ភ្នំពេញ ៖ រោងបោះពុម្ពក្រដាសសែន មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមូលហេតុផ្តើមចេញពីការបោះចោលកន្ទុយបារី អត់មារយាទ ខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យកើតមានអគ្គិភ័យ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ទាក់ទងហៅរថយន្តពន្លត់ អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់ចំនួន ៧ឡាន។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវលំ ភូមិក្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើ ប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៧គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង ១៦ម៉ែត្រគូប និងមានរថយន្តជំនួយមកពីសាលាខណ្ឌកំបូល ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់អង្គការសង្ឃឹមថ្មី ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រូគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះប្រភេទសំណង់ ជាប្រភេទថ្មស័ង្កសី ទំហំ ៥ម៉ែត្រ គុណនឹង ១២ម៉ែត្រ ឆេះខូចខាតសម្ភារៈ ក្រដាសសែន អស់ទាំងស្រុង តែពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

ករណីអគ្គិភ័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅម៉ោង៦និង៥០នាទីព្រលប់ ថ្ងៃដដែល។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការបោះកន្ទុយបារីចោលផ្តេសផ្តាស បង្កជាអគ្គិភ័យ។ យ៉ាងណា ក្នុងករណីនេះ មិនបណ្តាលឱ្យមនុស្ស ណាម្នាក់រងរបួសឡើយ៕

