Friday, September 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆបោកកម្ចីអនឡាញ ១ម៉ឺនដុល្លារ ស្រីមេខ្លោង ជាប់ខ្នោះ

ឆបោកកម្ចីអនឡាញ ១ម៉ឺនដុល្លារ ស្រីមេខ្លោង ជាប់ខ្នោះ

ខេត្តមណ្ឌលគិរី ៖ ស្ត្រីម្នាក់ ជាមេខ្លោងឆបោកតាមបណ្តាញសង្គម ត្រូវបានសមត្ថកិច្ចខេត្តមណ្ឌលគិរី ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ក្រោយបានប្រព្រឹត្តសកម្មភាពឆបោកប្រាក់ជនរងគ្រោះ អស់ជិត១ម៉ឺនដុល្លារ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ថា កាលពីវេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ មានបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ឈ្មោះ នាគក្រហម បានទាក់ទងទៅបណ្តាញទំនាក់ទំនងសង្គម Facebook Page មួយ ឈ្មោះ ហេង ហេង ប្រាក់កម្ចី ដែលគ្រប់គ្រងដោយឈ្មោះទូច ចន្ធូ និងមានក្រុមការងាររបស់ខ្លួន បីនាក់ផ្សេងទៀត មានទាំងអ្នកចាំជួយកាត់តក្លែងឯកសារ អ្នកទទួល ប្រាក់ ជាដើម។

សេចក្តីរាយការណ៍ បានបន្តថា គោលបំណងរបស់ជនរងគ្រោះ ដែលបានទាក់ទងទៅបណ្តាញទំនាក់ទំនងសង្គម Facebook Page ឈ្មោះហេង ហេងប្រាក់កម្ចី គឺដើម្បីខ្ចីប្រាក់ សរុបចំនួន ១ម៉ឺន៥ពាន់ដុល្លារ។ ដោយឈ្មោះទូច ចន្ធូ និងបក្ខពួក បានប្រើប្រាស់ឧបាយកលក្នុងនាមជាអ្នកឱ្យខ្ចីប្រាក់ និងលួងលោមក្នុងរូបភាពផ្សេងៗ ដើម្បីឱ្យជនរងគ្រោះ ត្រូវផ្ញើប្រាក់មកខ្លួន ជាបន្តបន្ទាប់ រហូតដល់ចំនួន ៩៥០០ដុល្លារ។ ដោយសារតែត្រូវការលុយបន្ទាន់ និងត្រូវជនឆបោកប្រើប្រាស់វិធីសាស្ត្រជាច្រើន បណ្តាលឱ្យជនរងគ្រោះ ធ្លាក់ក្នុងឧបាយកល រហូតផុងខ្លួនផ្ញើប្រាក់ឱ្យទៅក្រុមជនឆបោក តាមរយៈគណនី ABA ឈ្មោះ TOUCH CHANTHOU និងវេរប្រាក់តាមវីង មានលេខទូរស័ព្ទ 077 916 663 ជាបន្តបន្ទាប់ ទើបដឹងខ្លួនថាចាញ់បោកគេ។

សេចក្តីរាយការណ៍ថា រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួន ដោយឃាត់ខ្លួនជនសង្ស័យ ឈ្មោះទូច ចន្ធូ ភេទស្រី ជាមេក្លោងយកទៅចាត់ការតាមនីតិវិធី និងបានបញ្ជូនទៅដាក់ពន្ឋនាគារខេត្ត។ ចំណែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែម ។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នជាមួយកម្ចីខុសច្បាប់ ដែលគ្មានប្រភពត្រឹមត្រូវ។ នៅពេលជួបប្រទះហេតុការណ៍ ឬត្រូវជនសង្ស័យលួងលោមឱ្យខ្ចីប្រាក់ ខុសប្រក្រតី ត្រូវរាយការណ៍ទៅសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវនិងបង្ក្រាបទាន់ពេលវេលា៕

RELATED ARTICLES