Thursday, September 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឈប់ដូរកង់ឡាន ឡានក្រុងបុកស្លាប់២ របួស២

ឈប់ដូរកង់ឡាន ឡានក្រុងបុកស្លាប់២ របួស២

ខេត្តកំពង់ឆ្នាំង ៖ រថយន្តធុនធំ ១គ្រឿង បានបែកកង់នៅលើទ្រូងផ្លូវវ៉ាជែង រួចឈប់ប្តូរកង់ ស្រាប់តែរំពេចនោះ មានរថយន្តក្រុងដឹកអ្នកដំណើរ ១គ្រឿង បើកមកពីក្រោយ ក្នុងល្បឿនលឿន ជ្រុលមកបុកពេញទំហឹង បណ្តាលឱ្យមនុស្ស ៤នាក់ ដែលកំពុងប្តូរកង់រថយន្ត ស្លាប់នៅនឹងកន្លែង ២នាក់ និង២នាក់ទៀត រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៦៦-៦៧ ស្ថិតក្នុងភូមិទឹកល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាច។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2365 បើកបរដោយឈ្មោះសេង ម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅ ភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត បើកបរក្នុងទិសដៅពីត្បូង ទៅជើង លើគន្លងផ្លូវវ៉ាជែង លុះមកដល់កន្លែងកើតហេតុ រថយន្តបានបែកកង់ ហើយបានឈប់នៅលើគន្លងផ្លូវវ៉ាជែងដើម្បីប្តូរកង់។ លុះបន្តិច ក្រោយ  មកស្រាប់តែមានរថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿងទៀត ម៉ាក Kia Granbird ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 3A-2155 បើកបរដោយឈ្មោះភឿ រី ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិព្រែកសំរោង ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល  បើកបរក្នុងទិសដៅពីត្បូង ទៅជើង ស្របទិសគ្នា ក្នុងល្បឿនលឿន លើគន្លងផ្លូវវ៉ាជែង រួចជ្រុលទៅបុករថយន្តដែលបែកកង់នោះ ចំពីក្រោយ ពេញទំហឹង បណ្តាលឱ្យជ្រុលទៅមុខ បុកមនុស្ស៤នាក់ ដែលកំពុងឈរនៅមុខរថយន្ត ដែលកំពុងប្តូរកង់ បណ្តាលឱ្យស្លាប់មនុស្ស ២នាក់ នៅកន្លែងកើតហេតុ និង២នាក់ទៀត រងរបួសធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅពិនិត្យ ធ្វើការវាស់វែង បញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងយករថយន្តទាំង ២គ្រឿង ទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី។

ដោយឡែក សពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES