ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ នៅសុខៗ បានយកដែកជ្រុង មួយកំណាត់ គប់ទៅលើរថយន្តអ្នកដំណើរ ចំកញ្ចក់ខាងមុខ បណ្តាលឱ្យបែក លុះម្ចាស់រថយន្តឈប់សួរនាំ ស្រាប់តែជនដៃដល់បានស្ទុះមកវាយជនរងគ្រោះជាម្ចាស់រថយន្ត បណ្តាលឱ្យបែកមុខ និងរបួសក្បាលបន្ថែមទៀត។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ស្ថិតក្នុងភូមិវល្លិស ឃុំវល្លិស ស្រុកសំរោងទង។
ជនរងគ្រោះជាម្ចាស់រថយន្ត មានឈ្មោះផាត់ ម៉ង់តារា ភេទប្រុស អាយុ៣៥ឆ្នាំ មានលំនៅ ភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន។ ចំណែកជនងគ្រោះ មានឈ្មោះ កន សាវ័រ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពងទឹក ឃុំវល្លិស ស្រុកសំរោងទង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះផាត់ ម៉ង់តារា បានប្តឹងទៅលើឈ្មោះ កន សាវ័រ ពីករណីអំពើហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះផាត់ ម៉ង់តារា បានបើករថយន្ត ១គ្រឿង ម៉ាក Lexus RX-330 ពណ៌ស ពាក់ស្លាកលេខ រដ្ឋ០៧ ២-៥៥៥៦ ដឹកប្រពន្ធ ឈ្មោះមាស សុភត្ត្រា អាយុ៣៣ឆ្នាំ ចេញពីផ្ទះ ទៅភ្នំពេញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិច ទៅកើត។ លុះមកដល់គីឡូម៉ែត្រ៤១-៤២ ស្ថិតក្នុងភូមិវល្លិស ឃុំវល្លិស ស្រាប់តែមានជនសង្ស័យម្នាក់ ឈ្មោះ កន វ័រ បានជិះកង់ ១គ្រឿង ធ្វើដំណើរពីកើត ទៅលិច បញ្ច្រាសទិសគ្នា បានយកដែកជ្រុង គប់មកលើរថយន្តត្រូវកញ្ចក់រថយន្តផ្ទាំងមុខ ផ្នែកខាងស្តាំ បណ្តាលឱ្យបែកប្រេះស្រាំ។

លោកអធិការ បន្តថា បន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះជាម្ចាស់រថយន្ត បានឈប់ ចុះទៅសួរនាំ ស្រាប់តែជនសង្ស័យខាងលើ បានវាយមកលើម្ចាស់រថយន្ត បណ្តាលឱ្យរងរបួសផ្ទៃមុខនិងក្បាល ថែមទៀត។
ក្រោយកើតហេតុ បានអ្នកដំណើរនាំគ្នាចុះជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ ព្រមទាំងដកហូតបានវត្ថុតាង ដែកជ្រុង មួយកំណាត់គ និងកង់ ១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពខាងលើប្រាកដមែន។
ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕
