ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានឆ្មក់ចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងការស្នាក់នៅប្រមូលម្តុំជនបរទេសខុសច្បាប់ នៅក្នុងទីតាំងអគារខុនដូ មួយកន្លែង ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៤៧នាក់ (មាន៤សញ្ជាតិ) ព្រមទាំងដក ហូតបានវត្ថុតាងប្រព្រឹត្តបទល្មើស Online Scam មួយចំនួនធំ។

ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចអគារខុនដូ HANA ស្ថិតនៅអគារលេខ១៤៦៩ ផ្លូវ១០៨៩ ភូមិរោងចក្រ១ ខណ្ឌសែនសុខ ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចជំនាញអាជ្ញាធរខណ្ឌ និងដោយមានការចូលរួមសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ១រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែង ពាក់ព័ន្ធនឹងបទល្មើស Online Scam និងការស្នាក់នៅប្រមូលម្តុំជនបរទេសខុសច្បាប់ នៅក្នុងទីតាំងខុនដូ HANA អគារលេខ១៤៦៩ ផ្លូវ១០៨៩ ភូមិរោងចក្រ១ ខណ្ឌសែនសុខ ដែលមានចំនួន៧ជាន់។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ សរុបចំនួន៤៨នាក់ (ស្រី១០នាក់) មាន៤សញ្ជាតិ ក្នុងនោះ ជនជាតិកូរ៉េខាងត្បូង មានចំនួន៣៣នាក់ (ស្រី៥នាក់) ជនជាតិនេប៉ាល់ ចំនួន១នាក់ ជនជាតិបង់ក្លា ដែស ចំនួន១នាក់ និងជនជាតិខ្មែរ ចំនួន១៣នាក់ (ស្រី៥នាក់)។
ជាមួយនេះ សមត្ថកិច្ចបានដកហូតសម្ភារៈបម្រើឱ្យការប្រព្រឹត្តបទល្មើស Scam Online រួមមាន កុំព្យូទ័រ ចំនួន ៦០គ្រឿង ទូដែក ចំនួន៣គ្រឿង និងលិខិតឆ្លងដែន សរុបចំនួន៣៥ច្បាប់។
ជនសង្ស័យ សរុបចំនួន៤៨នាក់ ខាងលើ ព្រមទាំងសម្ភារៈរឹបអូសបាន ត្រូវបានប្រគល់ជូន ស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ក្នុងក្របខ័ណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕