ខេត្តកណ្តាល ៖ បុរស ៤នាក់ ត្រូវជាបងប្អូនបង្កើត បានផឹកស្រាថ្នាំ ជុំគ្នា អស់ស្រា ចំនួន៣លីត្រ ស្រវឹងធ្លាក់ភ្នែក ក៏ចាប់ផ្តើមកើតមានជម្លោះពាក្យពីរឿងចាក់បទចម្រៀងស្តាប់ ដោយបុរសជាបង បានសុំឱ្យប្អូនប្រុស ចាក់បទព្រាប សុវត្ថិ តែប្អូនមិនព្រម ក៏កើតជាអំពីហិង្សា វាយតប់គ្នា និងត្រូវបានប្អូនទាញកាំបិតកាប់បង ១កាំបិត ចំស្មា ទើបប្អូនប្រុសម្នាក់ទៀតខឹង ក៏ព្រួតវាយ ទៅលើជនរងគ្រោះ បណ្តាលឱ្យសន្លប់ និងបានស្លាប់ ក្រោយពីដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ករណីអំពើឃាតកម្ម បងប្អូនបង្កើតកាប់និងវ៉ៃគ្នាស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣៧នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ។
ជនរងគ្រោះដែលត្រូវបងប្អូនបង្កើតព្រួតវាយស្លាប់ មានឈ្មោះ ថាន់ សុខឃា ភេទប្រុស អាយុ៤៤ឆ្នាំ មានលំនៅ ភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ។ ចំណែកជនដៃដល់ មានគ្នាចំនួន២នាក់ ទី១-ឈ្មោះថាន់ ថា ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅ ភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ (ត្រូវជាប្អូនបង្កើតបរស់ជនរងគ្រោះ) និងទី២-ឈ្មោះថាន់ សុខឃឿន ភេទប្រុស អាយុ៤៦ឆ្នាំ មានលំនៅភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ (ត្រូវជាបងបង្កើតរបស់ជនរងគ្រោះ)។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ជនសង្ស័យឈ្មោះថាន់ ថា បានទៅលេងផ្ទះបងបង្កើតឈ្មោះថាន់ សុខខន ស្ថិតនៅភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ ពេលទៅដល់ ក៏បានជួបបងប្អូនបង្កើត ឈ្មោះថាន់ ឃីម ភេទប្រុស ឈ្មោះថាន់ សុខឃា (ជនរងគ្រោះ) និងជនសង្ស័យឈ្មោះថាន់ សុឃឿន ដែលកំពុងអង្គុយលេងក្រោមផ្ទះ ទើបជនសង្ស័យឈ្មោះថាន់ ថា បានបបួលគ្នាផឹកស្រាថ្នាំជាមួយបងប្អូន។

ប្រភពដដែល បន្តថា លុះក្រោយពីផឹកអស់ស្រាថ្នាំ ចំនួន៣លីត្រ ចាប់ផ្តើមស្រវឹងធ្លាក់ភ្នែកគ្រប់គ្នា ជនរងគ្រោះថាន់ សុខឃា បានយកទូរស័ព្ទភ្ជាប់ប៊្លូធូស ជាមួយកូនធុងបាស់ ចាក់បទចម្រៀងស្តាប់ ដោយបើកសំឡេងឮៗ។ ពេលនោះ ជនសង្ស័យឈ្មោះថាន់ សុខឃឿន បានប្រាប់ឱ្យជនរងគ្រោះ ឈ្មោះថាន់ សុខឃា បន្ថយសំឡេងតិចៗ និងចាក់បទព្រាប សុវត្ថិ ខ្លះទៅ ព្រោះឈ្មោះថាន់ ថា ចូលចិត្តស្តាប់ តែជនរងគ្រោះឈ្មោះថាន់ សុខឃា មិនព្រម និងកាន់តែបើកសំឡេងឮៗថែមទៀត ធ្វើឱ្យជនសង្ស័យឈ្មោះថាន់ សុខឃឿន ខឹងក៏ស្ទុះទៅដាល់ជនរងគ្រោះ ១ដៃ ចំមុខ បណ្តាលឱ្យធ្លាក់ពីលើគ្រែ ហើយយកជើងធាក់មុខជនរងគ្រោះឈ្មោះចាន់ សុខឃា ថែមទៀត។ ភ្លាមនោះ ជនរងគ្រោះឈ្មោះថាន់ សុខឃា ផ្ទុះកំហឹង បានទាញកាំបិតផ្គាក់ ចេញពីផ្ទះ ទៅកាប់ជនសង្ស័យឈ្មោះថាន់ សុខឃឿន ត្រូវចំស្មាខាងស្តាំ មុតជ្រៅ ចេញឈាម ដួលលើគ្រែ និងបានស្រែកហៅឈ្មោះថាន់ ថា ឱ្យជួយ។ ខណៈនោះ ឈ្មោះថាន់ ថា ស្រែកដាក់ជនរងគ្រោះថា “ម៉េចបានវ៉ៃបងអញអ៊ីចឹង?” រួចក៏ស្ទុះទៅទាត់និងទាញកៅអីជ័រវាយសំដៅចំមុខនិងចំទ្រូង ជនរងគ្រោះឈ្មោះថាន់ សុខឃា រហូតសន្លប់ ទើបឈប់វាយ។ ឃើញដូច្នោះ ជនសង្ស័ឈ្មោះថាន់ សុខឃឿន បានក្រោកស្ទុះទៅវាយឈ្មោះថាន់ សុខឃា ថែមទៀត។ បន្ទាប់មកទើបឈ្មោះពេញ ហុច ហៅស្រីនាង (ត្រូវជាប្អូនថ្លៃ) បានទូរស័ព្ទទៅប្តឹងសមត្ថកិច្ច ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យឈ្មោះថាន់ ថា មកសាកសួរនៅប៉ុស្តិ៍ ចំណែកជនសង្ស័យឈ្មោះថាន់ សុខឃឿន បញ្ជូនទៅសង្គ្រោះបន្ទាន់។ ចំណែកជនរងគ្រោះ ឈ្មោះថាន់ សុខឃា បានដាច់ខ្យល់ស្លាប់តាមផ្លូវ មុនពេលដឹកទៅដល់មណ្ឌលសុខភាពព្រែកអម្ពិល។
សមត្ថកិច្ច បានបញ្ជាក់ថា វត្ថុតាងដកហូតនៅកន្លែងកើតហេតុ រួមមាន កាបិតផ្គាក់ផ្លែដែក ដងឫស្សី ចំនួន១ដើម (ជារបស់ជនរងគ្រោះ ថាន់ សុខឃា ចាប់យកពីកន្លែងកើតហេតុ) និងបំណែកកៅអីជ័រ ពណ៌ក្រហម មួយចំនួន (ចាប់យកពីជនសង្ស័យឈ្មោះថាន់ ថា)។

ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីចាត់ការតាមនីតិវិធី។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕