ខេត្តបាត់ដំបង ៖ សាកសពពលករខ្មែរម្នាក់ ដែលស្លាប់ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសថៃ ត្រូវបានសាច់ញាតិ បងប្អូនដឹកបញ្ជូនមកដល់ទឹកដីកម្ពុជា ដោយកម្លាំងអន្តោប្រវេសន៍ថៃ បានសម្របសម្រួ លឱ្យចេញតាមច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

តាមប្រភពអាជ្ញាធរ បានឱ្យដឹងថា កាលពីវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអន្តោប្រវេសន៍ថៃ បានបញ្ជូនសពពលករខ្មែរម្នាក់ ចេញមកតាមឃុំទេពនិមិត្ត ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ដែលឈមនឹងច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

សាកសពជនរងគ្រោះ មានឈ្មោះហឿន ប៉ែន ភេទប្រុស អាយុ៥៥ឆ្នាំ ស្លាប់ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយមានម៉ូតូ ១គ្រឿង បានជិះជ្រុលបុកជនរងគ្រោះ ទាំងកំរោល ខណៈដែលជនរងគ្រោះកំពុងកាត់ស្មៅ នៅតាមចិញ្ចើមថ្នល់ ត្រង់ចំណុចស្រុកប៉ថង ខេត្តឈុនបុរី ប្រទេសថៃ បណ្តាលឱ្យបាត់បង់ជីវិត។សាកសពជនរងគ្រោះខាងលើ ត្រូវបានសាច់ញាតិបងប្អូន ដឹកបញ្ជូនទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី៕
