Thursday, September 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្សារពោធិ៍សាត់ ភ្លើងឆេះអស់៦តូប

ផ្សារពោធិ៍សាត់ ភ្លើងឆេះអស់៦តូប

ខេត្តពោធិ៍សាត់ ៖ តូបលក់ដូរបស់អាជីវករនៅក្នុងផ្សារថ្មី ពោធិ៍សាត់ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ទាំងកណ្តាលអធ្រាត្រ ធ្វើឱ្យខូចខាតតូបលក់ដូរ សរុបចំនួន៦តូប សរុបជាទឹកប្រាក់ប្រមាណជិត៣ម៉ឺនដុល្លារ។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្សារថ្មីពោធិ៍សាត់ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានអណ្តាតភ្លើងឆាបឆេះចេញពីផ្សារថ្មី ពោធិ៍សាត់ យ៉ាងសន្ធោសន្ធៅ ធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារ មានការភ្ញាក់ផ្អើល ស្រែកឆោឡោ ហៅគ្នាជួយពន្លត់ តែមិនឈ្នះ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ករណីអគ្គិភ័យខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស្វាយ វាសនា ស្នងការរង ទទួលបន្ទុកផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះនិងអគ្គិភ័យ និងលោកវរសេនីយ៍ទោ គង់ សង្វារពេជ្រ នាយស្តីទីការិយាល័យបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ បានមកជួយអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់ចំនួន៤រថយន្ត និងបំពង់ពន្លត់អគ្គិភ័យ ចំនួន៨ ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ដោយមិនបណ្តាលឱ្យឆេះរាលដល់តូបផ្សេងៗទៀត។

យ៉ាងណា នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើ បានបង្កឱ្យខូចខាតតូបលក់ដូររបស់អាជីវករសរុបចំនួន៦តូប រួមមាន ម្ចាស់តូបទី១- ឈ្មោះវុធ ចាន់ឌីវន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលក់ប្រហិត (ឆេះខូចខាតតូបទាំង ស្រុង សរុបជាទឹកប្រាក់ប្រមាណ ៣០០០ដុល្លារ)។ ម្ចាស់ តូបទី២-ឈ្មោះឡៅ ចាន់ធី ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់បន្លែ និងភេសជ្ជៈ (ឆេះខូចខាតតូបទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណ ៣លានរៀល)។ ម្ចាស់តូបទី៣- ឈ្មោះស្លេះ បូរី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់គ្រឿងក្រអូប (ឆេះខូចខាតសម្ភារៈមួយចំនួន សរុបជាទឹកប្រាក់ប្រមាណ ៣០០០ដុល្លារ)។ ម្ចាស់តូបទី៤- ឈ្មោះហែម សុផល ភេទស្រី អាយុ៧៩ឆ្នាំ មុខរបរលក់ចាប់ហួយ (ឆេះខូចខាតតូបទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណ ១ម៉ឺនដុល្លារ)។ ម្ចាស់តូបទី៥- ឈ្មោះគី សូលី ភេទស្រី អាយុ៤១ឆ្នាំ មុខរបលក់ប្រហិត (ឆេះខូចខាតតូបទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណ ៥០០០ដុល្លារ) និងម្ចាស់តូបទី៦-ឈ្មោះមុត ភារម្យ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ចាប់ហួយ (ឆេះខូចខាតតូបទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណ ៥០០០ដុល្លារ)។

សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជំហានដំបូងថា ករណីនេះអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដែលសរុបការខូចខាតទាំង៦តូប គិតជាទឹកប្រាក់ ប្រមាណ ២៧ ០០០ដុល្លារ។ ប៉ុន្តែទោះយ៉ាងណា មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ៕

RELATED ARTICLES