Wednesday, September 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដឹកស្រីដើរលេង ចោរធាក់ប្លន់ម៉ូតូ ជាប់ខ្នោះ៤

ដឹកស្រីដើរលេង ចោរធាក់ប្លន់ម៉ូតូ ជាប់ខ្នោះ៤

ខេត្តកំពង់ឆ្នាំង ៖ យុវជន ២នាក់ កំពុងជិះម៉ូតូដឹកយុវតីជាសង្សារដើរលេងយប់ ស្រាប់តែត្រូវក្រុមក្មេងទំនើង ១ក្រុម បានធ្វើសកម្មភាពដេញធាក់ប្លន់ម៉ូតូ បានសម្រេច រួចជិះរត់គេចខ្លួនបាន រយៈពេល៣ថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនក្រុម ជនសង្ស័យ សរុបចំនួន៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីធាក់ប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រលេខ៧៥-៧៦ ស្ថិតក្នុងភូមិអូតានីស ឃុំរលាប្អៀរ ស្រុករលាប្អៀរ។ រហូតមកដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័ យ ចំនួន៤នាក់។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះម៉ុក ភក្តី ហៅទី ភេទប្រុស មុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះញ៉ា សុផារី ហៅរី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៣-ឈ្មោះហ៊ឹម ភានុន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៤-ឈ្មោះរិទ្ធ សុរាប អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង៤នាក់ ខ្លះនៅស្រុកបរិបូណ៌ ខ្លះនៅស្រុកកំពង់លែង និងខ្លះស្រុករលាប្អៀរ។

ចំណែកជនរងគ្រោះ មានចំនួន៣នាក់ រួមមាន ទី១-ឈ្មោះយ៉ា រ៉ាក់ ភេទប្រុស អាយុ២០ឆ្នាំ។ ទី២-ឈ្មោះដាំ ប៊ុនចេម ភេទប្រុស អាយុ១៧ឆ្នាំ និងទី៣-ឈ្មោះចែម ស្រីលីន ភេទស្រី អាយុ១៧ឆ្នាំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ មានក្មេងទំនើង ១ក្រុម មានគ្នាប្រហែលចំនួន៧នាក់ ជិះម៉ូតូ ប្រហែល៥គ្រឿង បានធ្វើសកម្មភាពជិះដេញវាយនិងធាក់ជនរងគ្រោះ ចំនួន៣នាក់ (ស្រី១) ដែលកំពុងជិះម៉ូតូ ១គ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ៥ លុះមកដល់ត្រង់ចន្លោះគីឡូម៉ែត្រលេខ៧៥-៧៦ ស្ថិតក្នុងភូមិអូតានីស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ពេលនោះជនរង គ្រោះភ័យពេក បានរត់ចោលម៉ូតូ ហើយក្រុមជនដៃដល់ បានលើកម៉ូតូជិះគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បានមកដាក់ពាក្យប្តឹងទៅសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ ដើម្បីឱ្យជួយអន្តរាគមន៍។

ក្រោយទទួលពាក្យបណ្តឹង សមត្ថកិច្ចនគរបាល បានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់ (១-ឈ្មោះម៉ុក ភក្តី ហៅទី ២-ឈ្មោះញ៉ា សុផារី ហៅរី ៣-ឈ្មោះហ៊ឹម ភានុន ៤-ឈ្មោះរិទ្ធ សុរាប) និងបានរកឃើញម៉ូតូរបស់ជនរងគ្រោះ នៅក្នុងវត្តគោករំដួល ស្ថិតក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកម៉ូតូ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។

ដោយឡែកបក្ខពួកជនសង្ស័យដែលនៅសេសសល់ សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ តាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES