Friday, September 12, 2025
Homeព័ត៌មានជាតិមាជ សុវណ្ណារ៉ា ថ្លែងនៅទីស្នាក់ការ UN រឿងសង្រ្គាម៥ថ្ងៃ ថៃឈ្លានពានកម្ពុជា

មាជ សុវណ្ណារ៉ា ថ្លែងនៅទីស្នាក់ការ UN រឿងសង្រ្គាម៥ថ្ងៃ ថៃឈ្លានពានកម្ពុជា

ញូវយ៉ក (សហរដ្ឋអាមេរិក) ៖ ប្រធានគណបក្សជំនាន់ថ្មី និងជាពលរដ្ឋខ្មែរអាមេរិកាំង លោកមាជ សុវណ្ណារ៉ា បានថ្លែងនៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ (UNGA-80) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ អំពីរឿងសង្រ្គាម៥ថ្ងៃ ដែលបង្កឡើងដោយទាហានថៃ ឈ្លានពានកម្ពុជា រហូតមានអន្តរាគមន៍ពីលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បង្កើតឲ្យមានបទឈប់បាញ់ រវាងទាំងពីរ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។

នៅក្នុងការថ្លែងការណ៍នេះ លោកមាជ សុវណ្ណារ៉ា បានសង្កត់ធ្ងន់លើប្រធានបទនៃវីរកងទ័ពកម្ពុជា ទាំង១៨នាក់ ដែលថៃ ប្រើល្បិចចាប់យកទៅឃុំឃាំង ក្រោយមានបទឈប់បាញ់នោះ​ មិនទាន់ត្រូវបានដោះលែង និងប្រាសាទព្រះវិហារ វត្តអារាម សាលារៀន មណ្ឌលសុខភាព បានរងការបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោង គ្រាប់បែកចង្កោមរបស់ទាហានថៃ ធ្វើឲ្យពលរដ្ឋកម្ពុជា ភៀសសឹក រស់នៅដោយទុក្ខលំបាក ជាមួយភាពភ័យខ្លាច លំនៅឋានប្រជាកសិករជាច្រើនគ្រួសារ ត្រូវគ្រាប់ផ្លោង ខូចខាតខ្ទេចខ្ទី រងការឈូសឆាយបំផ្លាញ ដាក់កង់ឡាន ហ៊ុមព័ទ្ធបន្លាលួស រំលោភយកដីនិងផ្ទះសម្បែង ពីសំណាក់ទាហានសៀម ។

លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ថា “ថ្ងៃនេះ ខ្ញុំបានបំពេញកាតព្វកិច្ចនូវអ្វីដែលខ្ញុំបានធ្វើសម្រាប់មាតុភូមិ និងប្រជារាស្រ្តដ៏កម្សត់របស់ខ្ញុំរួចហើយ នៅក្នុងទីស្នាក់ការ UN ។ យន្តការកម្ពុជា ទៅនឹងច្បាប់អន្តរជាតិ នៃភាគីទី៣ គឺជាមូលដ្ឋានគ្រឹះដោះស្រាយជម្លោះកម្ពុជា-សៀម ប្រកបដោយសន្តិវិធី និងប្រសិទ្ធភាព ។ ខ្ញុំ មាជ សុវណ្ណារ៉ា អតីតអ្នកទោសនយោបាយ បច្ចុប្បន្នជាប្រធានគណបក្សជំនាន់ថ្មី (NGP) បានលើកបង្ហាញទៅកាន់មន្រ្តីអង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៃមហាសន្តិបាតអង្គការសហប្រជាជាតិ លើកទី៨០ (UNGA-80) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងន័យថា  «សន្តិភាព សន្តិសុខ អភិវឌ្ឍ និងសិទ្ធិមនុស្ស» គឺអ្វីដែលខ្ញុំចង់ឃើញកម្ពុជា ក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិ មួយមានគោលការណ៍ក្នុងបេសកកម្មជាក់លាក់ ជាយន្តការក្នុងដំណោះស្រាយនៃអនាគតកម្ពជាយូរអង្វែង ជាមួយនឹងប្រទេសជិតខាង ប្រកបដោយវិបុលភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខមនុស្សជាតិក្នុងដែនតំបន់ ក៏ដូចពិភពលោក ដោយខ្ញុំក៏បានផ្សារភ្ជាប់ទៅនឹងសង្គ្រាមឈ្លានពានរំលោភនូវដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា អព្យាក្រឹត និងឯករាជ្យភាពកម្ពុជា”។

លោកមាជ សុវណ្ណារ៉ា បានសរសេរបន្តថា “បញ្ហាដែលខ្ញុំបានលើកនៅចំពោះមុខនោះផងដែរ គឺអ្វីដែលពិភពលោក សុទ្ធតែបានដឹងឮ និងឃើញពីទិដ្ឋភាពសង្រ្គាម ៥ថ្ងៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-សៀម ជួរភ្នំដងរែក ដែលបំពានដោយកងទ័ពសៀម ពិសេសក្នុងការជំរុញឱ្យកម្ពុជា ងាកមករកយន្តការច្បាប់អន្តរជាតិ តាមរយៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈយន្តការអាស៊ាន ហាក់មិនមានឥទ្ធិពលដោះស្រាយពីជម្លោះក្នុងសហគមន៍របស់ខ្លួន ក្រៅតែមិនលូកលាន់ផ្ទៃក្នុងនៃប្រទេសជាសមាជិក ដែលគ្មានចំណាត់ការណាជឿជាក់ ក្រៅតែពីការសម្របសម្រួលក្នុងកម្រិតតែប៉ុណ្ណោះ ។ ប្រធានបទនៃវីរកងទ័ពកម្ពុជា ទាំង១៨នាក់ តំបន់ប្រាសាទព្រះវិហារ វត្តអារាម សាលារៀន មណ្ឌលសុខភាព ដែលរងការបំផ្លិតបំផ្លាញ ជនភៀសសឹក រស់នៅដោយទុក្ខលំបាក ជាមួយភាពភ័យខ្លាច ចំណែកឯបន្លាលួស កង់ឡាន ដែលបានហ៊ុមព័ទ្ធរំលោភយកដី និងផ្ទះសម្បែងប្រជាពលរដ្ឋ រីឯលំនៅឋានប្រជាកសិករជាច្រើនគ្រួសារ ក៏ត្រូវគ្រាប់ផ្លោងចំ ខូចខាតខ្ទេចខ្ទី និងឈូសឆាយបំផ្លាញ ពីសំណាក់កងទ័ពសៀម ទៀតសោត ។ ហើយឡានដឹកអាចម៍សៀម ១៤គ្រឿង, តឹកតាងគ្រាប់មិនទាន់ផ្ទុះ UXOs  គ្រាប់បែកចង្កោម អាវុធសារធាតុគីមី សុទ្ធតែជាភ័ស្តុតាងដែលខ្ញុំលើកឡើងទៅកាន់មន្រ្តីអង្គការសហប្រជាជាតិ ជាមួយនឹងការជំរុញដល់រដ្ឋាភិបាលកម្ពុជា ត្រូវតែកាន់យកទៅលើកឡើងនៅចំពោះមុខភ្នែកមនុស្សលើពិភពលោក ១៩៣ប្រទេស ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ UNGA-80 ក្តី, ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC ក្តី, យុត្តាធិការច្បាប់នៃតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្តី, ស្ថាប័ន UNESCO ឬក៏ការស្នើសុំទៅសហប្រធាននៃសន្និសីទសន្តិភាពទីក្រុងប៉ារីស, ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ PPA ជាដើមផងដែរ“ ។

ភ្ជាប់ជាមួយសំណេរខាងលើនេះ នៅពេលចូលទៅដល់ក្នុងទីស្នាក់ការអង្គការសហប្រជាជាតិ លោកមាជ សុវណ្ណារ៉ា បាននិយាយនៅក្នុងវីដេអូដែលលោកបានបង្ហោះមុនកម្មវិធីចាប់ផ្ដើមថា ថ្ងៃនេះលោកបានចូលទៅកាន់ទីស្នាក់ការអង្គការសហប្រជាជាតិ នៅបុរី New York City ដោយបាននាំយកលិខិតរបស់លោក ដាក់ជូនលោក អង់តូនីញ៉ូ ហ្គូតឺររេស (António Guterres)  អគ្គលេខាធិការអង្គការសហប្រជាជាតិ (Secretary-General of the United Nations) នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។ ជាមួយនេះ លោកក៏សូមអរគុណអតីតមន្រ្តីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ ដែលបានធ្វើបទបង្ហាញពីកិច្ចការទំនាក់ទំនងនយោបាយការទូត ជាមួយមន្រ្តីជំនាន់ថ្មី ដែលកំពុងប្រតិបត្តិការងារស្ទើរពេញមួយថ្ងៃ ។

លោកមាជ សុវណ្ណា បានសរសេរបន្ថែម នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃដដែលនោះថា “បើទោះបីយើងបក្សខុសគ្នា និងទស្សនៈផ្ទុយគ្នាក៏ដោយ តែពេលនេះ យើងត្រូវទុករឿងបក្ស មួយឡែក គិតជាតិជាធំសិន តែមិនបោះបង់ ឬចុះចាញ់នោះទេ ! ខ្ញុំ, មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ប៉ុន្តែក្នុងកាលៈទេសៈនយោបាយប្រទេសជាតិពេលនេះ ខ្ញុំត្រូវគិតរឿងជាតិមាតុភូមិ ទុកដាក់រឿងបក្សមួយឡែក តែមិនបោះបង់ឬចុះចាញ់នោះទេ ដោយគិតបារម្ភពីវីរកងទ័ពកម្ពុជា ទាំង១៨ ក៏ដូចការជួយស្វែងរកយន្តការក្នុងដំណោះស្រាយសន្តិភាពដ៏ពេញលេញមួយ ក្រោយពីសង្រ្គាម ត្រូវបានបញ្ចប់ ដោយសួរថា តើកម្ពុជា ត្រូវបន្តបេសកកម្មបែបណាទៅមុខទៀត ដើម្បីស្ថិរភាពនិងវិបុលភាពសម្រាប់សន្តិសុខមនុស្សជាតិ ទៅថ្ងៃអនាគតយូរអង្វែង បើទោះបីយើងបក្សខុសគ្នា និងទស្សនៈផ្ទុយគ្នាក៏ដោយ «ខ្មែររស់ ជាតិរស់ មានរាស្រ្ត ទើបមានរដ្ឋ បើមានរដ្ឋ អត់រាស្រ្ត តើសង្គមជាតិមួយ នឹងទៅជាយ៉ាងណា?» ៕ កុលបុត្រ

RELATED ARTICLES