Tuesday, September 16, 2025
Homeតារាខ្មែរពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលស្គាល់ចាញ់កូនស្រមោច និងហ្វីយ៉ាតា

ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលស្គាល់ចាញ់កូនស្រមោច និងហ្វីយ៉ាតា

ភ្នំពេញ ៖ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងសុគា គឹមលាង ត្រូវបានព្យាករណ៍ថា នឹងលើកពានបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២៥ (Miss Universe Cambodia 2025 ) តែក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ (Final) កាលពីរាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លទ្ធផលម្ចាស់មកុដ គឺ ថៃ នារីសុជាតា  ចំណែកពេជ្រ វត្តីសារ៉ាវឌ្ឍី បានត្រឹមលំដាប់រងទី២ ខណៈសុខគា គីមលាង ជាប់លំដាប់រងទី១ ។

 អ្នកនាងថៃ នារីសុជាតា ហៅហ្វីយ៉ាតា

ពេជ្រ វត្តីសារ៉ាវឌ្ឍី ថ្លែងថា នាងទទួលស្គាល់ការពិត ដែលនេះជារឿងមួយដែលនាងតែងតែប្រកាន់ខ្ជាប់ ហើយយកមកអភិវឌ្ឍបន្ថែមជានិច្ច ។ នាងថា នេះគ្រាន់តែជាការចាប់ផ្ដើមនៃវេទិកាបវរកញ្ញាចក្រវាល ហើយនាងរីករាយនឹងការចាប់ផ្ដើមមួយនេះ។

 ចំណែកកញ្ញាសុខគា គឹមលាង ហៅកូនស្រមោច បានរក្សារភាពស្ងៀមស្ងាត់ ដោយមិននិយាយអ្វីទាំងអស់ ក្រោយពីរបូតមកុដ ។ ប៉ុន្ដែភរិយាអតីតតារាសម្ដែង លោកស៊ុក សុភា បាននិយាយពីចំណុចខ្វះខាតរបស់កូនស្រមោច ថាមូលហេតុដែលនាងមិនឈ្នះមកុដ ព្រោះតែការស្លៀកពាក់និងតែងខ្លួនរបស់នាងមិនបានល្អ។

នាដការីសុខគា គីមលាង

អ្នកនាងលុយ សារីណា ភរិយាលោកស៊ុក សុភា ថ្លែងថា «កូនស្រមោច ឆ្លើយអត់ចាញ់ពិន្ទុទេ កូនស្រមោច អាចជាប់ បើតុបតែងខ្លួនឲ្យស្អាតជាងនេះ។ បើតាមខ្ញុំមើល គឺចាញ់គេនៅការដែលនាងតុបតែងខ្លួនតែម្ដង។ ក្រវិល មិនស៊ីនឹងខ្សែក ខ្សែក មិនស៊ីនឹងរ៉ូប ផាត់ភ្នែកឃើញកាច ម៉ូដសក់ក៏មិនសមនឹងមកុដ។ សរុបទៅ គឺការធ្វើខ្លួនរបស់អូន ដែលទាញទម្លាក់មិនឲ្យជាប់។ សុំទោសបើខ្ញុំនិយាយទៅប៉ះពាល់ ឬមិនត្រឹមត្រូវ តែខ្ញុំគ្រាន់តែនិយាយចេញពីចិត្ត ដើម្បីជាសារជូនអូនឲ្យបានដឹង ហើយសូមមកឆ្នាំក្រោយទៀត ហើយឆ្នាំក្រោយ សូមអូនយកពាក្យរបស់បង ទៅស្ថាបនា បងជឿថា អូននឹងជាប់ ១០០%» ។

 អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅអ្នកគ្រប់គ្រង Miss Universe Cambodia 2025 តែស្រី្ដម្នាក់ បានលើកទូរស័ព្ទ និងថា មិនអាចនិយាយបាន ព្រោះជាប់ដើរកម្សាន្ដជាមួយក្រុមគ្រួសារនៅតាមខេត្ត និងស្នើឲ្យដាក់សំណួរតាមបណ្ដាញសង្គម។ ចំណែកម្ចាស់មកុដ Miss Universe Cambodia 2025  ថៃ នារីសុជាតា ហៅហ្វីយ៉ាតា (FiYata) ថាខ្លួននាងបានដើរដល់គោលដៅហើយ និងថា ពិភពលោកមិនអាចមើលរំលងបេះដូង និងកម្លាំងចិត្តពិតបានទេ ។

 កញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី

គួរបញ្ជាក់ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី អាយុ២៧ឆ្នាំ ជាម្ចាស់មកុដ  Miss Grand Cambodia 2022 និង 5th Miss Grand International 2022  តែនាងបានអះអាងថា បានបោះចោលមកុដ 5th Miss Grand International 2022 ក្នុងធុងសំរាមទៅហើយ ក្រោយទាហានសៀម បង្កសង្រ្គាមលើកម្ពុជា នៅតាមព្រំដែន។ នាងត្រូវបានគេរំពឹងថា មានភាគរយខ្ពស់ក្នុងការដណ្តើមមកុដ Miss Universe Cambodia 2025  ពាន ព្រោះតែសមត្ថភាពបានទាំងព្រម ពោលគឺទាំងដើរម៉ូដ គ្រងឈុតបុរាណ ប៊ីគីនី និងនិយាយភាសាអង់គ្លេស បានល្អផងដែរ ។ ប៉ុន្ដែជាលទ្ធផល វត្តីសារ៉ាវឌ្ឍី មិនអាចយកឈ្នះអ្នកមេម៉ាយសាច់សខ្ចីកូនមួយ ថៃ នារីសុជាតា ដែលជាកូនស្រីរបស់លោកថៃ នរៈសត្យា អតីតរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ (សព្វថ្ងៃជាទីប្រឹក្សារាជរដ្ឋាភិបាល) និងលោកស្រីងិន ម៉ារីយ៉ា អតីតអ្នកនិពន្ធទំនុកច្រៀង ហង្សមាស បានឡើយ ។

 សម្រាប់សុខគា គឹមលាង ហៅកូនស្រមោច អាយុ២៦ឆ្នាំ កម្ពស់ ១,៧០ម៉ែត្រ ទម្ងន់៥០ គ.ក្រ ហាត់របាំបុរាណ រយៈពេល១៥ឆ្នាំ ពោលគឺតាំងពីអាយុ៩ឆ្នាំ ទើបពេលនេះក្លាយទៅជាគ្រូបង្រៀនរបាំបុរាណ និងរបាំព្រះរាជទ្រព្យ នៅសាលាមធ្យមវិចិត្រសិល្បៈ។ នាងចង់ភ្លក្សរសជាតិលើកទី១ ក្នុងការប្រលងបវរកញ្ញា ព្រោះចង់ឈ្នះមកុដ ទៅប្រកួត Miss Universe 2025 តំណាងឲ្យកម្ពុជា នៅប្រទេសឥណ្ឌា ប៉ុន្ដែឥឡូវអ្នករ៉ាប់រងការងារធំនេះជំនួសនាង គឺ ថៃ នារីសុជាតា ហៅហ្វីយ៉ាតា ៕

RELATED ARTICLES