ្នំខ្មោច តាមពិតពេលនោះ អង្គការសហប្រជាជាតិ គេដឹកជនភៀសខ្លួនទាំងនោះ ដើម្បីយកទៅដាក់នៅជំរំខៅអ៊ីដាង ដែលទើបនឹងបើកទេ ប៉ុន្តែប៉ុន្មានឡានខាងក្រោយក្បួន ត្រូវបានថៃ ដឹកបែកពីក្បួនឡានរបស់អង្គការសហប្រជាជាតិ ដោយដឹកយកទៅចាក់ចោលនៅភ្នំខ្មោច តែម្តង។ ជាមេរៀន ពេលក្រោយៗមកទៀត អង្គការសហប្រជាជាតិប្រយ័ត្នប្រយែងណាស់»។

លោកមេធាវី សុក សំអឿន បន្តថា «ជំរំជនភៀសខ្លួនខ្មែរទាំងអស់ ដែលនៅប្រទេសថៃ គឺសុទ្ធត្រូវបានជួលដោយអង្គការសហប្រជាជាតិ។ អង្ករ គ្រឿងកំប៉ុង ត្រីប្លាធូ ដែលយកមកចែកជនភៀសខ្លួន ឫស្សី និងស្លឹកសម្រាប់សង់ផ្ទះ គឺអង្គការសហប្រជាជាតិ ត្រូវទិញពីថៃ ទាំងអស់។ ប្រជាជនថៃ នៅតំបន់ជុំវិញជំរំ ចូលមកទិញអង្ករ ត្រីខ ពីជនភៀសខ្លួន ដោយតម្លៃថោក ហើយយកទៅលក់ឱ្យអង្គការសហប្រជាជាតិ ក្នុងតម្លៃខ្ពស់ ដើម្បីយកមកចែកឱ្យជនភៀសខ្លួនដដែល។ ដោយសារទាហានថៃ ធ្វើបាបជនភៀសខ្លួនពេក ក៏មានកិច្ចព្រមព្រៀងមួយ នៅឆ្នាំ១៩៨៩ ជាមួយអង្គការសហប្រជាជាតិ ដោយបង្កើតអង្គភាពទាហានថៃ ពិសេសសម្រាប់ធ្វើការតាមជំរំ ភាសាអង់គ្លេសហៅកាត់ថា DPPU (Displaced Person Protection Unit) ដោយត្រូវទទួលការហ្វឹកហ្វឺនពិសេស ហើយក្រោយមកក៏មានការព្រមព្រៀងជាមួយអង្គការសហប្រជាជាតិ ឱ្យទាហានថៃ ការពារតែខាងក្រៅជំរំ ចំណែកខាងក្នុង គឺទទួលខុសត្រូវដោយប៉ូលិសខ្មែរ ដែលទទួលការហ្វឹកហ្វឹនពិសេសពីអង្គការសហប្រជាជាតិ ដោយថៃ មិនអាចលូកដៃចូលក្នុងកិច្ចការក្នុងជំរំបានទេ។ ខ្លួនខ្ញុំផ្ទាល់បានចូលរួមជាមួយអង្គការសហប្រជាជាតិ រៀបចំឱ្យមានតុលាការ អង្គការសហប្រជាជាតិ តែងតាំងជានាយកសាលាហ្វឹកហ្វឹនប៉ូលិស នៅជំរំសាយធូ ហ្វឹកហ្វឺនប៉ូលិសក្នុងជំរំសាយធូ ជាង ៣០០០នាក់ ជួយគូរប្លង់សង់ពន្ធនាគារមួយ នៅជំរំសាយធូ (អស់ថ្លៃសាងសង់ ១លានដុល្លារ) និងហ្វឹកហ្វឺនឆ្មាំគុក នៅទីនោះ។ ប៉ូលិសក្នុងជំរំទាំងអស់ ឧបត្ថម្ភកម្រៃជាអង្ករ (មិនមានជាលុយនោះទេ តែចំនួនអង្ករ គឺខុសគ្នាទៅតាមតួនាទី) សម្លៀកបំពាក់ ឯកសណ្ឋាន ស្បែកជើង មួក សម្ភារៈធ្វើការដោយអង្គការសហប្រជាជាតិ។ ប្រវត្តិសាស្រ្តគួរតែដឹង “ ។

លោកមេធាវី សុក សំអឿន បានសរសេរបន្ថែម នៅថ្ងៃដដែលថា “មានអ្នកកាសែត សួរខ្ញុំពីរឿងដែលថៃ យកជនភៀសខ្លួនខ្មែរ ទៅចាក់ចោលនៅភ្នំខ្មោច ដងរែក ថាតើយើងអាចប្តឹងថៃ បានឬអត់? ការយកជនភៀសខ្លួនខ្មែរ ទៅចាក់ចោល និងបង្ខំឱ្យឆ្លងកាត់ចម្ការមីន ចូលទឹកដីខ្មែរ កាលពីឆ្នាំ១៩៨០ នោះ តាមពិតវាគឺជាបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលជាបទល្មើសអន្តរជាតិមួយ ព្រោះថា ពេលនោះឡានដែលដឹកខ្មែរភៀសខ្លួនទាំងនោះ គឺអង្គការសហប្រជាជាតិ ចូលមកដឹកយកទៅដាក់ជំរំជនភៀសខ្លួន នៅក្នុងប្រទេសថៃ នោះទេ តែមិនដឹងជាមានបញ្ជាពីនរណានោះទេ ឡាននៅកន្ទុយខាងក្រោយមួយចំនួនធំ បែរជាមិនបើកតាមឡានអង្គការសហប្រជាជាតិ ខាងមុខ បែរជាបែរក្បាលយកទៅជនភៀសខ្លួនដែលជិះក្នុងឡានទាំងនោះ ទៅទម្លាក់ចោលនៅខ្នងភ្នំខ្មោច ទៅវិញ ហើយដោយជនភៀសខ្លួនខ្មែរទាំងនោះ រារែក មិនចង់ចុះ ដោយឃើញមានមនុស្សស្លាប់ដោយសារជាន់មីន ទាហានថៃ បានបាញ់សម្លុតឱ្យចូលមកដីខ្មែរ តាមច្រកនោះឱ្យបាន។ ការបាញ់សម្លុតនេះ បើតាមដឹងមក គឺមានបាញ់ស្លាប់ខ្លះហើយ បានជាជនភៀសខ្លួនទាំងនោះ ត្រូវបង្ខំចិត្តដើរកាត់ចម្ការមីន ចូលមកទឹកដីខ្មែរ ដោយតោងវល្លិ ចុះពីភ្នំខ្មោច ចូលមកទឹកដីខ្មែរវិញ»។

លោកមេធាវី សុក សំអៀន បន្តថា «សំណួរសួរថា ប្រសិនបើរឿងនោះកន្លងហួសមកជាច្រើនឆ្នាំហើយមកនេះ តើយើងអាចប្តឹងបានឬទេ? ជាចម្លើយ ចំពោះបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ វាគឺជាបទល្មើសអន្តរជាតិ ដូចនេះបទល្មើសនេះ វាមិនមានអាជ្ញាយុកាលនោះទេ។ សំណួរសួរថា តើយើងអាចប្តឹងទៅតុលាការណាដែរ? សំណួរនេះ នៅមានបញ្ហាផ្លូវច្បាប់នៅឡើយ ព្រោះថាបើប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ អាយស៊ីស៊ី វាអាចនឹងតុលាការនេះ មិនមានសមត្ថកិច្ច ដោយសារតុលាការនេះ ទើបតែនឹងបង្កើត។ ដូចនេះមានតែការសម្រេចរបស់អង្គការសហប្រជាជាតិទេ ដែលអាចសម្រេចបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិពិសេសមួយ ធ្វើការកាត់ក្តីរឿងនេះបាន»។

លោកមេធាវី សុក សំអឿន បន្តទៀតថា «សំណួរមួយទៀត គឺថាតើយើងនឹងមានភ័ស្តុតាងដែរឬទេ? ចំណុចនេះ លុះត្រាតែយើងរកជនរងគ្រោះនៃរឿងនេះដែលនៅរស់រានមានជីវិត រៀបរាប់ពីហេតុការណ៍ និងធ្វើជាសាក្សី តែយើងមិនដឹងថា តើមានអ្នកនៅរស់ដែរឬទេ កាលបើរឿងនេះកន្លងមកជិតកន្លះសតវត្សរ៍ទៅហើយនោះ? ចំពោះឯកសាររបស់អង្គការសហប្រជាជាតិ ស្តីពីរឿងនោះ ខ្ញុំជឿថាប្រហែលជាមានការរក្សាទុកដោយអង្គការដែលទទួលខុសត្រូវលើអ្នកភៀសខ្លួន របស់អង្គការសហប្រជាជាតិ ។ ចំពោះរឿងនេះ គឺលុះត្រារាជរដ្ឋាភិបាលកម្ពុជា បង្កើតក្រុមស៊ើបអង្កេតពិសេសមួយ ប្រមែប្រមូលភ័ស្តុតាងឱ្យបានគ្រប់គ្រាន់ គ្រប់គ្រាន់ហើយ ទើបរាជរដ្ឋាភិបាល ជាអ្នកដាក់ពាក្យប្តឹង តាងនាមឱ្យជនរងគ្រោះជាជនជាតិខ្មែរ ទៅអង្គការសហប្រជាជាតិ នោះទើបអាចធ្វើបាន ព្រោះរឿងក្តីនេះ ត្រូវកាត់ដោយតុលាការអន្តរជាតិ វាមិនមែនចេះតែធ្វើលេងៗនោះបានទេ“ ៕

ជុំវិញអំពើប្រល័យពូជសាសន៍នៅលើភ្នំដងរែក (DANGREK GENOCIDE) នេះ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលថៃ មិនបានប្តេជ្ញាចិត្តគោរពទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ឱ្យបានពេញលេញទេ ។ លោកពន្យល់ថា ការបំពារបំពានទៅលើអនុសញ្ញាអន្តរជាតិ គឺជាកំហុសធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការស៊ើបអង្កេតយ៉ាងល្អិតល្អន់ ស៊ីជម្រៅ លើអង្គហេតុ និងការត្រួតពិនិត្យដោយយកចិត្តទុកដាក់លើភ័ស្តុតាង នៅមុនពេលម្នីម្នាទាញចេញជាសេចក្តីសន្និដ្ឋាន ដែលតម្រូវឱ្យមានព័ត៌មានបន្ថែម។ ទោះបីជាការដែលមិនគួរម្នីម្នាទាញចេញជាសេចក្តីសន្និដ្ឋាន គឺពិតជាចាំបាច់យ៉ាងណាក្តី ផ្អែកទៅលើការយល់ដឹងរបស់យើង នាបច្ចុប្បន្ននេះ ចំពោះស្ថានការណ៍ជាក់ស្តែង វាមានហេតុផលជាក់លាក់នានាជាច្រើន ដែលញ៉ាំងឱ្យយើងជឿជាក់ថា រដ្ឋាភិបាលថៃ មិនបានប្តេជ្ញាចិត្តគោរពទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ឱ្យបានពេញលេញទេ។

លោកឆាំង យុ បន្តថា អនុសញ្ញាស្តីពីការមិនអនុវត្តតាមច្បាប់កំណត់ ចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ (ដែលអនុម័តដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៦៨) បានចែងថា ៖ ឧក្រិដ្ឋកម្មសង្គ្រាម ដែលរួមបញ្ចូលទាំងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ គឺមិនស្ថិតក្រោមលក្ខន្តិកៈកំណត់ជាក់លាក់នោះទេ។ ចំពោះការបំពារបំពានទៅលើច្បាប់អន្តរជាតិផ្សេងទៀត ស្ថានការណ៍ជុំវិញការបំពារបំពាននោះ អាចនឹងរឹតតែពិបាកក្នុងការកំណត់ ហើយត្រូវពឹងផ្អែកទៅលើកាលៈទេសៈនៃការបំពារបំពានច្បាប់ដែលពាក់ព័ន្ធ និងយន្តការនៃការអនុវត្តដែលលេចឡើង។ យើងចាំបាច់ត្រូវចងចាំថា ការបំពារបំពានច្បាប់ គឺត្រូវតែមានប្រតិកម្មឆ្លើយតប ហើយសំណងអាចដាក់ចេញបាន តាមរយៈមធ្យោបាយផ្សេងៗក្រៅប្រព័ន្ធតុលាការ ទោះបីជាតុលាការ តែងតែជាជម្រើសដំបូងក្នុងការស្វែងរកយុត្តិធម៌យ៉ាងណាក្តី។ ការឈ្លានពានព្រំដែន ឬឧក្រិដ្ឋកម្មអន្តរជាតិ ដែលកើតមានរវាងប្រទេសថៃ និងប្រទេសកម្ពុជា ទំនងជាត្រូវបើកសវនាការនៅតុលាការយុត្តិធម៌អន្តរជាតិ (ចំពោះសំណុំរឿងរវាងរដ្ឋនិងរដ្ឋ) ឬក៏អាចត្រូវបើកសវនាការនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ចំពោះការទទួលខុសត្រូវកម្រិតបុគ្គល) ប្រសិនបើឧក្រិដ្ឋកម្មទាំងនេះបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ឬតាមរយៈការរបញ្ជូនសំណុំរឿងដោយក្រុមប្រឹក្សាសន្តិសុខ (អង្គការសហប្រជាជាតិ)។

នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បន្តទៀតថា ប្រទេសថៃ មិនមែនជាសមាជិករបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិទេ ប៉ុន្តែប្រទេសកម្ពុជា គឺជាសមាជិកនៃតុលាការនេះ ហើយការវាយប្រហារមកលើរដ្ឋដែលជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ អាចបង្កើតឱ្យមានយុត្តាធិការសម្រាប់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក្រោមហេតុផលថា ការវាយប្រហារនេះ ជាប់ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មដែលកំណត់ដោយលក្ខន្តិកៈទីក្រុងរ៉ូម (រួមមាន ៖ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ ឬការឈ្លានពាន)។ យុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺអាស្រ័យលើថា តើឧក្រិដ្ឋកម្មបានកើតឡើងនៅក្នុងដែនដីនៃរដ្ឋដែលជាសមាជិក ឬជនដៃដល់ដែលគឺជាជនជាតិនៃរដ្ឋជាសមាជិក។ ថ្វីត្បិតតែភ័ស្ដុតាងមួយចំនួន អាចនឹងត្រូវបានបដិសេធ មិនទទួលស្គាល់ដោយតុលាការ ព្រោះតែលក្ខខណ្ឌនៃភ័ស្ដុតាង យ៉ាងណាក្តី ប៉ុន្តែភ័ស្តុតាងទាំងនោះ គឺតែងតែត្រូវបានពិចារណា ដោយផ្អែកលើមូលដ្ឋានជាក់ស្តែងនៃករណីនីមួយៗវិញ៕ កុលបុត្រ

RELATED ARTICLES