Thursday, September 4, 2025
Homeព័ត៌មានជាតិអ្នកច្បាប់កម្ពុជា ជំរុញប្រមូលភ័ស្តុតាង ប្តឹងថៃ ប្រើផ្សែងពុល ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

អ្នកច្បាប់កម្ពុជា ជំរុញប្រមូលភ័ស្តុតាង ប្តឹងថៃ ប្រើផ្សែងពុល ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

ភ្នំពេញ ៖ អ្នកច្បាប់ និងអ្នកជំនាញសិទ្ធិមនុស្សកម្ពុជា បានជំរុញឲ្យកម្ពុជា ប្រមូលភ័ស្តុតាង រៀបចំពាក្យបណ្ដឹង ប្ដឹងថៃ ដែលឈ្លានពានកម្ពុជា បង្កឧក្រិដ្ឋសង្គ្រាម ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ពីបទប្រើផ្សែងពុល ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។

លោកមេធាវី សុក សំអឿន ទីប្រឹក្សាច្បាប់អមរិន្ទ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “កងទ័ពក្តី ប្រជាពលរដ្ឋក្តី ឬផលប៉ះពាល់លើរុក្ខជាតិក្តី ឬស្លាប់ក្តី ដោយសារផ្សែងពុលដែលបាញ់ ឬទម្លាក់ដោយទាហានថៃ ត្រូវតែធ្វើកោសល្យវិច័យបែបវិទ្យាសាស្រ្ត ទុកជាភ័ស្តុតាងឲ្យបានត្រឹមត្រូវនិងច្បាស់លាស់!“ ។

លោកសុក សំអឿន បានសរសេរបន្ថែមថា “ប្រសិនបើមានអ្នកស្លាប់ដោយសង្ស័យធាតុពុលដែលបាញ់ដោយទាហានថៃ មកលើកម្ពុជា ត្រូវតែមានការធ្វើកោសល្យវិច័យ រកមូលហេតុស្លាប់ ឲ្យបានត្រឹមត្រូវ ព្រោះការចោទប្រកាន់ ដោយមិនមាននូវភ័ស្តុតាងបែបវិទ្យាសាស្រ្តទេ ជនរងគ្រោះនឹងរងគ្រោះដោយអយុត្តិធម៌!“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមេធាវី សុក សំអឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ថា រាជរដ្ឋាភិបាលកម្ពុជា គួរតែត្រៀមក្នុងការប្រមូលភ័ស្តុតាងទាំងអស់ ពាក់ព័ន្ធនឹងអ្វីយើងចង់ប្តឹង ។ សំខាន់លើភ័ស្តុតាងយើងមានទម្ងន់ប៉ុនណា? បើសិនជាភ័ស្តុតាងយើងតិចតួចពេក យើងទៅប្ដឹង នាំតែខាតពេលទេ ព្រោះនឹងមិនបានជោគជ័យឡើយ ។

លោកមេធាវី សុក សំអឿន បានមានប្រសាសន៍ថា “អារឿងអ៊ីចឹងៗ បើយើងគិតថា វាមិនត្រូវតាមច្បាប់អន្តរជាតិទេ ទាល់តែយើងប្រមូលភ័ស្តុតាង យល់នៅ? យើងមិនអាចចេះគ្រាន់តែថាៗបានទេ ។ ហេតុដូច្នេះឧទាហរណ៍ បើផ្សែងពុលអ៊ីចឹង ទី១ យើងរកភ័ស្តុតាង មានរូបថតនៃការបាញ់ផ្សែងពុលហ្នឹង មានវីដេអូអីអ៊ីចឹងទៅ ហើយទន្ទឹមហ្នឹង យើងមើលផលប៉ះពាល់ ហើយផលប៉ះពាល់ វាអាចប៉ះពាល់ទៅរុក្ខជាតិ ប៉ះពាល់ទៅមនុស្សអីអ៊ីចឹង ។ ដូច្នេះបើសិនជាមានព័ត៌មានថា ទាហានខ្មែរយើង មានពុលផ្សែងពុលអីអ៊ីចឹង ទាល់តែយើងមានការធ្វើកោសល្យវិច័យ មានមន្ទីរពិសោធន៍ យកឈាមទាហានហ្នឹង ទៅពិនិត្យមើលថា មានជាតិផ្សែងពុលអីៗហ្នឹង ទាល់តែយើងរកភ័ស្តុតាងទាំងអស់ហ្នឹង បានយើងអាចចោទគេបាន ព្រោះនៅតុលាការ គេជជែកពីភ័ស្តុតាង ។ បើសិនជាអត់ភ័ស្តុតាង យើងទៅប្ដឹងគេម៉េចកើត?“ ។

លោកមេធាវី សុក សំអឿន បានមានប្រសាសន៍បន្តថា “ប្រសិនបើមានភ័ស្តុតាងគ្រប់គ្រាន់ បានយើងអាចប្ដឹងបាន យើងអាចថា ថៃ ហ្នឹងវាធ្វើហួស ប្រើកម្លាំងហួសហេតុអីអ៊ីចឹង ហើយប្រើអាវុធអត់ត្រូវតាមច្បាប់អន្តរជាតិអីអ៊ីចឹងទៅ ហើយបើសិនជាការប៉ះពាល់ត្រឹមទាហាន អាហ្នឹងវាអត់សូវខ្លាំងប៉ុន្មានទេ ។ បើសិនជាមានប៉ះពាល់ដល់ប្រជាជនស៊ីវិលទៀត អាហ្នឹងរឹតតែល្អប្រសើរទៀត វារឹតតែមានទម្ងន់ក្នុងការប្ដឹង ។ ដូច្នេះខ្ញុំគិតថា រដ្ឋាភិបាល គួរតែត្រៀមក្នុងការប្រមូលភ័ស្តុតាងទាំងអស់ ពាក់ព័ន្ធនឹងអ្វីយើងចង់លើកឡើង យើងត្រូវគិតថា យើងត្រូវតែមានភ័ស្តុតាង ។ សំខាន់លើភ័ស្តុតាងយើងទម្ងន់ប៉ុនណា? បើសិនជាភ័ស្តុតាងយើងតិចតួចពេក យើងទៅប្ដឹងនាំតែខាតពេលអី? បានន័យថា ប្ដឹងមិនជោគជ័យទេ បើគ្មានភ័ស្តុតាង“ ។

ជាមួយគ្នានោះដែរ លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ដែរថា ការប្ដឹងអ្វីមួយ ត្រូវតែមានភ័ស្តុតាងដែលបានធ្វើការវិនិច្ឆ័យឲ្យបានត្រឹមត្រូវ ប៉ុន្តែរហូតមកដល់ពេលនេះ លោកជឿថា រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជំនាញដែលពាក់ព័ន្ធ បានប្រកាសប្រមូលភ័ស្តុតាងទាំងអស់ហ្នឹងហើយ ។

លោក អំ សំអាត បានមានប្រសាសន៍ថា “បាទ! ជាធម្មតាយើងឃើញថា រដ្ឋាភិបាលរបស់កម្ពុជាយើង គួរមានជំនាញច្បាស់លាស់ក្នុងការប្រមូលនូវភ័ស្តុតាងដែលបានកើតឡើង ។ អ៊ីចឹងខ្ញុំនៅតែគិតថា បើយើងចង់ដាក់ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ អាចយើងដាក់បាន ប៉ុន្តែគ្រាន់តែថា យុត្តាធិការរបស់គេ គេត្រូវការឯកសារ និងភ័ស្តុតាងឲ្យបានច្បាស់លាស់ ដើម្បីឲ្យចូលទៅគោលការណ៍ដែលគេអាចធ្វើបាន ។ អ៊ីចឹងហើយបានជាការប្ដឹងអ្វីមួយ វាត្រូវតែមានភ័ស្តុតាងដែលបានធ្វើការវិនិច្ឆ័យឲ្យបានត្រឹមត្រូវ ប៉ុន្តែរហូតមកដល់ពេលនេះ ខ្ញុំជឿថា រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជំនាញដែលពាក់ព័ន្ធហ្នឹង លោកបានប្រកាសប្រមូលភ័ស្តុតាងទាំងអស់ហ្នឹងហើយ» ។

លោក អំ សំអាត បានមានប្រសាសន៍បន្តថា “ទាក់ទងនឹងបញ្ហានេះ ដោយសារយើងជាអង្គការសង្គមស៊ីវិល យើងមិនមានសិទ្ធិនិយាយទេ ប៉ុន្តែយើងជឿថា ទាក់ទងការប្រើផ្សែងពុល ការប្រើគ្រាប់បែកចង្កោម ការប្រើប្រាស់នូវអាវុធនៃប្រទេសផ្សេងទៀតហ្នឹង គឺវាអាស្រ័យទៅលើអ្នកជំនាញដែលគាត់ប្រមូលភ័ស្តុតាងទាំងអស់នោះ ពីព្រោះវាប៉ះពាល់ទៅដល់សិទ្ធិមនុស្សផងដែរ ពីព្រោះនៅក្នុងច្បាប់អន្តរជាតិ យើងឃើញមានការហាមឃាត់ការប្រើប្រាស់នូវសព្វាវុធ ឬក៏អាវុធធុនហ្នឹង ដែលវាធ្វើឲ្យប៉ះពាល់ទៅដល់ជីវិតមនុស្ស ប៉ះពាល់ទៅដល់សុខភាពធ្ងន់ធ្ងរ ។ អ៊ីចឹងអ្វីដែលបង្ហាញនេះ ទាក់ទងនឹងរឿងនេះ ថាតើយើងអាចនឹងមានភ័ស្តុតាងគ្រប់គ្រាន់កម្រិតណា នៅក្នុងការប្ដឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺអាស្រ័យទៅលើអ្នកជំនាញក្នុងការប្រមូលនូវភ័ស្តុតាងឲ្យបានរឹងមាំ“ ។

ដោយឡែក លោកហុក រ៉េន អតីតសកម្មជនបក្សប្រឆាំង បានលើកឡើងថា លោកមាន២ចំណុច ស្នើសុំសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជួយដល់កងទ័ពជាតិ ដែលបានពលីដោយសារផ្សែងពុល គឺទី១ សុំឲ្យក្រុមគ្រូពេទ្យជំនាញពិនិត្យសព ថាត្រូវផ្សែងពុលអ្វី ដែលបណ្តាលឲ្យកងទ័ពជាតិស្លាប់? និងទី២ ដឹងលទ្ធផលហើយ ប្ដឹងកងទ័ពថៃ ពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ ។

លោកហុក រ៉េន បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ស្នើសុំសម្ដេចមហាវវធិបតី ជួយដល់កងទ័ពជាតិ ដែលបានពលីដោយសារផ្សែងពុល។ ទី១- សម្ដេច សុំឲ្យក្រុមគ្រូពេទ្យជំនាញពិនិត្យសព ថាត្រូវផ្សែងពុលអ្វី ដែលបណ្តាលឲ្យកងទ័ពជាតិស្លាប់?  ទី២- ដឹងលទ្ធផលហើយ ប្ដឹងកងទ័ពថៃឡង់ដ៍ ពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ។      សូមជម្រាបសម្ដេច ថាកងទ័ពជាតិពលីលើសមរភូមិប្រយុទ្អផ្សេង ចំណែកកងទ័ពពលី ដោយសារផ្សែងពុល វាជាឧក្រិដ្ឋកម្មសង្គ្រាម ដាច់ខាតសម្ដេច ត្រូវតវ៉ាទៅសហគមន៍អន្តរជាតិដើម្បីជួយប្រទេសជាតិ និងការពារជាតិមាតុភូមិយើង ។ (កងទ័ពពលីលើសមរភូមិតិច តែកងទ័ពពលីត្រូវផ្សែងពុល សម្ដេច ត្រូវផ្សព្វផ្សាយឲ្យសហគមន៍ដឹងឮពីមហិច្ឆតាឈ្លានពានរបស់កងទ័ពថៃឡង់ដ៍ មកលើដែនអធិបតេយ្យកម្ពុជា។ សូមអរគុណ“ ។

គួររំលឹកថា ក្នុងរយៈពេល៥ថ្ងៃ នៃការវាយប្រហាររបស់ភាគីថៃ មកលើកម្ពុជា ពីថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥ គឺយោធាថៃ បានប្រើប្រាស់នូវអាវុធធុនធ្ងន់ ដ៏សាហាវឃោរឃៅ មកលើដែនអធិបតេយ្យកម្ពុជា ជាបន្តបន្ទាប់ ក្នុងនោះ ថៃ បានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់ MK-82 MK-84 គ្រាប់បែកចង្កោម ដ្រូនអត្តឃាត គ្រាប់រ៉ុក្កែត រួមទាំងបាញ់ផ្សែងពុល មកលើតំបន់ការពាររបស់កម្ពុជា និងលំនៅឋានរបស់ជនស៊ីវិល ដែលទង្វើដ៏ឃោរឃៅរបស់ទាហានថៃ នេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ។

នៅក្នុងការថ្លែងព័ត៌មាន កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា  នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២ នៃការបើការវាយប្រហារមកលើកម្ពុជា គឺកងទ័ពថៃ បានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកលើកម្ពុជា ចំនួន៤លើក។ ក្នុងនោះ គឺមានការវាយប្រហារ ៣លើក នៅតំបន់ប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ នៅចន្លោះម៉ោង ១២:៣០នាទី-១២:៤០នាទី ខណៈ ១លើកទៀត ថៃ បានទម្លាក់គ្រាប់បែក ដោយយន្តហោះ F-16 នៅតំបន់ប្រាសាទតាក្របី។ នៅថ្ងៃទី២៥ ខែកក្កដា  កងទ័ពថៃ បានបើកការវាយប្រហារយ៉ាងសន្ធាប់មកលើទឹកដីកម្ពុជា តាំងពីរំលងអធ្រាត្រ ម៉ោង ៣:២០ ដោយបានវាយលុកចំនួន៧ទីតាំង។ ក្នុងនោះ មានតំបន់ភ្នំទ្រព្យ តាថាវ ភ្នំខ្មោច អូរផ្កាស្នេហ៍ មុំ៣ ប្រាសាទតាមាន់ធំ និងតំបន់ប្រាសាទតាក្របី។ នាព្រឹកព្រលឹម ថ្ងៃទី២៥ ខែកក្កដា ដដែល កងទ័ពថៃ បានបាញ់គ្រាប់បែកចង្កោម ចំនួន២ដង ទាំងខុសច្បាប់អន្តរជាតិ មកលើទឹកដីកម្ពុជា។ ក្នុងនោះ នាវេលាម៉ោង ៥:២០នាទី ទាហានថៃ បានប្រើគ្រាប់បែកចង្កោម វាយប្រហារនៅតំបន់ភ្នំខ្មោច និងម៉ោង ៦:៥០នាទីព្រឹក ថៃ បានបាញ់គ្រាប់បែកចង្កោម ជាលើកទី២ នៅភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅម៉ោង ៥:០២នាទី ព្រឹកថ្ងៃទី២៦ ខែកក្កដា យោធាថៃ បានបើកការវាយប្រហារដោយកាំភ្លើងធំ ចំនួន ៥គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមិនស្ថិតក្នុងដែនជម្លោះ។ នៅថ្ងៃទី២៧ ខែកក្កដា ចាប់ពីម៉ោង ២រំលងអធ្រាត្រដល់ម៉ោង ១២៖៣០នាទីព្រឹក កងទ័ពថៃ បានវាយប្រហារមកលើកម្ពុជា ចំនួន១១ទីតាំង នៃតំបន់ភូមិភាគ៤ ខណៈថៃ ក៏បានពង្រាយកងទ័ព និងសព្វាវុធនានា នៅតាមខេត្តជាប់ព្រំដែនជាមួយកម្ពុជា។ នាវេលាម៉ោង ២រំលងអធ្រាត្រ ថ្ងៃទី២៧ ខែកក្កដា កងទ័ពថៃ បានផ្លោងគ្រាប់នៅវាលឥន្រ្ទី រហូតដល់ម៉ោង ២៖៣០នាទី ថៃ ចាប់ផ្តើមបាញ់ផ្លោងនៅតាថាវ  ភ្នំ៣៣៣ និងភ្នំខ្មោច ដោយហោះដ្រូន នៅលើភូមិសាស្ត្រនោះផ្ទាល់តែម្តង។ នៅម៉ោង ៤និង៥០នាទី ភាគីថៃ បានផ្តើមកាំភ្លើងធំ ចូលប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ។ រហូតម៉ោង ៦ព្រឹក កងទ័ពថៃ ចាប់ផ្តើមវាយថ្មើរជើង ចូលតំបន់ភ្នំខ្មោច អានសេះ និងវាលឥន្ទ្រី ។ នៅម៉ោង ៦៖៣០នាទីព្រឹក កងទ័ពថៃ បានវាយលុកវាលឥន្ទ្រី ៥មករា ភ្នំខ្មោច និងអានសេះ ដោយថ្មើរជើង និងកម្លាំងរថក្រោះ។ រហូតដល់ម៉ោង ១១៖៤០នាទី ស្ថានភាពការណ៍ព្រំដែន ចាប់ពីប្រាសាទតាមាន់ រហូតដល់មុំ៣ កងទ័ពថៃ បានវាយប្រហារប្រាសាទតាមាន់ធំ ជប់គគីរ ថ្មដូន វាលឥន្ទ្រី ៥មករា តាថាវ ភ្នំខ្មោច អានសេះ និងបានសម្រុកចូលកាន់តែខ្លាំងឡើងនៅតំបន់ ៥មករា។ នៅម៉ោង១២ថ្ងៃត្រង់ ភាគីថៃ បានបើកការវាយប្រហារដោយដ្រូន និងម៉ោង ១២៖៣០នាទី ថៃចាប់ផ្តើមវាយប្រហារថ្មើរជើង ចូលទីតាំង ៥មករា ខណៈស្ថានភាពសមរភូមិទិសនៅភូមិភាគទី៥ គឺភាគីថៃ នៅតែមានផែនសកម្មភាពគំរាមឈ្លានពាន ដោយប្រើយន្តហោះស៊ើបការណ៍ ចំនួន២លើក ក្នុងខេត្តបន្ទាយមានជ័យ។ វេលាម៉ោង ៣៖១៧ល្ងាច ថ្ងៃទី២៧ កក្កដា យោធាថៃ បានបើកយន្តហោះបាញ់ផ្សែងពុល នៅអានសេះ, ម៉ោង៤៖១២នាទី សភាពការណ៍នៅជប់គគីរ ថ្មដូន ថៃ បានបាញ់ផ្លោងចូលដែនដីកម្ពុជា បន្ថែមទៀត ខណៈតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ថៃ បានផ្លោងចូលដូចភ្លៀងរលឹម។ នៅទិសទី១ តំបន់៥មករា ភ្នំខ្មោច អានសេះ កងទ័ពថៃ វាយប្រហារកាន់តែខ្លាំងក្លាឡើង។ នៅថ្ងៃទី២៨ ខែកក្កដានេះ យោធាថៃ នៅបន្តសកម្មភាពឈ្លានពានកម្ពុជា ដោយចេតនា និងយ៉ាងសន្ធាប់ ជាមួយអាវុធធុនធ្ងន់ជាច្រើន បើទោះមានអន្តរាគមន៍ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យឈប់បាញ់ក្តី ៕ កុលបុត្រ

RELATED ARTICLES