Saturday, September 20, 2025
Homeសង្គម និងជីវិតតា៧៧ឆ្នាំ ជិះកង់លក់កន្ទេល

តា៧៧ឆ្នាំ ជិះកង់លក់កន្ទេល

ខេត្តកំពត ៖ បុរសចំណាស់ម្នាក់ ព្រោះតែជីវភាពខ្វះខាត ក៏បានចាប់យករបរជិះកង់ដើរលក់កន្ទេលអស់រយៈ ពេលជិត២០ឆ្នាំមកហើយ ទោះបច្ចុប្បន្នលក់មិនសូវដាច់ ព្រោះតែប្រជាពលរដ្ឋនិយមដេកពូក ក៏នៅតែប្រឹងធាក់កង់ទាំងឈឺទាំងជា ដើរលក់កន្ទេល ជួនបែកកង់ បណ្តើរហូរញើសដាបខ្លួន។

បុរសចំណាស់ មានឈ្មោះប្រាក់ ឌន អាយុ៧៧ឆ្នាំ មុខរបរធាក់កង់ដើរលក់កន្ទេល មានលំនៅភូមិកោះត្រាច ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

បុរសចំណាស់ខាងលើ បានរៀបរាប់ប្រាប់ថា គាត់ប្រកបរបរលក់កន្ទេលខ្មែរនេះ អស់រយៈពេលជាង១៩ឆ្នាំ ហើយ ដោយដើរលក់តាមខេត្ត ស្រុកនានា ពេលយប់ដេកនៅតាមវត្ត ឬតាមសាលាឆទាន។ កាលពីមុន គាត់លក់កន្ទេល ដាច់គ្រាន់បើកដែរ និងចេះតែមានលទ្ធភាពចិញ្ចឹមជីវិតរហូតមក ប៉ុន្តែរយៈកាលចុងក្រោយនេះ សម័យកាលកាន់តែទំនើប របស់របរប្រើប្រាស់កាន់តែល្អ ទាន់សម័យ ធ្វើឱ្យរបរលក់កន្ទេលរបស់គាត់ ហាក់មិនសូវកាក់កបប៉ុន្មានឡើយ ជួន១អាទិត្យ លក់កន្ទេលមិនដាច់សូម្បីតែ១ ក៏មាន។

បុរសចំណាស់ខាងលើ បានបន្ថែមថា គាត់មានវ័យចាស់ទៅហើយ សុខភាពមិនទៀងនោះដែរ តែនៅប្រឹងធាក់កង់ដឹកកន្ទេល ចេញពីផ្ទះ តាំងពីព្រឹកព្រលឹម ជួនថ្ងៃខ្លះលក់មិនដាច់ ហើយ ថែមទាំងបែកកង់ទៀត រកកន្លែងប៉ះមិនឃើញ ត្រូវបណ្តើរតាមផ្លូវ រាប់គីឡូ ទើបអាចរកឃើញ កន្លែងប៉ះកង់បាន។

បុរសចំណាស់ បានបញ្ជាក់ថា រាល់ថ្ងៃ គាត់ជិះកង់ដើរលក់កន្ទេល តាមទីជនបទ ដោយប្រឹងពពាយនាយស្រែកហៅគេឱ្យជួយទិញជាហូរហែដែរ តែអ្នកភូមិឆ្លើយតបវិញថា ពួកគាត់លែងទិញកន្ទេលដេកហើយ ព្រោះកូនចៅគេនាំគ្នាដេកពូកអស់ទៅហើយ៕

RELATED ARTICLES