Tuesday, September 30, 2025
Homeសង្គម និងជីវិតម៉ែរវល់លក់លៀសហាល កូនលង់ទឹកស្លាប់

ម៉ែរវល់លក់លៀសហាល កូនលង់ទឹកស្លាប់

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ ជាអ្នកលក់លៀសហាល ដោយសារតែទាល់ដៃជើង ទើបនាំកូនតូចចំនួន៣នាក់ មកលក់លៀសហាល ជាមួយខ្លួន លុះខណៈកំពុងជាប់ដៃលក់លៀសហាល ស្រាប់តែកូនប្រុសតូចម្នាក់ អាយុ៣ឆ្នាំ បានចុះលេងទឹកស្ទឹងតាខ្មៅ ជាមួយក្មេងៗ រួចក៏លង់ ស្លាប់ ធ្វើឱ្យស្ត្រីជាម្តាយយំបោកខ្លួនយ៉ាងខ្លាំង។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចមាត់ស្ទឹងតាខ្មៅ (ត្រើយខាងជើង) ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះ លី តុង ភេទប្រុស អាយុ៣ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ មានឪពុកឈ្មោះ សុខ គឹមលី  អាយុ៤១ឆ្នាំ មុខរបរសន្តិសុខ ម្តាយឈ្មោះនី លី អាយុ៣៣ឆ្នាំ មុខរបរលក់លៀសហាល និងមានលំនៅ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមសម្តីស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងតែងមកលក់លៀសហាល នៅមាត់ស្ទឹង ក្បែរទីតាំងកើតហេតុ ជាប្រចាំ  ហើយដោយសារទាល់ដៃទាល់ជើង គ្មានអ្នកមើលកូន ទើបនាងបានយកកូនទាំង៣នាក់ មកជាមួយ ដោយក្នុងនោះ កូនប្រុសរងគ្រោះ ដែលលង់ទឹកស្លាប់ ទើបនឹងមានអាយុ៣ឆ្នាំប៉ុណ្ណោះ។

ស្ត្រីជាម្តាយ បន្តថា មុនកើតហេតុ កូនប្រុសរបស់គាត់ (ក្មេងប្រុសរងគ្រោះ) បានដើរលេងនៅមាត់ស្ទឹង ជាមួយក្មេងៗដទៃទៀត ចំណែកនាង រវល់ជាប់ដៃលក់លៀសហាល មិនបានចាប់អារម្មណ៍នោះទេ។ លុះនៅវេលាម៉ោងកើតហេតុ នាងបានដើររកកូន មិនឃើញ ក៏បានសួរក្មេងៗដែលនៅជិតៗនោះថា “មានឃើញកូនមីង ឈ្មោះ អាលីតុង ទេ?” ពេលនោះក្មេងៗបានឆ្លើយប្រាប់ថា ឃើញវាចុះទៅច្រាំង មាត់ស្ទឹង ហើយស្រាប់តែមានក្មេងម្នាក់ទៀត បានប្រាប់ថា “ឃើញអាលីតុង ចុះលេងទឹក ”។ ឮបែបនេះ នាងសង្ស័យកូនលង់ទឹក ក៏បានរាយ ការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ឱ្យជួយរកកូនប្រុស រួចក៏មានកម្លាំងសមត្ថកិច្ច ចុះមកជួយរាវរកកូនប្រុសគាត់ នៅក្នុងស្ទឹង ប្រហែលកន្លះម៉ោង ទើបប្រទះឃើញ ស្រង់ឡើងមកលើគោក ជួយសង្គ្រោះបឋម ហើយដោយនាងមិនអស់ចិត្ត ក៏ដឹកកូនប្រុស ទៅមន្ទីរពេទ្យជ័យជម្នះ ដោយលោកគ្រូពេទ្យ បានជួយសង្គ្រោះអស់ពីលទ្ធភាព រួចប្រាប់ថា កូនប្រុសគាត់បានស្លាប់បាត់ទៅហើយ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ក្រោយទទួលបានសេចក្តីរាយ ការណ៍ចូលក្នុងគ្រុបតេឡេក្រាម “អធិការដ្ខាននគរបាលក្រុងតាខ្មៅ” ថាមានកុមារលង់ទឹកភ្លាម លោកបានបញ្ជាឱ្យអធិការរង ទទួលការងារយុត្តិធម៌ និងកម្លាំងផ្នែកពិនិត្យវិភាគ កន្លែងកើតហេតុ សហការជាមួយប៉ុស្តិ៍នគរ បាលដើមមៀន ចុះទៅពិនិត្យដល់កន្លែងកើតហេតុ ។

ក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យនិងធ្វើកោសល្យវិច័យសពរួច បញ្ជាក់ថា សពមានសភាពទន់ ពោះមានទឹក ខ្លួនមានជាប់ដី ក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។ តាមការសន្និដ្ឋាន យោងលោកគ្រូពេទ្យនិងសមត្ថកិច្ចជំនាញ ក្មេងប្រុសរងគ្រោះ បានស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សពក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES