Monday, September 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធសុំលែង ប្តីដួលស្លាប់

ប្រពន្ធសុំលែង ប្តីដួលស្លាប់

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ក្រោយពីរស់នៅបែកគ្នាជាមួយប្រពន្ធ អស់ជាង១ឆ្នាំ បានតាមទៅសុំត្រូវរ៉ូវគ្នាវិញ តែប្រពន្ធមិនព្រម និងថែមទាំងទាមទារលែងលះ តែប្តីមិនព្រម និងបានបោះសម្តីថា “បើប្រពន្ធលែង លែងចង់រស់” រួចបានជិះម៉ូតូចេញពីផ្ទះបាត់ ស្រាប់តែ២ថ្ងៃក្រោយមក ប្រទះឃើញស្លាប់ផ្កាប់មុខក្នុងចម្ការ មួយកន្លែង ឡើងហើមស្អុយដង្កូវចោះទៅហើយ។

ករណីប្រទះឃើញសាកសពនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង ២០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន។

សាកសពជនរងគ្រោះ មានឈ្មោះឡា រតនា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរសន្តិសុខ មានលំនៅ ភូមិខ្នាររង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

តាមប្រភពសាក្សីឈ្មោះសឹម វី ភេទស្រី អាយុ៤៨ឆ្នាំ បានបំភ្លឺថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ គាត់បាននាំកម្លាំងទៅបាញ់ថ្នាំស្រូវ នៅចម្ការរបស់គាត់ ស្ថិតនៅភូមិកើតហេតុខាងលើ ដោយមានកម្មករ ចំនួន៤នាក់ បានបាញ់ថ្នាំស្រូវ រហូតដល់វេលាម៉ោងប្រហែល ១០និង២០នាទីព្រឹក ថ្ងៃដដែល ខណៈដែលគាត់ដើរទៅមើលចម្ការល្ង ស្ថិតក្នុងចម្ការចេក បានធុំក្លិនស្អុយចម្លែក ទើបដើររកមើល ស្រា ប់តែប្រទះឃើញ សាកសពមនុស្សប្រុសម្នាក់ ដេកស្លាប់ ស្លៀកខោខ្មៅជើងវែង នឹងអាវក្រណាត់យឺត ២ជាន់ អាវក្រៅ មានរូបសញ្ញាសន្តិសុខ ដេកផ្កាប់មុខទៅនឹងដី ដោយដោយដៃស្តាំបត់នៅខាងក្រោម។ ភ្លាមនោះគាត់បានដើរទៅជិតមើលឱ្យច្បាស់ ក៏ឃើញមានសត្វដង្កូវពេញក្បាល និងដងខ្លួន ហើយដងខ្លួនមានសភាពហើម ទើបដឹងថា ស្លាប់បាត់ទៅហើយ ក៏បានស្រែកប្រាប់កម្មករឱ្យមកជួយមើល។

ដោយឡែកតាមសម្តីស្ត្រីឈ្មោះឆឹម ចាន់ដេត អាយុ៣៨ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ប្តីគាត់បានត្រឡប់មកពីធ្វើការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងមករកគាត់ជាប្រពន្ធ តែគាត់មិនបាននិយាយជាមួយទេ ព្រោះពួកគាត់បានឈ្លោះគ្នាជាយូរមកហើយ ដោយគាត់ថែមទាំងបានសុំលែងលះ តែប្តីមិនព្រម ហើយប្តីចេះតែតាមអង្វរសុំត្រូវគ្នាវិញរហូត តែគាត់មិនព្រម ដោយពួកគាត់រស់នៅបែកគ្នា រយៈជាង ១ឆ្នាំមកហើយ។

ស្ត្រីជាប្រពន្ធ បន្តថា លុះដល់ម៉ោងប្រហែល ៨ព្រឹក ថ្ងៃដដែល ប្តីបានទៅនិយាយជាមួយម្តាយខ្លួនថា “ខ្ញុំមិនចង់រស់ទេម៉ែ បើប្រពន្ធខ្ញុំមិនត្រូវគ្នាជាមួយខ្ញុំវិញនោះ ខ្ញុំនឹងសម្លាប់ខ្លួន”។ និយាយហើយប្តីគាត់ក៏ដើរទៅជក់បារី នៅឯខ្យូស មួយសន្ទុះ ក៏ទាញម៉ូតូជិះចេញទៅបាត់ ដោយមិនដឹងថាទៅណាឡើយ។ រហូតមកដល់វេលាម៉ោង១១ ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បងស្រីរបស់គាត់ ឈ្មោះឆឹម ចាន់ឌី ភេទស្រី បានមកប្រាប់គាត់ថា “ប្តីអ្ហែងស្លាប់ហើយ គេឃើញស្លាប់នៅឯដីចម្ការ ក្បែរម៉ូត ១គ្រឿង” ឮបែបនេះ គាត់ក៏ប្រញាប់ទៅមើលដល់ទីតាំងកើត ហេតុ ក៏ប្រទះឃើញថា ពិតជាប្តីគាត់មែន។ កន្លងមក ប្តីរបស់គាត់ មានជំងឺបេះដូង និងតែងលេបថ្នាំជាប្រចាំ ហើយក៏ធ្លាប់ប្រើប្រាស់សារធាតុញៀនទៀតផង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ អាចដួលស្លាប់ ដោយខ្យល់គរ មិនជាប់ពាក់ព័ន្ធបទល្មើសណាមួយនោះទេ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES